ព័ត៍មានសុខភាព
របួស​ខ្ញុំ​បែបណា គួរប្រើ​ទឹកកក​ស្អំ និង​បែបណា មិនគួរ​ស្អំ​?
23, Jul 2016 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យើង​និយាយ​ជាទូទៅ ការ​ស្អំ​ទឹកកក គឺ​ស្រួល​រក​ទេ ជាពិសេស នៅពេលដែល​អ្នក កំពុង​តែមាន​របួស​ស្រួចស្រាវ ដូចជា​ការ​ដួល​តិចតួច​ជាដើម​។ ការ​ស្អំ​ទឹកកក ក៏មាន​ប្រយោជន៍​ណាស់ដែរ ក្នុងការ​កាត់បន្ថយ ភាព​ជាំ​នៅ​កន្លែង ដែលមាន​របួស​នោះ​។​



​នៅត្រង់​កន្លែង​ណាមួយ​នៃ​រាងកាយ ដែលមាន​របួស ហើយ​ស្ទាប​ទៅ មាន​អារម្មណ៍​ក្តៅ ឡើង​ក្រហម និង​រលាក​នោះ គឺ​អ្នក​អាច​ប្រើ​ទឹក​ត្រជាក់ ឬ​ទឹកកក​ស្អំ​បាន​។ ភាព​ត្រជាក់ ជួយ​កាត់បន្ថយ​លំហូរ​ឈាម ដូច្នេះ វា​អាច​គ្រប់គ្រង​ការ​ហើម​បាន​យ៉ាង​ល្អ​។ ការ​ស្អំ​ទឹក​ត្រជាក់ មិន​ត្រឹមតែ​ជួយ​បញ្ឈប់​ការ​រលាក​ទេ តែ​ក៏​ជួយ​បំបាត់​ការឈឺចាប់​បានដែរ​។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា ការ​ស្អំ​ទឹកកក ឬ​ត្រជាក់ អាច​បំបាត់​ការឈឺចាប់ ដោយ​មិនបាច់​ភ័យ អំពី​ផល​រំខាន​របស់​វា​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​មិនគួរណា​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក​នៅលើ​សាច់ដុំ ដែល​ឈឺចាប់​ខ្លាំង ដោយសារតែ​វា​ធ្វើការ​ច្រើន​ជ្រុល​នោះទេ ព្រោះ​វា​បើសិនជា​អ្នក​ស្អំ​មែន វា​គ្រាន់តែ​ធ្វើ​ឲ្យ​រោគសញ្ញា កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ បើសិនជា​អ្នក​ជួប​អា​ការៈឈឺចាប់​ខ្លាំង​នៅ​ចង្កេះ ឬ​កញ្ចឹងក ការ​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក មិនមែនជា​វិធី​ល្អ ក្នុងការ​បំបាត់​រោគសញ្ញា​នេះឡើយ ព្រោះ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​ប៉ុណ្ណោះ​។ ក្បួន​របស់​វា​គឺថា ចូរ​ស្អំ​ទឹក​ក្តៅ នៅលើ​សាច់ដុំ​ដែលមាន​របួស និង​ស្អំ​ទឹក​ត្រជាក់ នៅលើ​បញ្ហា​ទាំងឡាយណា ដែល​កើតមាន​នៅលើ​សន្លាក់ និង​សរសៃ​ចង​សន្លាក់​។​

​ក្រោយពី​ស្អំ​ទឹក​ក្តៅ ឬ​ត្រជាក់​បាន ៣ ទៅ ៥ ថ្ងៃ​ហើយ យក​ល្អ គួរតែ​ប្តូរ​មក​ស្អំ​ទឹក​ត្រជាក់ ឬ​ក្តៅ​វិញ​។ ការផ្លាស់ប្តូរ​សីតុណ្ហភាព​ស្អំ​បែបនេះ ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ និង​កន្ត្រាក់ ដែលជា​ហេតុ​នាំ​ឲ្យ​មាន ការផ្គត់ផ្គង់​អុកស៊ីសែន និង​ឈាម​សម្បូរ​ជីវជាតិ បាន​កាន់តែច្រើន ខណៈពេលដែល​ការបញ្ចេញ​កាកសំណល់​នានា ក៏​កាន់តែច្រើន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com