កីឡាជាតិ
ជាតិ
AFF U16៖ កម្ពុជា​ទៅ​ជួប​វៀតណាម​នៅ​វគ្គ​១/២ ក្រោយ​ឈ្នះ​ទី​ម័​រ​ខាងកើត ៣-០
19, Jul 2016 , 8:20 pm        
រូបភាព
លោក Inoue Kazunori គ្រូបង្វឹក U16 កម្ពុជា
លោក Inoue Kazunori គ្រូបង្វឹក U16 កម្ពុជា
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ AFF U16 Championship បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-០ នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៩ ខែកក្កដា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​



 
​ក្រោយ​ខ្សែការពារ​ទី​ម័​រ​ខាងកើត​យកដៃ​ប៉ះបាល់​ក្នុង​ប្រអប់​គ្រោះថ្នាក់ ប្រធាន​ក្រុម យ៉ើ សា​ហ្វី បាន​ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​នាទី ទី​៦ ដើម្បី​នាំ​ឲ្យ U16 កម្ពុជា​នាំមុខ​ភ្ញៀវ​ទី​ម័​រ​ខាងកើត ១-០ នៅ​តង់​ទីមួយ​សម្រាប់​ការប្រកួត​ចុងក្រោយ​ពូ​ល B ។​

​សម្រាប់​ការប្រកួត​នេះ គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inouie Kazunori បាន​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​តែ​ពីរ​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​សមាសភាព​ដែល​បាន​ប្រកួត​ចាញ់​ថៃ ៦-០ កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ស្វែង សំណាង មាន​តំណែង​ជា​អ្នកចាំទី​ជំនួស គង់ រ៉ា​ហ្វា​ត់ ដែលមាន​បញ្ហា​របួស និង​ដៃ​ទី​ពីរ ហ៊ុល គឹម ហ៊ុយ ខណៈ​ខ្សែបម្រើ ម៉ៅ ពិសិដ្ឋ លេង​ក្នុង​តំណែង​របស់ សៀន សុភ​ត្រា​។​

​នៅ​នាទី ៥៤ និង​៥៨ ខ្សែបម្រើ​យុវជន​ភ្នំពេញ​ក្រោ​ន ម៉ៅ ពិសិដ្ឋ ដែល​បង្ហាញ​វត្តមាន​ក្នុង​ជម្រើស​ដំបូង​បាន​ស៊ុត​បញ្ចូល​ទី​តែម្នាក់ឯង​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នាំមុខ ៣-០ មុន​ពេលដែល​រូបគេ​ត្រូវដាក់​ជំនួស​ដោយ សៀន សុភ​ត្រា វិញ នៅ​នាទី ៧៧​។​

​នេះ​ជាការ​ឈានទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​របស់ U16 កម្ពុជា បើ​គិត​ចាប់តាំងពី​ការចូលរួម​តាំងពី​ឆ្នាំ​២០០២ មក ដោយ​ការ​បង្ហាញខ្លួន​៦​លើក​កន្លងមក កម្ពុជា​ដែល​បានធ្វើ​ម្ចាស់​លើក​ទី​បី សុទ្ធតែ​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កម្ពុជា ត្រូវ​ឡើងទៅ​ជួប​វៀតណាម លេខ​១​ពូ​ល A  ចំណែក​ម្ចាស់​ការពារ​ជើងឯក​ថៃ​ដែល​ឈ្នះ​គ្រប់ការ​ប្រកួត​ក្នុង​ពូ​ល B ត្រូវ​ប៉ះ​ជាមួយ​អូស្ត្រាលី​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ជម្រើស​ដំបូង​កម្ពុជា​៖ ស្វែង សំណាង (​អ្នកចាំទី​), យ៉ើ សា​ហ្វី (​ប្រធាន​ក្រុម​), ឡុង ម៉េង​ហាវ​, ឈឿង វី​ស៊ី​នុ​, សៀង ច​ន្ធា (​ទេស សម្បត្តិ ៧៤), សាន គឹម​ហេង​, ស៊ិន កក្កដា​, ទុន សុំ​ឆៃ​, ហេង ទីណា (​សេត ម៉ាន់​ស៊ូ ៦៥), ទៀត គឹម​ហេង​, ម៉ៅ ពិសិដ្ឋ (​សៀន សុភ​ត្រា ៧៧)​។​

​កីឡាករ​បម្រុង​៖ សឿត ណា​វ៉ា​, ផា​ច សុ​ផា​វីឡា​, ទូច គឹម​ឆាយ​, តាន់ រិទ្ធី​វី​វឌ្ឍន៍​, យ៉េត ចិ​ត្រា​, គង់ ចាន់​សិរិ​សា​, រ័ត្ន ប៊ុន​នូ ,​ហ៊ុល គឹម​ហ៊ុយ​, គង់ រ៉ា​ហ្វា​ត់ (​របួស​)៕


Tag:
 U16 Cambodia
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com