ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា មិនទាន់​សម្រេច​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ CNRP ២​រូប​ឡើយ​
18, Jul 2016 , 12:15 pm        
រូបភាព
 
​ក្រោយពី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ទាក់ទង​នឹង​ការបកស្រាយ​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​នោះ រដ្ឋសភា មិនទាន់​សម្រេច​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ។ រដ្ឋសភា​សម្រេច​បន្ត​តាមដាន​ករណី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប ដែល​ពាក់ព័ន្ធ​អំពើ​សញ្ចារកម្ម ។​


​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ចំនួន​២​លើក​មកហើយ ដើម្បី​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​អំពើ​សញ្ចារកម្ម ដែល​ពាក់ព័ន្ធ​នឹង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ប៉ុន្តែ​លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា បាន​បដិសេធ​មិន​បង្ហាញខ្លួន​ទាំង​២​លើក ដោយ​សំអាង​លើ​អភ័យ​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា​តំណាងរាស្ត្រ​។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ព្រឹក​នេះ​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា ករណី​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក តុ វ៉ាន​ចាន់ និង​លោក ពិន រតនា នោះ​រដ្ឋសភា មិនទាន់មាន​ការសម្រេច​ដក​នៅឡើយ​ទេ ដោយ​រដ្ឋសភា បង្វិល​រឿងនេះ​ទៅកាន់​គណៈកម្មការ​ទី​៦​នៃ​រដ្ឋសភា ជា​អ្នកត្រួតពិនិត្យ​នឹងសិក្សា​បន្ថែមទៀត លើ​ករណី​តំណាងរាស្ត្រ​ទាំងពីរ​រូបនេះ​។​
​បើតាម​លោក ឡេង ប៉េងឡុង រដ្ឋសភា​នឹងដាក់​លិខិត​បញ្ជូន​ទៅកាន់​យុត្តិធម៌​វិញ ដើម្បី​ប្រាប់​ក្រសួងយុត្តិធម៌​ថា រដ្ឋសភា​មិនទាន់​អាច​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ទាំង​ពីររូប​នេះឡើយ ព្រោះ​រដ្ឋសភា​កំពុងស្ថិត​នៅក្នុងពេល​ឈប់សម្រាក​។​
 
​នៅ​ព្រឹក​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ក៏បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ស្ដាប់​និង​ចូលរួម​បកស្រាយ​លើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ស្តីពី​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​នេះដែរ​។​
 
​កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​បានដាក់​លិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំ​ឲ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ ក្នុងគោលបំណង​បើកដៃ​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​ទាំង​២​រូបនេះ ដែល​ជាប់​សង្ស័យ​នឹង​អំពើ​សញ្ចារកម្ម​។​
 
​មាត្រា ៩ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​ចែងថា ការលើក​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​សភា​ណា​ម្នាក់ ត្រូវមាន​ការអនុម័ត​តាម​មតិ​ភាគច្រើន ​ពីរ ភាគបី ​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​។ ការអនុម័ត​ដោយ​សមាជិក​រដ្ឋសភា ២ ភាគ ៣ គឺ​ស្មើនឹង​សមាជិកសភា ៨៣ រូប​គាំទ្រ ឬ​អនុម័ត​ឡើងទៅ ទើប​អាច​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ណាមួយ​បាន​៕
 

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com