កីឡាជាតិ
ជាតិ
AFF U16៖ តើ​កម្ពុជា​អាច​ទម្លាក់​វៀតណាម​ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បានដែរ​ឬទេ​?
21, Jul 2016 , 9:39 am        
រូបភាព
 ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា មានឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U16 Championship បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២ មក​។ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​វៀតណាម​ដែលជា​ម្ចាស់​ជើងឯក​ពីរ​ជំនាន់ បន្ទាប់ពី​ជំនួប​រវាង​ថៃ និង​អូស្ត្រាលី​។​

 
​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Inoue Kazunori បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ក្រុម U16 កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ AFF U16 Championship ឆ្នាំ​២០១៦ នេះ ដោយ​នាំ​ក្រុម​ឈាន​មក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុងចំណោម​ការបង្ហាញ​ខ្លួន​៧​លើក បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២ មក​។​
 
​នៅក្នុង​ពូ​ល B កម្ពុជា​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​បី បាន​យកឈ្នះ​ឡាវ ៣-១ ឈ្នះ​ព្រុយ​ណេ ២-០ ឈ្នះ​ទី​ម័​រ​ខាងកើត ៣-០ តែ​ចាញ់​ថៃ​រហូតដល់​ទៅ ៦-០ ។ ទោះបីជា​យ៉ាងណាក៏ដោយ U16 កម្ពុជា មាន​ប្រវត្តិ​ឈ្នះ​លើសពី​១​ប្រកួត​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ​។​
 
​សម្រាប់​ក្រុម​វៀតណាម ពួកគេ​បាន​ឈាន​មក​វគ្គ​ចំនួន​៥​លើក​រួចមកហើយ ដែល​ក្នុងនោះ ពួកគេ​បាន​ឈានទៅ​ឈ្នះ​តំណែង​ជើងឯក​ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៦​នៅ​ទឹកដី​របស់ខ្លួន និង​ឆ្នាំ​២០១០ នៅ​ឥណ្ឌូនេស៊ី​។​
 
​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​កន្លងមក ក្រុម​ទាំងពីរ​បានបញ្ចប់​លទ្ធផល​ស្មើ ២-២ នៅ​ឆ្នាំ​២០០៥ ហើយ​វៀតណាម បានឈ្នះ ៤-១ នៅ​ឆ្នាំ​២០១១ និង​បន្ត​ឈ្នះ ៦-០ នៅ​ឆ្នាំ​២០១៣ ។ កាលពី​ឆ្នាំមុន ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​ហាលអាវ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ដោយ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​ផងដែរ​នោះ ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​នៅក្នុង​ពូ​ល B រីឯ​វៀតណាម ជាប់​លេខ​៤​ពូ​ល A​។​
 
​លោក Kazunori បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកគាំទ្រ​គឺជា​កម្លាំងចិត្ត​ដ៏​សំខាន់​សម្រាប់​ជ័យជម្នះ​របស់​ក្រុម ហើយ​លោក​និយាយថា ជំហាន​របស់​កម្ពុជា​មិនមែន​ត្រឹមតែ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះឡើយ​។ វៀតណាម​គឺជា​ក្រុម​ខ្លាំង ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ដែល​បណ្តុះ​ស្មារតី​យុវជន​ឲ្យ​បើក​ការប្រយុទ្ធ​រូបនេះ មានជំនឿថា កំណត់ត្រា​ថ្មី​នឹង​បន្ត​កើតមាន​សម្រាប់ U16 កម្ពុជា​។​
 
​នៅមុន​ជំនួប​រវាង​ម្ចាស់ផ្ទះ​កម្ពុជា និង​វៀតណាម ម្ចាស់​ការពារ​តំណែង​ជើងឯក​ថៃ ត្រូវ​តទល់​ជាមួយ​អូស្ត្រាលី ម្ចាស់​ជើងឯក​ឆ្នាំ​២០០៨ ។ នេះ​ជាការ​ជួបគ្នា​ពីរ​ឆ្នាំ​ជាប់​គ្នា​របស់​ក្រុម​ខ្លាំង​ទាំងពីរ ដោយ​កាលពី​ឆ្នាំមុន ថៃ បានឈ្នះ​អូស្ត្រាលី ៣-២ ហើយ​បន្ត​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​អូស្ត្រាលី​ស៊ី​ឡាវ ១០-២ សម្រាប់​តំណែង​លេខ​៣ ៕
 
​កម្មវិធី​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៖
-​ម៉ោង​៣ និង​៣០​នាទី​៖ ថៃ ជួប អូស្ត្រាលី​
-​ម៉ោង​៦ និង​៣០​នាទី​៖ វៀតណាម ជួប កម្ពុជា​៕
 
 
 

Tag:
 AFF U16
  U16 Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com