កីឡាជាតិ
ជាតិ
កម្ពុជា​មិន​ទទួលបាន​មេដាយ​សោះ​ក្នុង​ព្រឹត្តិការណ៍​វាយ​កូនឃ្លី​លើ​តុ​ជើងឯក​យុវជន​អាស៊ាន​
15, Jul 2016 , 8:39 am        
រូបភាព
ដោយ:
 ​ក្រុម​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​មិន​ទទួលបាន​មេដាយ​សោះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៦ (22nd South East Asian Table Tennis Championships 2016) ក្នុងចំណោម​ប្រទេស​ចំនួន​៧​ចូលរួម​។ កម្ពុជា​បាន​ត្រឹម​ឈរ​មើល និង​អបអរ​ដល់​បណ្តា​ប្រទេស​ដែល​ទទួលបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​នេះ​ប៉ុណ្ណោះ​។​

 
​ក្រុម​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​ទាំង​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រោម​១៥​ឆ្នាំ​ចំនួន​១៣​នាក់ មិន​ទទួលបាន​មេដាយ​សូម្បីតែ​មួយគ្រឿង​ពី​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​២២ ពោលគឺ​ក្រុម​កម្ពុជា​ទាំងនេះ​ធ្លាក់​តាំងពី​វគ្គ​ជម្រុះ​មកម្ល៉េះ​។ ការប្រកួត​នេះ​ធ្វើឡើង​នៅក្នុង​សាល​ដំបូលទូក​ដោយមាន​រយៈ​ពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៩ ខែកក្កដា ហើយ​បានបញ្ចប់​កាលពី​ថ្ងៃទី​១២ ដោយមាន​ប្រទេស​ចំនួន​៧​ចូលរួម និង​មាន​អត្ត​ព​លិ​ក​សរុប​ចំនួន​១២០​នាក់ ក្នុងនោះ​ប្រទេស​ឡាវ​ក៏​មិន​ទទួលបាន​មេដាយ​ដូច​កម្ពុជា​ដែរ​។ 


 
​ផ្ទុយទៅវិញ​កម្ពុជា និង​ឡាវ​បាន​ត្រឹម​ឈរ​មើល​ការ​បង្ហូតទង់ជាតិ និង​ទះ​អបអរ​ដល់​បណ្តា​ប្រទេស​ទាំង​៥​ដែល​ទទួលបាន​មេដាយ​ប៉ុណ្ណោះ​។ ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងនោះ​ក្រុម​វាយ​កូនឃ្លី​របស់​សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដោយ​ទទួលបាន​មេដាយ​សរុប​ចំនួន​២១​គ្រឿង មាស​១០ ប្រាក់​៥ និង​សំរឹទ្ធ​៦ ខណៈ​ថៃ​ជាប់​ចំណាត់​លេខ​២ ដោយ​ទទួលបាន​មេដាយ​សរុប​ចំនួន​១២​គ្រឿងក្នុង​នោះ​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៩​។ 


 
​ក្រុម​វាយ​កូនឃ្លី​លើ​តុ​ម៉ាឡេស៊ី​ទទួលបាន​ចំណាត់​លេខ​៣ ដោយ​ទទួលបាន​មេដាយ​សរុប​ចំនួន​៨ ក្នុងនោះ​មាស​១ ប្រាក់​៣ និង​សំរឹទ្ធ​៤​។ ចំណែក​វៀតណាម​ឈរ​ចំណាត់ថ្នាក់​លេខ​៤ ដោយ​ទទួលបាន​មេដាយ​សរុប​ចំនួន​៧ ប្រាក់​៤ និង​សំរឹទ្ធ​៣ ខណៈ​លេខ​៥​បាន​ទៅលើ ហ្វីលីពីន ដោយ​ទទួលបាន​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង​៕ 


 
 

Tag:
 វាយ​កូនឃ្លី​លើ​តុ​
  ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com