កីឡាជាតិ
ជាតិ
វៀតណាម​ខ្លាំង ប៉ុន្តែ​តំណាង​គ្រូ​ទី​ម័​រ​ខាងកើត​មាន​ជំនឿ​លើ​កម្ពុជា​ដែល​បាន​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​
20, Jul 2016 , 12:42 pm        
រូបភាព
នេះ-លោក-Amandio-Sarmento-តំណាងគ្រូបង្វឹក-និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត
នេះ-លោក-Amandio-Sarmento-តំណាងគ្រូបង្វឹក-និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត
ដោយ:
 
​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​យុវជន​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​២១ ខែកក្កដា ស្អែក​នេះ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFF U-16 Championship 2016 ក្រោយ​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ៣-០ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​នេះ លោក Amandio Sarmento តំណាង​គ្រូបង្វឹក និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​ទី​ម័​រ​ខាងកើត ទទួលស្គាល់ថា វៀតណាម​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​លោក​មានជំនឿថា ក្រុម​អ្នកគាំទ្រ​ដែលជា​កីឡា​ករទី​១២ នឹង​ជំរុញ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះបានជោគជ័យ។​

 
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​រវាង​ក្រុម​កម្ពុជា និង​ទី​ម័​រ​ខាង​ខាងកើត លោក Amandio Sarmento បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​គិតថា​ជាទូទៅ​ក្រុម​កម្ពុជា​លេង​បានល្អ ហើយ​កម្ពុ​ជាមាន​កីឡា​ករទី​១២ គឺ​អ្នកគាំទ្រ​ដ៏​ច្រើន​។ ហើយ​អ្វីដែល​សំខាន់​នៅពេលនេះ​ក្រុម​កម្ពុ​ជាមាន​ឆន្ទៈ​ខ្លាំង ជាពិសេស​អ្វីដែល​កម្ពុជា​ត្រូវការ​បំផុត​នោះ​គឺ​ទស្សនិកជន​គាំទ្រ​ឲ្យ​ច្រើន​ជាងនេះទៀត នេះ​ជា​មូល​ហេតុដែល​អាចធ្វើ​ឲ្យ​ក្រុម​កម្ពុជា​យកឈ្នះ​លើ​ក្រុម​វៀតណាម​បាន​»​។ 
 
​តំណាង​ថ្នាក់ដឹកនាំ​ក្រុមទី​ម័​រ​ខាងកើត ក៏បាន​លើកឡើងថា ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​គឺជា​ក្រុម​ខ្លាំង​មួយ​ផងដែរ​នៅក្នុង​តំបន់ ប៉ុន្តែ​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុម​កម្ពុជា​ពិតជា​អាច​យកឈ្នះ​លើ​លើ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​បាន ព្រោះ​កម្ពុជា​ជា​ក្រុម​មួយ​ដែលមាន​ទម្រង់​លេង​ល្អ និង​មាន​ឆន្ទៈ ជាពិសេស​មាន​អ្នកគាំទ្រ​ច្រើន​។ 
 
​ជាមួយគ្នានេះ លោក Inoue Kazunori គ្រូបង្វឹក​របស់​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​បាន​ទទួលស្គាល់ថា ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​គឺជា​ក្រុម​ខ្លាំង​មួយ ហើយ​លោក​បាន​មើល​ពី​ទម្រង់​លេង​របស់​ក្រុម​នេះ​រួចហើយ ប៉ុន្តែ​លោក​មិនអាច​សន្ម​ត់​ថា​នឹង​អាច​យកឈ្នះ ឬ​ចាញ់​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា មហិច្ឆតា​របស់លោក​មិន​ត្រឹមតែ​ឈានដល់​វគ្គ​ពាក់កណ្តាល​ប៉ុណ្ណោះ​ទេ គឺ​លើសពីនេះ​។ 


​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាល​យប់មិញ​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាង​កើ​ក្នុង​លទ្ធផល ៣-០ ជ័យជម្នះ​នេះ​សម្រេច​ដោយ​កីឡា យ៉ើ សា​ហ្វី ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​នៅ​នាទី​៦ ខណៈពេល​បាល់​ប៉ះ​ដៃ​ទី​ម័​រ​ខាងកើត​ក្នុង​តំបន់​ប៉េ​ណា​ល់​ទី និង​កីឡាករ ម៉ៅ ពិសិដ្ឋ ខ្សែប្រយុទ្ធ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​របស់​បាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៥៥ និង​៥៩​។​
 
​កីឡាករ ម៉ៅ ពិសិដ្ឋ ដែល​បាន​ដូរ​ចេញ​ដោយសារ​របួស​ជំនួស​ដោយ​កីឡាករ សាន សុភ​ក្ត្រា នៅ​នាទី​ទី​៧៧ បានបញ្ជាក់​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​ថា រូបគេ​ពិត​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែល​រកបាន​២​គ្រាប់​ក្នុង​ជម្រើស​ទី​១​របស់ខ្លួន​។ ហើយ​ការរក​គ្រាប់​បាល់​នេះ​មិនមែន​ជាការ​ចៃដន្យ​នោះទេ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់គេ​។ 
 
​សម្រាប់​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃទី​២១ ខែកក្កដា ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ចំណែក​ក្រុមយុវជន​ជម្រើសជាតិ​ថៃ ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​៕    
    
 

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com