ជាតិ
សាលា​រាជធានី នឹង​សម្រួល​ដល់​ការ​ហែរ​សព​លោក កែម ឡី ទៅ​តាកែវ​
15, Jul 2016 , 11:56 am        
រូបភាព
 
 
​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​សម្រួល​ដល់​ការ​ដង្ហែសព លោក កែម ឡី ទៅកាន់​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ បើតាម លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ការសម្រេច​បង្កើត​ក្រុមការងារ​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ប្អូនប្រុស​សព លោក កែម ឡី និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ក្រុង ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​។​

 
​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​សម្រួល​ដល់​ការ​ដង្ហែ​សព លោក កែម ឡី ទៅកាន់​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ តាម​គម្រោង សព​លោក កែម ឡី នឹង​ដង្ហែ​ចេញពី វត្ត​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខ​ព្រះរ​បម​រាជវាំង ទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា​។ 
 
​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រូបលោក​ផ្ទាល់ គឺជា​ប្រធាន​ក្រុមការងារ ដែល​នឹង​ជួបប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​រសៀល​នេះ​។ លោក ឃួ​ង ស្រេង ដែលជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ផង​នោះ បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៖« យើង​នឹង​ប្រជុំ​នៅ​ម៉ោង​៣​រសៀល​នេះ ជាមួយ​កម្លាំង​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ អាជ្ញាធរ​ខណ្ឌ និង​សាច់ញាតិ​របស់​សព ក៏​យើង​អញ្ជើញ​ឲ្យ​មក​ចូលរួម​ប្រជុំ​ដែរ ដើម្បី​ជជែក​ពី​ការងារ​ហែរ​សព​។ ចំនួន​កម្លាំង​នគរបាល និង​បែងចែក​តាម​គោលដៅ​នានា​នៅតាម​ផ្លូវ​ដែល​សព​ត្រូវ​ហែរ​កាត់ យើង​ក៏​កំណត់​នៅ​ល្ងាច​នេះដែរ​»​។ 
 
​បើតាម​លោក​អភិបាលរង​រាជធានី​ភ្នំពេញ មាន​ហេតុផល​ចំនួន​២  ដែល​សាលា​រាជធានី​ភ្នំពេញ យល់ព្រម​បង្កើត​ក្រុមការងារ​នេះ ទី​១. មានការ​ពឹងពាក់​ពី​ក្រុមគ្រួសារ​សព និង​ទី​២.​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​ក្រុង ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​។ 
 
​ទន្ទឹមនឹង​ការ​ថ្លែង​បញ្ជាក់​ពី​ហេតុផល​ទាំង​២​នេះ លោក ឃួ​ង ស្រេង ក៏​ស្នើ​ឲ្យ​អ្នក​ដែល​នឹងចូលរួម​ដង្ហែ​សព​តាមបែប​សាសនា នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ ចៀសវាង​កុំ​ឲ្យ​មានការ​រំខាន​ណាមួយ​កើតឡើង ដើម្បី​ឲ្យ​សព​លោក កែម ឡី បាន​ស្ងប់​។ 
 
​សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ​។ សព​លោក កែម ឡី ត្រូវបាន​យកទៅ​តម្កល់​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕
 

Tag:
 កែម ឡី​
  ឃួ​ង ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com