កីឡាជាតិ
កម្ពុជា​ឈរ​លេខ​១​ស្មើ​ថៃ​ក្នុង​ជើងឯក​យុវជន​អាស៊ាន​នៅ​សិង្ហ​បុរី​លើ​ប្រភេទ​កីឡា​ប៉េតង់​
20, Jul 2016 , 7:39 pm        
រូបភាព
​រូបថត​ប្រភព​ហ្វេ​ស​ប៊ុ​ក Somay Sokea
​រូបថត​ប្រភព​ហ្វេ​ស​ប៊ុ​ក Somay Sokea
ដោយ:
​ប៉េតង់​កម្ពុជា​បាន​ឈ្នះ​មេដាយមាស​ចំនួន​៣​គ្រឿង ប្រាក់​១ និង​សំរឹទ្ធ​២​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៦ 18th ASEAN University Game 2016 នៅ​ប្រទេស​សិង្ហ​បុរី​។ ការប្រកួត​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៩ ខែកក្កដា ដោយមាន​១១​ប្រទេស​ចូលរួម ប៉ុន្តែ​សម្រាប់​វិញ្ញាសា​ប៉េតង់​មានតែ​៦​ប្រទេស​ចូលរួម​ប៉ុណ្ណោះ ខណៈ​កម្ពុជា​ឈរ​លំដាប់​លេខ​១ ជាមួយ​ថៃ​។​



​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​លើ​វិ​ញ្ញា​ប៉េតង់​ក្នុងចំណោម​៦​ប្រទេស​ចូលរួម​ក្រោយ​ឈ្នះ​មេដាយមាស​៣​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​១៨​នៅ​ប្រទេស​សិង្ហ​បុរី​។ ជ័យជម្នះ​មេដាយមាស​៣​គ្រឿង​នេះ​កម្ពុជា​ឈ្នះ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ឯកត្តជន​បុរស​១​គ្រឿង​ក្រោយ​យកឈ្នះ​ឡាវ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​, វិញ្ញាសា​វាយយក​ពិន្ទុ​ឯកត្តជន​នារី​១​គ្រឿង​ក្រោយ​យកឈ្នះ​ឥណ្ឌូនេស៊ី និង​១​គ្រឿង​ទៀត​ឈ្នះ​លើ​វិញ្ញាសា​វាយ​ចំរុះ​៣​នាក់​ទល់​៣​នាក់​ក្រោយ​យកឈ្នះ​ឡាវ​។​

​ចំណែក​មេដាយប្រាក់​១​គ្រឿង​កម្ពុជា​ឈ្នះ​លើ​វិញ្ញាសា​វាយ​ម្នាក់​ទល់​ម្នាក់​នារី​ក្រោយ​ចាញ់​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​ឈ្នះ​លើ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​បុរស និង​មួយគ្រឿង​ទៀត​ឈ្នះ​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​។


រូបថត​ប្រភព​ហ្វេ​ស​ប៊ុ​ក Somay Sokea

​សម្រាប់​ការប្រកួត​ជើងឯក​យុវជន​អា​សី​អាគ្នេយ៍​នៅ​ប្រទេស​សិង្ហ​បុរី​នេះ​មាន​ប្រទេស​១១​ចូលរួម ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡា​ប៉េតង់​មានតែ​៦​ប្រទេស​ចូលរួម​ប៉ុណ្ណោះ​។ ក្នុងនោះ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ស្មើ​ថៃ ដោយ​ទទួលបាន​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​២​ដូចគ្នា ឬ​ឯ​ប្រទេស​ឡាវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​លេខ​៤​បាន​ទៅ​ឥណ្ឌូនេស៊ី និង​លេខ​៥​ស្ទួន​បាន​ទៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​៕  




Tag:
 ប៉េតង់​
  ASEAN University Game 2016
© រក្សាសិទ្ធិដោយ thmeythmey.com