អន្តរជាតិ
ប្រទេស​ដទៃ មិនគួរ​លូកលាន់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះទេ បើ​មិន​ចង់​មាន​សង្គ្រាម​កើតឡើង
14, Jul 2016 , 9:39 pm        
រូបភាព
ដោយ:
​សាលក្រម​តុលាការអន្តរជាតិ​ក្រុងឡាអេ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ប្រធានបទ​ក្តៅ​ដែល​ត្រូវបាន​ជជែក​។ នោះ​ក៏​ព្រោះតែ​បញ្ហា​នេះ បន្ត​វិ​វត្ត​ទៅរក​ស្ថានភាព​មួយ​ស្មុគស្មាញ និង​មិនមែន​ភាព​ប្រកដប្រជា​។ ហ្វីលីពីន ឈ្នះក្តី តែ​មិនមាន​គោលជំហ​មួយ​ជាក់លាក់ បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម ខណៈ ចិន រង​សម្ពាធ​នៃ​ការ​សំឡឹង​មិន​ដាក់​ភ្នែក​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ក្នុងការ​អនុវត្ត​នីតិរ​ដ្ឋ ដ្បិត​ចិន បាន​បដិសេធ​មិន​ទទួល និង​ប្តេជ្ញា​ការពារ​ដែន​អធិបតេយ្យ និង​គំរាមកំហែង​ពី​ខាងក្រៅ​។ ចុងក្រោយ​នេះ ចិន ថែមទាំង​ព្រលយ​ថា នឹង​ប្រកាស​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​(ADIZ) ដែលជា​សញ្ញាណ​មួយ​មិនល្អ​ប៉ុន្មាន​នោះទេ​សម្រាប់​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​។​



​បើទោះបីជា ចិន តែងតែ​ប្រកាស​ម្តង​ហើយ​ម្តង​ទៀតថា មិន​ទទួលស្គាល់​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​ឯកតោភាគី​របស់​ហ្វីលីពីន និង​សាលក្រម​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក៏ដោយ ចិន ក៏​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​មើលខ្លួន​ក្នុង​ផ្លូវ​អវិជ្ជមាន​បានឡើយ​។ ចិន បាននិងកំពុង​តែ​បង្ហាញ​អំ​ណេះ​អំ​ណា​ង រួមជាមួយ​នឹង​សារ​ព្រមាន ជា​បន្តបន្ទាប់​ដើម្បី​ផ្តល់​ភាពស្របច្បាប់​ដល់​សកម្ម​ភាព​ឯកតោភាគី​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​តុលាការ​បាន​បកស្រាយ​ថា គ្មាន​មូលដ្ឋាន​ច្បាប់ និង​បំពាន​កាតព្វកិច្ច​អន្តរជាតិ​ទៀតផង​។​

១.​ហេតុអ្វី​បានជា​ចិន​មិនអាច​នៅ​ស្ងៀម​បាន​?
​បើ​និយាយ​ជារួម និង​ឲ្យ​ខ្លី​នោះ សាលក្រម​ស្ថាពរ​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ ដែល​ប្រកាស​កាលពី​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ បាន​បំផ្លាញ​មុខមាត់​របស់​ចិន​ក្នុង​ឆាក​អន្តរជាតិ​មិនតិច​នោះទេ​។ នោះ ក៏​ព្រោះតែ​កន្លងមក ចិន បាន​ប្រើប្រាស់​ភស្តុតាង​ប្រវត្តិសាស្ត្រ​ដែល​គេ​ស្គាល់​ថា​ជា​ផែនទី ចំណុច​ប្រាំបួន​ត្រេ (Nine-dash line) ដើម្បី​អះអាងថា​ខ្លួន​មាន​សិទ្ធិ​ប្រវត្តិសាស្ត្រ​មុនពេល​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចូល​ជា​ធរមាន​ដើម្បី​ទាមទារ​តំបន់​គ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ទើរតែ​ស្មើនឹង​តំបន់​ទាំងស្រុង​នៃ​តំបន់​មាន​វិវាទ​នោះ តែ​ភស្តុតាង​នេះ ត្រូវបាន​តុលាការ​បញ្ជាក់ថា គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ទៅវិញ​។ ការវាយតម្លៃ​បែបនេះ មានន័យ​ស្មើនឹង​សកម្មភាព​របស់​ចិន​ទាំងអស់​ក្នុង​តំបន់​ជម្លោះ​ខុសច្បាប់​អស់​ទៅហើយ​។

​យ៉ាង​ក៏ដោយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែង​បញ្ជាក់​ភា្ល​មៗ​នៃ​ការប្រកាស​នោះ​រួចទៅហើយ ថា ចិន នឹងមិន​ទទួលស្គាល់​រាល់​សេចក្តី​អះអាង ឬ​សកម្មភាព ដោយ​ផ្អែក​តាម​សាលក្រម​ដែល​ប្រកាស​ដោយ​សាលាក្តី​ម​ជ្ឈ​ត្ត​កម្ម​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​បង្កើតឡើង​ដោយ​ឯកតោភាគី​ដោយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​គឺ លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ ប្រមុខរដ្ឋ​ចិន ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា អធិបតេយ្យ​របស់​ចិន និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​មិនអាច​ប៉ះពាល់​បាន​ដោយ​គ្រាន់តែ​សាលក្រម​នោះបាន​ឡើយ បើទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ។ បន្ថែម​ពីនេះ ក្រុង​ប៉េកាំង ក៏បាន​ប្តេជ្ញាចិត្ត​រួចទៅហើយ​ក្នុងការ​ការពារ​អ​អិ​ប​តេ​យ្យ និង​ផលប្រយោជន៍​ខ្លួន និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង និង​ការ​ប្រជែង​ពី​ភាគី​ខាងក្រៅ​។

២. សាលក្រម​តុលាការអន្តរជាតិ គឺគ្រាន់តែ​ជា​ក្រ​ដាស​សំរាម​មួយ​ប៉ុណ្ណោះ​សម្រាប់​ចិន
​អ្វី​គួរកត់សម្គាល់​នោះ ក្រៅពី​ការដាក់សំណើ​ដែលជា​គោលជំហរ​ផ្លូវការ​ជំទាស់​ទៅនឹង​យុត្តាធិការ​តុលាការអន្តរជាតិ​តាំងពី​ឆ្នាំ​២០១៤​នោះ ពោលគឺ​នៅពេល​នៃ​ការចាប់ផ្តើម​នៃ​ម​ជ្ឈ​ត្ត​កម្ម ក្រុង​ប៉េកាំង នៅក្រោយ​នៃ​ការប្រកាស​សាលក្រម​មួយថ្ងៃ​ក៏បាន​ចេញផ្សាយ​«​សៀវភៅ​ស​»​ដែលមាន​កម្រាស់​ជាង​៤០​ទំព័រ​ដើម្បី​បញ្ជាក់​ជំហ​ខ្លួន​ជាថ្មី​ម្តងទៀត​។ សៀវភៅ​ស​នោះ មាន​ឈ្មោះថា «​ចិន ប្រកាន់​ជំហ​មិន​ប្រែប្រួល​លើ​ការដោះស្រាយ​តាមរយៈ​ការចរចា លើ​ជម្លោះ​ពាក់ព័ន្ធ​រវាង​ចិន និង​ហ្វីលីពីន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​» និង​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Liu Zhenmin ។

​នៅក្នុង​ការធ្វើ​បទ​បង្ហាញ​នោះ លោក​អនុរដ្ឋមន្ត្រី បាន​ពណ៌នា​សាលក្រមរ​បស់​តុលាការ គឺ​ប្រៀបប្រដូច​ទៅនឹង​«​ក្រដាស​សម្រាម​មួយ​ដូច្នោះ​ឯង​»​។ នេះ​បើ​យោងតាម​ការផ្សាយ​ទូរទស្សន៍​ចិន CCTV ដែល​បាន​ដកស្រង់​ការព្រមាន​របស់លោក​អនុរដ្ឋមន្ត្រី​ដែរ​ថា «​ប្រទេស​ដទៃ​កុំ​ឆ្លៀតឱកាស​នេះ​មក​គំរាម​ចិន​ឲ្យ​សោះ​»​។ មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​បង្ហាញ​ក្តីសង្ឃឹម រួម​ជាមួយនឹង​ការព្រមាន​ចុងក្រោយ​ដែរ​ថា ប្រទេស​ដទៃ អាចធ្វើ​ការរួម​គ្នា​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាងត្បូង និង​កុំ​បណ្តោយ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​ដើមទង​នៃ​សង្គ្រាម​ផងដែរ​។

៣. សន្តិសុខ និង​សេរីភាព​នៃ​ការហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាន់​អាក្រក់ បើ​ចិន ទល់​ច្រក​?
​អ្វីដែល​គួរ​ព្រួយបារម្ភ​ជាងគេ​នោះ ក្នុង​បទ​បង្ហាញ​ដដែល លោក​អនុរដ្ឋមន្ត្រី បានបង្ហាញ​ពី​ចេតនា​មួយ​ថ្មី​ក្នុង​ការប្រកាស​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​(ADIZ)​ផងដែរ​។ លោក​អនុរដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ចិន រក្សា​សិទ្ធិ​ក្នុងការ​ប្រកាស​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស (Air Defense Identification Zone = ADIZ ) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​គំរាម​ណាមួយ​។ ក្នុងន័យនេះ ក៏​អាច​មានន័យថា ប្រទេស​ផ្សេងៗ មិនគួរ​ធ្វើ​អ្វី​ឲ្យ​ចិន​ក្តៅ​ចិត្តខ្លាំង ឬ​ទល់​ច្រក​ឲ្យ​សោះ​បើ​ចង់​រក្សា​សុវត្ថិភាព​ហោះហើរ​នៅ​ទីនោះ​។ ស្ថានភាព​នឹង​កាន់តែ​ស្មុគស្មាញ​ខ្លាំង ដ្បិត​សន្តិសុខ​នៃ​ការហោះហើរ ត្រូវ​ឆ្លងកាត់​គ្រប់គ្រង​ដោយ​ចិន​ជានិច្ច​។ ជាពិសេស​នោះ អាមេរិក​រយៈពេល​ចុងក្រោយ​នេះ ក៏​ឧស្សាហ៍​ហោះហើរ​ដើម្បី​ស៊ើបអង្កេត ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ​។ ចិន ក៏​ធ្លាប់​ប្រកាស​តំបន់​បែបនេះ​នៅក្នុង​សមុទ្រ​ខាងកើត​កាលពី​ឆ្នាំ​២០១៣​រួចទៅហើយ នៅពេល​ដែលមាន​ភាព​តានតឹង​ជាមួយនឹង​ជប៉ុន​។

​អ្វី​ជា ADIZ ? បើ​យោងតាម​ការពន្យល់​រប​ស់លោក ហេង សារិទ្ធ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ ADIZ គឺជា​តំបន់​ដែល​កំណត់​ខណ្ឌសីមា​ជា​តំបន់​ការពារ​ដែនអាកាស​ពិសេស​មួយ​ដែល​ទៅ​ហួស​ពី​ព្រំដែន​ប្រទេស​ជា​ផ្លូវការ​ទៅតាម​ការកំណត់​ឯកតោភាគី​របស់​ប្រទេស​នោះ តាមរយៈ​ការប្រកាស​ជា​សាធារណៈ​។ តាមរយៈ​ការប្រកាស​នេះ យន្តហោះ​ដែល​មិនទាន់​បានកំណត់​អត្តសញ្ញាណ ត្រូវ​ស្ថិតក្រោម​ការស៊ើបអង្កេត និង​ប្រសិនបើ​ចាំបាច់​ត្រូវ​ស្កាត់​ក្នុងការ​គោលបំណង​កំណត់់​អត្តសញ្ញាណ និង​ចង់ដឹង​ពី​គោលដៅ​របស់​យន្តហោះ​នោះ មុនពេល​ហោះចូល​ក្នុង​ដែនអាកាស​អធិបតេយ្យ​របស់​រដ្ឋកំ​ណ​ត់ ADIZ​។

​យ៉ាងណាក៏ដោយ បើ​ចិន ហ៊ាន​ធ្វើបែបនេះ​ជា​ផ្លូវការ​មែន​នោះ ចិន នឹង​បំពាន​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​អាស៊ាន​ហើយ​។ កិច្ចព្រមព្រៀង​នោះ​គឺ សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ឬ​ហៅ​កាត់​ថា DoC ដែលជា​លិខិត​តូប​ករ​ណ៍​តែមួយគត់​រវាង​ចិន និង​អាស៊ាន​ដែល​បង្ហាញ​ពី​យន្តការ​ជាច្រើន​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ យោងតាម​ប្រការ​ទី​៣ នៃ DoC ភាគី​ដែលមាន​ចិន និង​អាស៊ាន​១០​ប្រទេស បាន​អះអាង​គោរព​នូវ​សិទ្ធិ​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ដូចដែល​បានកំណត់​ដោយ​ច្បាប់​អន្តរជាតិ​៕


Tag:
 ​ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com