កីឡាជាតិ
ជាតិ
កម្ពុជា​ប្រជែង​ជាមួយ​ថៃ​ដណ្តើម​លេខ​៣​មុន​វៀតណាម​តទល់​ជា​មួយ​អូស្ត្រាលី​ដណ្តើម​ជើងឯក​
23, Jul 2016 , 11:33 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​នៃ​ព្រឹត្តិការណ៍ AFF U-16 Championship 2016 បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ដោយនៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​នេះ ក្រុមយុវជន​ជម្រើសជាតិ U16​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ថៃ ដើម្បី​ដណ្តើម​លេខ​៣ មុន​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​តទល់​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី ដើម្បី​ដណ្តើម​ជើងឯក​។​



​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ក្រោយពី​ចាញ់​វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវ​ប្រជែង​ជាមួយ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​នៃ​ព្រឹត្តិការណ៍ AFF U16 Championship 2016​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការប្រកួត​នេះ​ជាការ​ផ្តល់ឱកាស​មួយ​ដល់​ក្រុមយុវជន​ច​ម្រើ​ស​ជាតិ​U16​កម្ពុជា​បាន​សងសឹក​ក្រុមយុវជន​ជម្រើសជាតិ​ថៃ​ដែល​ខ្លួន​បាន​ចាញ់ ៦-០ នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល B នាពេល​កន្លងមក​ផងដែរ​។​


​ទោះបីជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ​លោក Chaiyong Khumpiam បាន​អះអាង​ក្រោយ​យកឈ្នះ​កម្ពុជា​ថា ខ្លួន​បានដឹង​ពី​យុទ្ធសាស្ត្រ និង​ទម្រ​ង​លេង​របស់​កម្ពុជា​ក៏ដោយ ប៉ុន្តែ​សម្រាប់​ជំនួប​ល្ងាច​នេះ​គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​សងសឹក​ថៃ​ឲ្យ​បាន​។ ហើយ​លោក​បាន​បញ្ជាក់ទៀតថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការជួប​ថៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​នេះ​។ 

​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​ផងដែរ ក្រុម​យុវ​ជម្រើសជាតិ​វៀតណាម​ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី​ដើម្បី​ដណ្តើម​ជើងឯក​នៃ​ពានរង្វាន់ AFF U-16 Championship 2016 និង​ជាការ​ផ្តល់ឱកាស​សងសឹក​ដល់​ក្រុមយុវជន​អូស្ត្រាលី ដែល​ធ្លា​ប់រង​ការ​លត់​របស់​ក្រុមយុវជន​វៀតណាម ៣-០ នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល A នាពេល​កន្លងមក​។​

​ទោះបីជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម Dinh The Nam បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​យកឈ្នះ​ក្រុម​កម្ពុជា​កាលពី​យប់​ថ្ងៃទី​២១ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថា លោក​នឹង​រៀបចំ​យុទ្ធ​ប្រកួត​ថ្មី​ហើយ​ប្លែក​ដើម្បី​យកឈ្នះ​លើ​ក្រុម​អូស្ត្រាលី​ម្តងទៀត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។​


​ប្រវត្តិ​នៃ​ការជួបគ្នា​នៅក្នុង​ឆ្នាំ​២០១៣ ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី​បាន​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ៧-៦ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​។ អូស្ត្រាលី​ធ្លាប់​បានឈ្នះ​តំណែង​ជើងឯក​នៃ​ព្រឹត្តិការណ៍ AFF U16 Championship នេះ​១​លើក​កាលពី​ឆ្នាំ​២០០៨ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ចំណែក​ក្រុម​វៀតណាម ពួកគេ​បានឈ្នះ​តំណែង​ជើងឯក​ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៦​នៅ​ទឹកដី​របស់ខ្លួន និង​ឆ្នាំ​២០១០ នៅ​ឥណ្ឌូនេស៊ី​៕ 

*​កម្មវិធី​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ
- ម៉ោង​១៥:៣០​នាទី​៖ កម្ពុជា ជួប ថៃ
- ម៉ោង​១៨:៣០​នាទី​៖ វៀតណាម ជួប អូស្ត្រាលី​៕


Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com