កីឡាជាតិ
ជាតិ
AFF U16៖ គ្រូបង្វឹកព្រុយណេ ថា កីឡាករកម្ពុជាលេងទម្រង់ល្អជាងទីម័រខាងកើត
× គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំព្រុយណេ បានសរសើរថា កីឡាករ U16 របស់កម្ពុជា មានទម្រង់លេងល្អ ជាងក្រុមទីម័រខាងកើត ហើយអាចទទួលលទ្ធផលល្អនៅពេលប្រកួតជាមួយទីម័រខាងមុខ។ លោក Muhammad Ali Bin Haji Mustapha បានកត់សម្គាល់បែបនេះ បន្ទាប់ក្រុមព្រុយណេរបស់លោកបានចាញ់ម្ចាស់ផ្ទះកម្ពុជា ២-០ នាការប្រកួតក្នុងពូល B នៃព្រឹត្តិការណ៍ AFF U16 Championship កាលពីល្ងាចពុធ ទី១៣ ខែកក្កដា។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា បានទទួលជ័យជម្នះ ២-០ លើព្រុយណេ នាការប្រកួតលើកទីពីរនៅក្នុងពូល B ដោយកីឡាករ ស៊ាន សុភត្រា សម្រេចផលបានទាំងពីរគ្រាប់ តាមរយៈការតែតបញ្ចូលទីនៅនាទី៣៧ និងការទាត់យ៉ាងអស្ចារ្យនៅនាទី ៧៤ ។ គ្រាប់បញ្ចូលទីទាំងពីរគ្រាប់ ក៏បានកើតឡើងក្រោយការបញ្ជូនរបស់ សៀង ចន្ធា។
កម្ពុជាបានឡើងទៅឈរលេខ១ពូល B ជាបណ្តោះអាសន្ន ដោយសារទីម័រខាងកើតដែលបានយកឈ្នះព្រុយណេ ៣-០ នៅថ្ងៃបើកឆាក បានបរាជ័យដោយសារម្ចាស់ការពារជើងឯកថៃ ៣-០ នៅមុនជំនួបរវាងកម្ពុជា និងព្រុយណេ។
លោក Muhammad Ali Bin Haji Mustapha គ្រូបង្វឹកព្រុយណេ បានមើលឃើញថា កីឡាករ U-១៦ របស់កម្ពុជា មានទម្រង់លេងបានល្អ ក្នុងការវាយបកមកលើគូរប្រកួត បើទោះជាក្រុមលោកព្យាយាមទប់យ៉ាងណាក៏ដោយ។ គ្រូបង្វឹកព្រុយណេរូបនេះ បានប្រៀបធៀបការលេងរបស់កម្ពុជាជាមួយទីម័រ ថា កម្ពុជាមានទម្រង់លេងល្អជាងទីម័រ ហើយលោក ជឿជាក់ថា កម្ពុជានឹងអាចធ្វើបានល្អនៅក្នុងការប្រកួតជាមួយទីម័រខាងមុខនេះ ។
ទោះជាគ្រូបង្វឹកព្រុយណេ សរសើរនិងផ្ដល់ទំនុកចិត្តច្រើនដល់ក្រុមជម្រើសជាតិ U-១៦ កម្ពុជាក្តី តែគ្រូបង្វឹកកម្ពុជាលោក INOUE KAZUNORI ក៏មិនហ៊ានសន្និដ្ឋានថា កម្ពុជា និងអាចឈ្នះទីម័រខាងកើត បានដែរ ដោយលោកគ្រាន់តែសន្យាថា លោកនឹងដឹកនាំក្រុមជម្រើសជាតិ U-១៦ កម្ពុជា ក្នុងទម្រង់ល្អទាំងពីរប្រកួតនេះ សម្រាប់ការប្រកួតជាមួយ ថៃ និងទីម័រខាងកើត នៅពេលខាងមុខ ដើម្បីសម្រេចនូវលទ្ធផលល្អមួយសម្រាប់កម្ពុជា។
កម្ពុជាត្រូវប៉ះថៃនៅថ្ងៃទី១៧ ខែកក្កដា មុនពេលបញ្ចប់ការប្រកួតនៅក្នុងពូល B ជាមួយទីម័រខាងកើត នាថ្ងៃទី១៩ ខែកក្កដា៕
© រក្សាសិទ្ធិដោយ thmeythmey.com