ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៦ឆ្នាំ សិង្ហបុរី ជួបប្រកួតជាមួយក្រុមយុវជនម៉ាឡេស៊ី នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទល្ងាចនេះ នៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន AFF U-16 Youth Championship 2016 ចំណែកក្រុមយុវជនមីយ៉ាន់ម៉ា ជួបប្រកួជាមួយក្រុមខ្លាំងវៀតណាម មុនក្រុមយុវជនអូស្ត្រាលី ជួបដៃគូចាស់ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិដូចគ្នា។
សិង្ហបុរី ក្រោយពីឆ្លងកាត់ពីរប្រកួតចាញ់មួយប្រកួតឈ្នះ១ប្រកួតរំពឹងថា នឹងទទួលបាន៣ពិន្ទុបន្ថែមសម្រាប់បន្តឈរនៅក្នុងពូល B នាជំនួបលើកទី៣ជាមួយក្រុមម៉ាឡេស៊ីនាល្ងាចនេះនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ខណៈម៉ាឡេស៊ី ត្រូវការឈ្នះដើម្បីបន្តឱកាសប្រជែងយកជើងឯកនៃពានរង្វាន់សហព័ន្ធអាស៊ានប្រចាំឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមនេះឆ្លងកាត់ពីរប្រកួតចាញ់១ប្រកួតនិងស្មើ១ប្រកួត។
ក្រុមទាំងពីរនេះធ្លាប់មានប្រវតិ្តជួបគ្នា២ដងរួចមកហើយនៃព្រឹត្តិការណ៍ AFF U-16 Youth Championship នេះ ដោយឆ្នាំ២០០៨ នៅប្រទេសឥណ្ឌូនេស៊ីក្រុមយុវជន ម៉ាឡេស៊ី បានយកឈ្នះសិង្ហបុរិ ២-០ ហើយនៅឆ្នាំ២០១៣ នៅលើទឹកដីមីយ៉ាន់ម៉ា ក្រុមទាំងពីរសម្រេចក្នុងលទ្ធផលស្មើ១-១។
ជាមួយគ្នានេះក្រុមយុវជនមីយ៉ាន់ម៉ាក្រោយពីយកឈ្នះក្រុមយុវជនសិង្ហបុរី ៤-១ នាការប្រកួតលើកទី២ ត្រូវជួបប្រកួតជាមួយក្រុមខ្លាំងវៀតណាមដែលកំពុងឈរលេខ១ក្នុងពូល និងជាក្រុមមិនដែលស្គាល់ចាញ់សម្រាប់២ប្រកួតរបស់ខ្លួន នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៣ល្ងាចនេះ។
តាមប្រវត្តិនៃការជួបគ្នាក្រុមទាំងពីរធ្លាប់ជួបគ្នាពីរដងរួចមកហើយនៃព្រឺត្តិការណ៍នេះ ដោយឈ្នះម្នាក់មួយប្រកួត។ ឆ្នាំ២០១១ នៅប្រទេសឡាវ ក្រុមយុវជនមីយ៉ានម៉ាបានយកឈ្នះក្រុមយុវជនវៀតណាម ៣-១ ហើយនៅឆ្នាំ២០១៣ ក្រុមយុវជនវៀតណាមបានលត់ក្រុមម្ចាស់មីយ៉ាន់ម៉ាយ៉ាងចាស់ដៃ ៤-០។
ចំណែកនាវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិក្រុមយុវជនអូស្ត្រាលីត្រូវជួបប្រកួតជាមួយដៃគូចាស់ ហ្វីលីពីន ដែលខ្លួនធ្លាប់បំបាក់ក្នុងលទ្ធផល ៨-២ កាលពីឆ្នាំ២០១៥ នៅលើទឹកដីនៃពហុកីឡដ្ឋានជាតិនេះផ្ទាល់តែម្តង។ តើក្រុមយុវជនហ្វីលីពីនអាចជម្រះបញ្ជីចាស់ជាមួយអូស្ត្រាលីបានឬយ៉ាងណា?
*កម្មវិធីប្រកួតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នេះ៖
- ម៉ោង១៥:៣០នាទី៖ សិង្ហបុរី ជួប ម៉ាឡេស៊ី នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
- ម៉ោង១៥:៣០នាទី៖ មីយ៉ាន់ម៉ា ជួប វៀតណាម នៅពហុកីឡដ្ឋានជាតិ
- ម៉ោង១៨:៣០នាទី៖ អូស្ត្រាលី ជួប ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ