ជាតិ
​សិស្ស​១៦៨​នាក់​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិ​ស្សា​ថ្នាក់ក្រោម​ម​តេ្ត​យ្យ​សិក្សា​ពី AiS
14, Jul 2016 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​កក្ត​ដា ឆ្នាំ​២០១៦ កន្លងទៅនេះ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​បាន​ប្រារព្ធ ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា​ថ្នាក់ក្រោម​ម​តេ្ត​យ្យ​សិក្សា​សម្រាប់​កុមារ​លើក​ទី​០១ ក្រោម​អធិបតីភាព​របស់លោក កែវ ឡង់ឌី អគ្គនាយក​អប់រំ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ សូវ ហុង​គុយ អគារ​លីម គីម​ណ​យ សាខា​ម៉ៅ​សេទុង នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​។​



​នៅក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​នោះ  លោក កែវ ឡង់ឌី បាន​ថ្លែងឱ្យដឹងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​ប្រារព្ធ​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ដើម្បី​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ដល់ សិស្សានុសិស្ស​ថ្នាក់ក្រោម​ម​ត្តេ​យ្យ​សិក្សា ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​។​

​ឆ្លៀត​នៅក្នុង​ឪ​កាស​នោះដែរ លោក កែវ ឡង់ឌី បានបង្ហាញ​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ជា​អនេកប្បការ​ជាមួយនឹង​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ដែល​សិស្សានុសិស្ស​ទាំងអស់​សម្រេច​បាន​។ លោក​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា អ្នក ទាំងអស់គ្នា​ដែល​នឹងត្រូវ​ទទួល​វិញ្ញាបនបត្រ​នៅថ្ងៃនេះ គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​បំផុត​សម្រាប់​គ្រួសារ និង​ជា​អនាគត​របស់ សង្គមជាតិ​ទាំងមូល​។ ជាពិសេស​ជាងនេះទៅទៀត លោក​បានធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង ការចូលរួម ទាំង​កម្លាំងកាយ​ចិត្ត និង​ការយកចិត្តទុកដាក់​ពី​សំណាក់​អ្នកអាណាព្យាបាល​ទៅកាន់​បុត្រាបុត្រី​របស់​ពួកគេ​។​



​លោក​បាន​បន្តទៀតថា ទាំង​អ្នកអាណាព្យាបាល និង​គណៈ​គ្រប់គ្រង​វិទ្យា​សា្ថ​ន​គឺមាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ភាពជោគជ័យ​ដែល​កូនៗ និង​ប្អូនៗ​ទទួលបាន​នៅថ្ងៃនេះ​។ លោក​អគ្គនាយក មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ប្អូនៗ ក៏មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ដែរ​។ ស្របពេល​គ្នា​នោះដែរ លោក​បានលើកឡើង​ទៀតថា ប្អូនៗ​នៅក្នុង​វ័យ​នេះ ភាគច្រើន​នៃ​ការរៀន គឺ​ធ្វើ​តាមរយៈ​សកម្មភាព​នៃ​ការលេង ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការពង្រីក​នៃ​ការគិត​របស់ កុមារ​ឱ្យមាន​ភាពទូលំទូលាយ និង​ជួយ​បង្កើន​មិត្តភាព​រវាង​មិត្ត​រួម​ថ្នាក់​។

​ទទ្ទឹម​នឹង​ភាពជោគជ័យ​នេះ លោក កែវ ឡង់ឌី បានធ្វើការ​ក្រើនរម្លឹក និង​ផ្តាំផ្ញើ​ទៅកាន់​សិស្សានុសិស្ស​ដែលជា ជ័យលាភី​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ធ្វើជា​កូន​ល្អ សិស្ស​ល្អ​សម្រាប់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។ ហើយ​លោក​បាន​និយាយ​ទៅកាន់​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ចងចាំ​នូវ​សកម្មភាព​រីករាយ​ជាច្រើន​នៃ​ការរៀនសូត្រ​ទាំង នៅក្នុង និង​ក្រៅ​ថ្នាក់រៀន​។​

​នៅ​ចុងបញ្ចប់ លោក កែវ ឡង់ឌី បានធ្វើការ​ថ្លែងអំណរគុណ​សារជាថ្មី​ចំពោះ​លោកគ្រូ អ្នកគ្រូ ជាពិសេស អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​មក​ចូលរួម និង​លើកទឹកចិត្ត​ដល់​កូនៗ​របស់ ពួកគេ​។ ហើយ​លោក​បានធ្វើការ​អរគុណ​ទៅដល់​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​មកកាន់ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង នៅក្នុង​ការបណ្តុះបណ្តាល​បុត្រាបុត្រី​របស់​ពួកគាត់​៕

(អត្ថបទសាលា)


© រក្សាសិទ្ធិដោយ thmeythmey.com