កីឡាជាតិ
ជាតិ
កម្ពុជា​កំពុង​ជំរុញ​សហព័ន្ធ​អាស៊ី និង​ពិភពលោក​ដាក់បញ្ចូល​តុង​ហ្គី​ល​ម៉ូ​ដូ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
22, Jul 2016 , 8:19 am        
រូបភាព
ដោយ:
 
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​គ្រោង​នឹងដាក់​បញ្ចូល​កីឡា​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​កូរ៉េ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង ខណៈ​កីឡា​មួយ​នេះ​មិន​ធ្លាប់​មានឈ្មោះ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នាពេល​កន្លងមក​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​អគ្គលេខា​ធិ​ការ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​នៅក្នុង​ថ្ងៃ​ចាប់ផ្តើម​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នា​វិមាន​ពហុ​កីឡា​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​។

 
​ថ្នាក់ដឹកនាំ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​នឹង​កំពុង​ធ្វើសំណើរ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​អាស៊ី និង​ពិភពលោក ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​ការដាក់​ប្រភេទ​កីឡា​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កូ​រ៉ និង​មិន​ធ្លាប់មាន​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នាពេល​កន្លងមក​មួយ​នេះ​ក្នុង​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ ទោះបីជា​កីឡា​មួយ​នេះ​មិនទាន់បាន​ចូលក្នុង​ស៊ី​ហ្គេម​ក៏ពិតមែន ប៉ុន្តែ​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​និង​កំពុង​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​
 
​នា​ថ្ងៃ​ចាប់ផ្តើម​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​២០១៦ នៅក្នុង​វិមាន​ពហុ​កីឡា​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ លោក ចំរើន សុផល អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​រៀបរាប់ថា​៖«​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​មិនទាន់​ចូលក្នុង​ស៊ី​ហ្គេម​នៅឡើយ​ទេ ក៏ប៉ុន្តែ​យើង​គម្រោង​នៅក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម យើង​នឹង​ជំរុញ​សហព័ន្ធ​តុង​ហ្គី​ល​ម៉ូ​ដូ​អាស៊ី និង​ពិភពលោក ដើម្បី​ជំរុញ​បន្ថែម​ឲ្យ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូរ​បស់​យើង និង​កីឡា​តុង​ម៉ូ​ដូ​ចូលទៅក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។​
 
​លោក​អគ្គលេខាធិការ​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ប្រសិន​តុង​ហ្គី​ល​ម៉ូ​ដូ​បាន​ចូលក្នុង​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២​មែន​នោះ​វា​នឹងមាន​បញ្ហា​ប្រឈម​មួយចំនួន​កើនឡើង ដោយសារ​កម្ពុជា​មិន​ធ្លាប់មាន​បទពិសោធន៍​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក៏ប៉ុន្តែ​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា វានឹងមិនមាន​បញ្ហា​អ្វី​នោះទេ​ព្រោះ​មាន​អ្នកជំនាញ​មកពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​អគ្គនាយកដ្ឋាន​កីឡា​កម្ពុជា​ជួយ​ជ្រោមជ្រែង និង​ផ្តល់​ជា​បទពិសោធន៍ តែ​អ្វីដែល​សំខាន់​ធ្វើយ៉ាងណា​ឲ្យ​បាន​ចូលក្នុង​ព្រឹត្តិការណ៍​នេះ​ជាមុនសិន​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ មាន​១០​ក្លិប​-​សមាគម​ចូលរួម និង​មាន​កីឡាករ​កីឡាការិនី​សរុប​ទាំងអស់​ជាង​១៥០​នាក់​។ ការប្រកួត​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែកក្កដា នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​។ ការប្រកួត​នេះ​ក៏​ជាការ​ប្រកួត​មួយ​សម្រាប់​ជា​បទពិសោធន៍​សម្រាប់​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ផងដែរ ទោះបី​បច្ចុប្បន្ន​កីឡា​មួយ​នេះ​មិនទាន់​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម​ក៏ដោយ​៕ 
 
   
 
 
 

Tag:
 ​តុង​ហ្គី​ល​ម៉ូ​ដូ​
  ចំរើន សុផល​
  ជើងឯក​ថ្នាក់ជាតិ​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com