កីឡាជាតិ
ជាតិ
ប្រធាន​តុង​ហ្គី​ល​ម៉ូ​ដូ​ពិភពលោក​ប្តេជ្ញា​ខ្ពស់​នឹងដាក់​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ក្នុង​ស៊ី​ហ្គេម​តាម​សំណើរ​កម្ពុជា​
26, Jul 2016 , 8:19 am        
រូបភាព
ដោយ:
 
​នា​ពិធី​បិទ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ស្ថាបនិក និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ពិភពលោក Joon Ho Seuk បាន​គាំទ្រ​សំណើរ​របស់​កម្ពុជា​ក្នុងការ​ដាក់​ឲ្យ​មាន​ប្រភេទ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ ជាពិសេស​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​លោក​មិនមែន​ផ្តោត​សំខាន់​ត្រឹមតែ​ដាក់​ក្នុង​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ ដោយ​លោក​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​យុវជន​កម្ពុជា​។  

 
​ស្របពេល​ដែល​តុង​ហ្គី​ល​ម៉ូ​ដូ​មិនទាន់មាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លោក Joon Ho Seuk ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ពិភពលោក និង​ជា​ស្ថាបនិក​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បាន​ប្តេ​ជ្ញ​ថា នឹងដាក់​កីឡា​បញ្ចូល​ប្រភេទ​កីឡា​នេះ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការប្តេជ្ញា​វ​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើរ​របស់លោក ចំរើន សុផល អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ 
 
​នា​ពិធី​បិទ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ស្ថាន​និក​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​នឹង​ជួយ​ឲ្យ​តុង​ហ្គី​ល​ម៉ូ​ដូ​មាន​វត្ត​មាននៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ក្លាយជា​ផ្នែក​មួយ​នៃ​កីឡា​ស៊ី​ហ្គេម ព្រោះ​ពេលនេះ​យើង​មាន​៦​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​សមាជិក​រូ​ច​ទៅហើយ​ក្នុងនោះ​មាន កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ហ្វីលីពីន និង​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​អាស៊ី​»​។​
 
​វត្តមាន​របស់​ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ពិភពលោក​នៅ​កម្ពុជា​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ពង្រឹង និង​ពង្រីក​វិស័យ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ជាពិសេស​ដើម្បី​ជួយ​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​មាន​វត្ត​មាននៅ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី ស្ថាបនិក​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កូរ៉េខាងត្បូង​មួយ​នេះ មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​ការបញ្ចូល​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ គឺ​លោក​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​យុវជន​តាម​ការដាក់​កីឡា​នេះ​ជា​មូលដ្ឋាន នៃ​ការហ្វឹកហាត់​។ លោក​បញ្ជាក់ថា​៖«​យើង​មិនមែន​ផ្តោត​តែ​ទៅលើ​ការដាក់​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ទៅក្នុង​ស៊ី​ហ្គេម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​នឹងធ្វើ​ឲ្យ​កីឡា​ប្រភេទ​នេះ​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ការហ្វឹកហាត់ ដើម្បី​អប់រំ​ឲ្យ​យុវជន​ក្លាយទៅជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ និង​បុគ្គល​គំរូ​នៅក្នុង​សង្គមជាតិ និង​ពិភពលោក​»​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ដែលមាន​ក្លិប​-​សមាគម​ចំនួន​១០​ចូលរួម អត្ត​ពលិកម​ក​ពី​ក្លិប​បញ្ញា​សាស្ត្រ ដែលមាន​បញ្ញា​សាស្ត្រ​វត្ដ​បទុម​,​បឹង​កេងកង​, សែន​សុខ និង​បញ្ញា​សាស្ត្រ​ទួលគោក ដណ្តើមបាន​មេដាយ​ច្រើនជាងគេ នៅក្នុង​វិញ្ញាសា​ប្រកួត​ទាំង​១៦ ដោយបាន​មេដាយមាស ១១ ប្រាក់​១៣ និង​សំរឹទ្ធ​១៨ ខណៈ​ក្លិប​ដូនពេញ បានឈ្នះ​មេដាយមាស ៥ ប្រាក់​១ និង​សំរឹទ្ធ​៧ ក្លិប​ធី​អ៊ិ​ល​ស៊ី បាន​ប្រាក់​១ សំរឹទ្ធ​១ និង​ក្លិប Kent Ridge បាន​ប្រាក់​១ ប៉ុន្តែ​ក្លិប​ផ្សេងទៀត​មិន​ទទួលបាន​មេដាយ​ឡើយ​៕

Tag:
 តុង​ហ្គី​ល​ម៉ូ​ដូ​
  Joon Ho Seuk
© រក្សាសិទ្ធិដោយ thmeythmey.com