កីឡាជាតិ
ជាតិ
ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​ថា​ចំនួន​ស្ត្រី​ជា​កីឡា​បច្ចុប្បន្ន​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ស៊ី​ហ្គេម​
20, Jul 2016 , 9:19 am        
រូបភាព
ដោយ:
 
​ក្នុង​សិក្ខាសាលា​ស្តីពី​ស្ត្រី​និង​កីឡា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦​នៅ​សណ្ឋាគារ​សុខា​ល័យ​អូ​តែ​ល​ក្នុង​ទី​រួម​ខេត្តសៀមរាប កាលពី​ម្សិលមិញ អ្នក​ស្ត្រី ម៉ក់ វណ្ណ​ស៊ីថា ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​កម្ពុជា​បាន​បញ្ជាក់ថា ចំនួន​ស្ត្រី​ជា​កីឡា​បច្ចុប្បន្ន​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ផែនការមេ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នោះទេ​។

 
​ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​កម្ពុជា​បានចាត់ទុក​ចំនួន​ស្ត្រី​ជា​កីឡា​បច្ចុប្បន្ន​ហាក់ដូចជា​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​កម្ពុជា​ត្រូវការ​សម្រាប់​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នោះទេ​។ ការខ្វះ​ចំនួន​ស្ត្រី​ក្នុង​វិស័យនេះ​ដោយសារ​ស្ត្រី​មួយចំនួន​នូវ​ប្រកាន់​ភ្ជាប់​ទំនៀប​ទំលាប់​ប្រពៃណី ម្យ៉ាងទៀត​ដោយសារ​កង្វះ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​សកម្មភាព​កីឡា និង​អត្ថប្រយោជន៍​នៃ​កីឡា​ដល់​ពួកគេ​ទាំងនោះ​។​
 
​អ្នកស្រី ម៉ក់ វណ្ណ​ស៊ីថា ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​កម្ពុជា​បានបញ្ជាក់​ដូច្នេះ​ថា​៖​បើ​ទាក់ទង​ទៅនឹង​ទំនៀប​ទំលាប់​ប្រពៃណី​របស់​យើង​ចំនួន​ស្ត្រី​ជា​កីឡា​នៅ​មិនទាន់​សមស្រប​ទៅនឹង​តម្រូវ​ការដែល​យើង​រៀបចំ​ផែនការ​អនាគត​សម្រាប់​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ ដែល​រៀបចំ​នៅ​ប្រទេស​យើង​នោះទេ​»​។ 
 
​ដើម្បី​ឲ្យ​ចំនួន​ស្ត្រី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ​បាន​ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​រូបនេះ​បាន​បន្តទៀតថា​៖«​ដើម្បី​ឲ្យ​តម្រូវការ​នេះ​ឆ្លើយតប​ទៅបាន​ទាល់តែ​យើង​អនុវត្តន៍​តួនាទី​ការងារ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ការងារ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​កីឡា​គ្រប់​ប្រភេទ​សម្រាប់​ឆ្ពោះទៅរក​ផែនការមេ​ស៊ី​ហ្គេម​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​»​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​យុទ្ធសាស្ត្រ​នេះ​មិន​ត្រឹមតែ​អនុវត្តន៍​ក្នុង​ផែនការ​ស្ត្រី​ជា​កីឡា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អនុវត្តន៍​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​។ ម្យ៉ាងទៀត​គ្រប់​ប្រទេស​កីឡា និង​គ្រប់​ស្ថា​ប័​ន្ធ​ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​មានការ​រួបរួមគ្នា សហការគ្នា​ក្នុង​អនុវត្ត​ផែ​ក​ការ​មេ​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកបដោយ​សិទ្ធ​ភាព​ខ្ពស់​។​
 
​ដើម្បី​ឲ្យ​ផែនការ​ទាំងនោះ​ទទួលបាន​ជោគជ័យ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​អ្នកស្រី ម៉ក់ វណ្ណ​ស៊ីថា បាន​នឹង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើយ៉ាងណា​ឲ្យ​អ្នកដឹកនាំ​កីឡា​ស្ត្រី និង​អ្នកពាក់ព័ន្ធ​កីឡា​ស្ត្រី​ទាំងអស់​មាន​ផែនការ​ច្បាស់លាស់​តាំងពី​ថ្នាក់ក្រោម​រហូត​ដក់​ថ្នាក់លើ​ទាំង​ផ្នែក​ឯកជន និង​រដ្ឋ​។ ជាពិសេស​ត្រូវ​ជំរុញ​ឲ្យ​ស្ថាប័ន​កីឡា​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ និង​ជំរុញ​លើកទឹកចិត្ត​ដល់​ស្ត្រី​ឲ្យ​ចូលរួម​លេង​កីឡា​ឲ្យ​កាន់តែច្រើន ដើម្បី​ងាយស្រួល​ក្នុងការ​ចម្រាញ់​ជ្រើសរើស​អ្នក​ដែលមាន​សមត្ថភាព ជំនាញ និង​ទេពកោសល្យ​។ 
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ជំរុញ​ឲ្យ​កម្ពុជា​យ៉ាងហោចណាស់​ចាប់ពី​ឆ្នាំ​២០១៧​នេះ​តទៅ​មាន​ថ្នាកដឹកនាំ​ជា​ស្ត្រី​ដែល​បម្រើ​ការងារ​ជាក​ក្នុង​វិស័យ​កីឡា​យ៉ាងតិច​ចាប់ពី​២០​ភាគរយ​ទៅ​៣០​ភាគរយ​។ 
 
​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​រៀបរាប់ថា សិក្ខាសាលា​ស្តីពី​ស្ត្រី និង​កីឡា​ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​នៅ​ទី​រួម​ខេត្តសៀមរាប​ដោយមាន​អ្នកស្រី Beng Choo Low អគ្គលេខាធិការ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ជា​គ្រូឧទ្ទេស និង​វាគ្មិន​នេះ​ក្នុង​គោលបំណង ដើម្បី​ឲ្យ​ស្ត្រី​កម្ពុជា​យល់ដឹង​ពី​តួនាទី និង​ការដឹកនាំ​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា ជាពិសេស​ដើម្បី​ស្ត្រី​កម្ពុជា​ដែល​រួម​សិក្ខាសាលា​ទាំងនោះ​បានដឹង​ពី​យុទ្ធសាស្ត្រ​ក្នុងការ​ដឹកនាំ​ចលនា​ស្ត្រី​និង​កីឡា​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់​។ 
 
​សម្រាប់​ការរៀបចំ​សិក្ខាសាលា​ស្តីពី​ស្ត្រី និង​កីឡា​ថ្នាក់ជាតិ​លើក​ទី​៣​នៅ​ទី​រួម​ខេត្តសៀមរាប​នេះ​កម្ពុជា​ទទួលបាន​ផលចំណេញ​ជាច្រើន គឺ​ស្ត្រី​ជា​កីឡា​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ចលនា​ស្រី្ត និង​កីឡា ជាពិសេស​ផ្តល់​ផលចំណេញ​ដល់​អ្នក​រស់នៅក្នុង​ខេត្តសៀមរាប ព្រោះ​ខេត្ត​នេះ​សម្បូរ​ទៅដោយ​ចលនា​កីឡា​ជាពិសេស​កីឡា​បែប​ទេសចរណ៍ ដូច្នេះ​ពួកគេ​នឹង​យក​ចំណេះដឹង​ដែល​បានមកពី​ការបណ្តុះបណ្តាល​មក​អនុវត្តន៍​នៅទីនេះ​តែម្តង​។ 
 
​ជាមួយគ្នា​វា​ជួយ​ជំរុញ​ឲ្យ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​អន្តរជាតិ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀង តាមរយៈ​ទំនាក់ទំនង​នេះ​ធ្វើ​ឲ្យ​អន្តរជាតិ​ដឹង​ពី​កិច្ចខិតខំ​ប្រឹងប្រែង ក៏ដូចជា​ចលនា​ក្នុងការ​បណ្តុះបណ្តាល​ស្ត្រី​ជា​កីឡា​នៅក្នុង​ចលនា​អូឡាំពិក​កម្ពុជា​។ ម្យ៉ាងទៀត​វា​ជួយ​ឲ្យ​មាន​សាមគ្គីភាព និង​ទំនាក់ទំនង​ផ្ទៃក្នុង​ល្អ​រវាង​ថ្នាក់ដឹកនាំ​កីឡា​ជា​ស្ត្រី ហើយ​វា​ជួយ​ពង្រឹងសមត្ថភាព​របស់​ស្ត្រី ឲ្យ​មាន​លក្ខណៈ​ស្មើនឹង​បុរស​ផងដែរ​។ 
 
​គួរ​បញ្ចា​ក់ថា សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​៣​ស្តីពី​ស្ត្រី និង​កីឡា​ដែល​ធ្វើ​នៅ​ទី​រួម​ខេត្ត​រាប​មាន​សិក្ខាកាម​ចូលរួម​ទាំងអស់​ចំនួន​៣៥​នាក់ ដែល​ភាគច្រើន​មកពី​ភ្នំពេញ និង​ខេត្តសៀមរាប​។ ថ្ងៃនេះ​ជា​ថ្ងៃទី​២​ហើយ​សម្រាប់​សិក្ខាសាលា​នេះ ពោលគឺ​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៨ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែកក្កដា ស្អែក​នេះ​៕    
 
​រូបថត​ទាំងអស់​ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ Shing Long

Tag:
 ​ម៉ក់ វណ្ណ​ស៊ីថា​
  ស្ត្រី និង​កីឡា​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com