កីឡាជាតិ
ជាតិ
គ្រូ​ថៃ និង​ព្រុយ​ណេ សុទ្ធតែ​ថា កម្ពុជា​ខ្លាំង​ជាង​ទី​ម័​រ​ខាងកើត ចុះ​លទ្ធផល​ជាក់ស្តែង​?
19, Jul 2016 , 7:39 am        
រូបភាព
លោក Inoue Kazunori គ្រូបង្វឹកក្រុម U16 កម្ពុជា
លោក Inoue Kazunori គ្រូបង្វឹកក្រុម U16 កម្ពុជា
 ​គ្រូបង្វឹក​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ ជឿជាក់ថា ក្រុម​កម្ពុជា​នឹង​អាច​ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ ទី​ម័​រ​ខាងកើត នា​ជំនួប​ថ្ងៃទី​១៩ កក្កដា​នេះ​។ គ្រូបង្វឹក​ថៃ​លោក Chaiyong Khumpiam កត់សម្គាល់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា មាន​កីឡាករ និង​មាន​ទម្រង់​លេង​ល្អ​ជាង​ទី​ម័​រ​ខាងកើត​។​


​ក្រោយពី​ប្រកួត​យកឈ្នះ​កម្ពុជា ដោយ​លទ្ធផល​៦​ទល់​0 នោះ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ ឡើងឈរ​លេខ​១ ដែល​ទទួលបាន​កៅអី​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​រក្សា​តំណែង​ជើងឯក​របស់ខ្លួន​។ គ្រាប់​បាល់​ចំនួន​៦​គ្រាប់ ដែល​ថៃ ស៊ុត​បញ្ចូល​ទី​កម្ពុជា ធ្វើបាន​សម្រេច​ដោយ​កីឡាករ Korawich Tasa នៅ​នាទី​៤០ ។ គ្រាប់​បាល់​ពិន័យ​១១​ម៉ែត្រ ទាត់​បាល់​បញ្ចូល​ទី​បានសម្រេច​ដោយ Sumana Salapphet មុនពេល​ដែល Peerapat Kaminyhong បន្ថែម​គ្រាប់​ទី​បី​នៅ​នាទី​៦៧ ។ គ្រាប់​បាល់​ទី​៤ និង​ទី​៥ ជាស​ម្រេច​ផល​របស់ Jinnawat Russamee ទាំង​២​គ្រាប់ ។ មុន​ចប់​ការប្រកួត Korawich Tasa  បន្ថែម​បាន​១​គ្រាប់​ទៀត​។​
 
​ទោះជា​កម្ពុជា​ចាញ់​ថៃ​ពិតមែន តែ​កម្ពុជា នឹង​អាច​យកឈ្នះ​ទី​ម័​រ​ខាងកើត ហើយ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក​ថៃ Chaiyong Khumpiam ដែល​អះអាងថា ថៃ អាច​យកឈ្នះ​កម្ពុជា តែ​ទី​ម័​រ​ខាងកើត មិនអាច​ទប់​ទម្រង់​លេង​យ៉ាង​ល្អ​របស់​កម្ពុជា នេះ​ជាប់​ឡើយ​។ លោក Chaiyong Khumpiam បាន​បន្ថែមថា កម្ពុ​ជាមាន​កីឡាករ​ល្អៗ និង​តាក​ទិច​លេង​ល្អ ជាង​ទី​ម័​រ​ខាងកើត​។ ជាពិសេស​កីឡាករ ស៊ា​ង ច​ន្ធា ដែលជា​កីឡាករ​ល្អ​មុត​ស្រួច​របស់​កម្ពុជា ហើយ​ទី​ម័​រ​ខាងកើត គ្មាន​លទ្ធភាព​អាច​ទប់​បិទ​កម្ពុជា​បានឡើយ​។​
 
​គ្រូបង្វឹក​ថៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុម​របស់ខ្ញុំ​អាចមាន​សមត្ថភាព​សម្រាប់​បិទ​នូវ​កលល្បិច​ដ៏​ខ្លាំង​របស់​កម្ពុជា ហើយ​បិទ​នូវ​លេខ​៩ (​ស៊ា​ង ច​ន្ធា​) ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា​។ ប៉ុន្ដែ​ខ្ញុំ​គិតថា​ទី​ម័​រ​ខាងកើត មិនមាន​គុណភាព​ដ៏​កម្រិត​ក្នុង​ការបិទ​កម្ពុជា​បានទេ​»​។​
 
​ទាំង​លោក Chaiyong Khumpiam គ្រូបង្វឹក​ថៃ និង​លោក Muhammad Ali Bin Haji Mustapha គ្រូបង្វឹក​ព្រុយ​ណេ សុទ្ធតែ​ជឿជាក់ថា កម្ពុជា​នឹង​អាចធ្វើ​បានល្អ​នៅក្នុង​ការប្រកួត​ជាមួយ​ទី​ម័​រ នេះ ។ 
​នៅ​ថ្ងៃទី​១៩ ខែកក្កដា កម្ពុជា​ត្រូវ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត​នា​វេលា​ម៉ោង​៦ និង​៣០​នាទី បន្ទាប់ពី ឡាវ​ជួប​ថៃ​នា​វេលា​ម៉ោង​៣ និង​៣០​នាទី​។ កម្ពុជា​នៅមាន​ក្តីសង្ឃឹម​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត ប្រសិនបើ​ពួកគេ​ឈ្នះ​ទី​ម័​រ​ខាងកើត ។​
 
​គូរ​បញ្ជាក់ថា នៅក្នុង​ពូ​ល​B នេះ ថៃ ឡើងឈរ​លេខ​១ ដែល​ទទួលបាន​កៅអី​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ខណៈដែល​កម្ពុជា ឈ​នៅ​លេខ​២ មាន​៦​ពិន្ទុរ កំពុង​ប្រទាញប្រទង់​គ្នា​មួយ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត និង​ឡាវ ដែលមាន​៤​ពិន្ទុរ​ដូចគ្នា​។ ព្រុយ​ណេ អស់​ឱកាស​ហើយ​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​៕

Tag:
 AFF U16
  U16 Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com