កីឡាជាតិ
ជាតិ
លោក Inoue Kazunori ៖ ខ្ញុំ​ខាន​ស្រក់​ទឹក​ភ្នែកយូរហើយ​! ខ្ញុំ​ចង់​ឈ្នះ​មែនទែន​!
22, Jul 2016 , 2:38 pm        
រូបភាព
ដោយ:
​លោក Inoue Kazunori គ្រូបង្វឹក​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​បាន​ស្រក់​ទឹកភ្នែក​បន្ទាប់ពី​មិនអាច​ដឹកនាំ​ក្រុម​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship ក្រោយពី​ចាញ់​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ១-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុនរូបនេះ​អះអាងថា តំណក់ទឹកភ្នែក​របស់​ខ្លួន​ហូរ​ចេញ​ដោយសារ​លទ្ធផល​មិន​ដូច​អ្វីដែល​លោក​រំពឹងទុក​។​



​បន្ទាប់ពី​លទ្ធផល​មិន​ដូច​ទៅនឹង​អ្វីដែល​បាន​រំពឹងទុក និង​ដោយសារ​វា​ជា​ទំនួល​ខុសត្រូវ​ក្នុងការ​ដឹកនាំ​ក្រុម​បានធ្វើ​ឲ្យ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Inoue Kazunori  របស់​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​បាន​ស្រក់​ទឹកភ្នែក​បន្ទាប់ពី​ក្រុម​របស់ខ្លួន​ចាញ់​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ១-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាល​យប់ម្សិល​មិញ​នៅ​ពហុ​កី​ឡ​ដ្ឋា​នា​ជាតិ​។ ការ​ស្រក់​ទឹកភ្នែក​របស់​គ្រូបង្វឹក​រូបនេះ​គឺ​សម្តែង​ពី​អារ​ម្ម​សោកស្តាយ​យ៉ាងខ្លាំង​ដែល​មិនអាច​ដឹកនាំ​ក្រុម​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFF U-16 Championship 2016 ប្រចាំឆ្នាំ​២០១៦​នេះ​។​

​តាមរយៈ​អ្នកបកប្រែ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​ឈ្នះ​មែនទែន ប៉ុន្តែ​នៅពេល​លទ្ធផល​មិន​ដូច​អ្វីដែល​ខ្ញុំ​រំពឹងទុក​វា​ធ្វើ​ឲ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់​។ ហើយ​ខ្ញុំ​សោកស្តាយ​មែនទែន​ដែល​មិនអាច​ដឹកនាំ​ក្រុម​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ម្យ៉ាងទៀត​វា​ជា​ទំនួល​ខុសត្រូវ​របស់ខ្ញុំ ហើយ​ពេលនេះ​ខ្ញុំ​បានធ្វើ​ឲ្យ​អ្នក​ឧបត្ថម្ភ និង​អ្នកគាំទ្រ​រាបម៉ឺន​នាក់​ខកបំណង ហើយ​ខ្ញុំ​ចង់​បញ្ជាក់ថា ខ្ញុំ​ខាន​ស្រក់​ទឹកភ្នែក​បែបនេះ​យូរហើយ​»​។



​ទោះបីជា​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​មិនអាច​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship ២០១៦ ក៏ដោយ ប៉ុន្តែ​ទាំង​អ្នកគាំទ្រ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​បាន​សម្តែង​ការគាំទ្រ​និង​ពេញចិត្ត​យ៉ាងខ្លាំង​ទៅលើ​សមត្ថភាព និង​ការខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​នៅលើ​ទីលាន​របស់​ក្រុម​កម្ពុជា​។

​យ៉ាងណាមិញ ក្រោយ​បញ្ចប់​ការប្រកួត​រវាង​ក្រុម​កម្ពុជា និង​វៀតណាម លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ក្រុម​ឲ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ភាពជោគជ័យ​នៅ​លើក​ក្រោយ​។ ហើយ​លោក​បានចាត់ទុក​លទ្ធផល​នេះ​ថា វា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ព្រោះ​នាពេល​កន្លងមក​កម្ពុជា​មិនដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បែបនេះ​ទេ​។  
 
​ប្រធាន​សហព័ន្ធ​រូបនេះ​បានចាត់ទុក​ការ​ចាញ់​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​វៀតណាម ១-០ របស់​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​នេះ​ថា ជា​បទពិសោធន៍​មួយ​ដ៏​ល្អ​សម្រាប់​ជ័យជម្នះ​នៅ​លើក​ក្រោយ​។ លោក​បាន​បញ្ជាក់ថា​៖«​ការ​ចាញ់​ថ្ងៃនេះ ជា​បទពិសោធន៍​សម្រាប់​ថ្ងៃស្អែក​»​។

​ជាមួយគ្នានេះ លោក Inoue Kazunori គ្រូបង្វឹក​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សមត្ថភាព​នៃ​ការប្រកួត​របស់​កូនក្រុម​យ៉ាងខ្លាំង ទោះបីជា​មិនអាច​យកឈ្នះ​លើ​ក្រុម​វៀតណាម​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ក៏ដោយ​។ ហើយ​លោក​បានចាត់ទុក​ការ​ចាញ់​របស់​កម្ពុជា​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម​នេះ​ថា ក្រុម​របស់ខ្លួន​មិនទាន់មាន​ការរីកចម្រើន​ដល់​កម្រិត​នោះទេ​។

​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​២៣ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ស្អែក​នេះ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ថៃ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​វៀតណាម ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​អូស្ត្រាលី ដើម្បី​ដណ្តើមយក​ជើងឯក​៕


Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com