ជាតិ
លោក ខៀវ កា​ញា​រី​ទ្ធ ជំរុញ​ឲ្យ​អ្នកកាសែត​គោរព​សីលធម៌​ជនរងគ្រោះ​
26, Jul 2016 , 10:59 am        
រូបភាព
ដោយ:
 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធ ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្លួន​ឲ្យ​បាន​ខ្ជួ​ប​ខ្ជួន ក្នុង​ការចុះ​ផ្ដិត​រូបភាព​ជនរងគ្រោះ យកមក​ចុះផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន​។ បើតាម​លោក ខៀវ កាញារីទ្ធ ការថតរូប​ជនសង្ស័យ​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ក៏​ជា​បំផ្លាញ​ភស្តុតាង​សមត្ថកិច្ច​ដែរ​។

 

​ថ្លែង​ទៅកាន់​តំណាង មន្ត្រី​ជាង ៦០​រូប មកពី​តាម​មន្ទីរ​ព័ត៌មាន ២៥ រាជធានី​-​ខេត្ត ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​កម្មវិធី Java និង Window នៅ​ព្រឹក​ថ្ងៃទី​២៦ កក្កដា​នេះ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទីមួយ​បើ​យើង​និយាយ​អំពី​ឧក្រិដ្ឋកម្ម ឧក្រិដ្ឋ​អ្វី​ក៏ដោយ ចាប់ផ្ដើម​ដោយ​សង្ស័យ​ហើយ គេ​រឹត​មិន​ឲ្យ​អ្នកណា​ចូល ហើយ​បើ​ថត​វិញ Memory គេ​ប្រមូល​ទាំងអស់ ។​ទី​ពីរ កិត្តិយស​នៃ​សាកសព​ដែល​ត្រូវគេ​បុក​ដាច់​ខ្លួន ដាច់​ក្បាល ពេល​ថត​អាក្រក់​មែនទែន …​។ យើង​គិត​ខ្លួនឯង​វិញ​ទៅ​បើសិនជា​ងាប់​ទៅ​គាត់​ថត​បែបនេះ គិត​យ៉ាងម៉េច​ដែរ បាត់​កិត្តិយស​អស់រលីង ចំណុច​នេះ​គេ​រក្សា​ណាស់​បញ្ហា​នេះ គេ​សុំ​កុំ​ឲ្យ​ដាក​រូប​អ៊ីចឹង​។ ហើយ​តាមពិត​យើង​ណែនាំ​តាំងពី​ឆ្នាំ​២០០៤ តាំងពី​បង្កើត​ក្រសួង​ព័ត៌មាន​មក​យើង​តែង​ណែនាំ​លើ​បញ្ហា​នេះ​»​។​
 
​ជាមួយគ្នានេះ​លោក ខៀវ កា​ញា​រី​ទ្ធ ក៏បាន​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ចុះ​ផ្តិត​រូបភាព​ដោយ​រក្សា​កិត្តិយស​ជនរងគ្រោះដោយលោកចាត់ទុកក្រមសីលធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកសារព័ត៌មាន​។ លោក​រដ្ឋមន្ត្រី ទទួលស្គាល់ថា អ្នកសារព័ត៌មាន​គឺមាន​សិទ្ធិ​ក្នុង​ចុះ​ផ្ដិត​យក​រូបភាព​ព័ត៌មាន​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​អ្នកសារព័ត៌មាន​មិនត្រូវ​ផ្ដិត​យក​រូបភាព​អាក្រក់​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សិទ្ធិ​អ្នកដទៃ​មក​ចុះផ្សាយ​ឡើយ​។  
 
​កាលពី​ថ្ងៃទី​២៥ កក្កដា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធ បាន​បញ្ជាក់ថា ក្រសួង​មិនបាន​ហាមឃាត់​ស្ថានីយ៍ទូរទស្សន៍ មិន​ឲ្យ​ចុះផ្សាយ​រឿង​ឃាតកម្ម​នោះទេ ពោលគឺ​ក្រសួង​គ្រាន់តែ​ហាម​ស្ថាប័ន​ទូរទស្សន៍​ទាំងនោះ មិន​ឲ្យ​ចាក់ផ្សាយ​បង្ហាញ​រូបភាព និង​មុខ​ជនរងគ្រោះ​ដែល​ស្លាប់​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​។​
 
​លោក ខៀវ កា​ញា​រី​ទ្ធ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដោយ​បញ្ជាក់​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​តាមពិត​មិនមែន​ឆ្លើយ​ជាមួយ​អ្នក​អត់​វិជ្ជាជីវៈ​ទេ តែ​ឃើញ​កាសែត​សួរថា​ហេតុអ្វី​ក្រសួង​មិន​ឲ្យ​ទូរទស្សន៍ ផ្សាយ​រឿង​ឃា​តុ​កម្ម ? ក្រសួង​មិនមែន​ហាម​រឿង​ផ្សាយ​ឃាតកម្ម​ទេ តែ​ហាម​រឿង​បង្ហាញ​រូប​ជនរងគ្រោះ​ដែល​ស្លាប់ (​តាម​សីលធម៌​គេ​ដាក់​រូប​កាល​នៅរស់ មិនមែន​ដាក់​រូប​សព​ទេ​) ។​
 

Tag:
 ក្រសួង​ព័ត៌មាន​
 ​ខៀវ កា​ញា​រី​ទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com