កីឡាជាតិ
ជាតិ
កម្ពុជា​ស្វាគមន៍​សិង្ហ​បុរី​នៅពេលដែល​វឌ្ឍនាកា មុន្នី​ឧ​ត្ត​ម និង​តុលា ញាំញី​ដោយ​របួស​
27, Jul 2016 , 3:37 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរី នា​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ស្អែក​នេះ នឹង​មិនមាន​វត្តមាន​កីឡាករ​ឆ្នើម​៣​រូប គឺ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ខ្សែបម្រើ​ការពារ ណុប តុលា ឡើយ ដោយ​ពួកគេ​កំពុង​ញាំញី​ដោយសារ​របួស​រៀងៗ​ខ្លួន​។​



​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី Khairul Amri បានចាត់ទុក​កីឡាករ​ម្នាក់​របស់​កម្ពុជា ថា​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព និង​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ខ្លួន នា​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង​សិង្ហ​បុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ស្អែក​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រធាន​ក្រុម​សិង្ហ​បុរី មិនបាន​លើក​ពី​ឈ្មោះ​របស់​កីឡាករ​កម្ពុជា​ឡើយ ប៉ុន្តែ​លោក Lee Tae Hoon គិតថា Amri និយាយ​សម្តៅ​ទៅលើ​ឃួន ឡា​បូ​រ៉ាវី ដែល​ប្រយុទ្ធ​ដែលមាន​បទពិសោធន៍​ប្រកួត​លើ​ឆាក​អន្តរជាតិ​ច្រើនជាងគេ​។​



​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា នេះ នៅ​ណាហ្គា​វើ​ល បាន​សម្តែង​ការសោកស្តាយ​ដែល​កីឡាករ​សំខាន់ៗ​ដែល​ត្រូវ​លេង​ដូចជា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នី​ឧ​ត្ត​ម មាន​របួស រួមទាំង​អវត្តមាន​ខ្សែបម្រើ​ការពារ​ដ៏​រឹងមាំ ណុប តុលា​។

​ទោះបីជា​យ៉ាងនេះ​ក្តី​លោក​សង្ឃឹមថា កូនក្រុម​របស់លោក​នឹងធ្វើ​បានល្អ​សម្រាប់​ជំនួប​នេះ ព្រោះ​មាន​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ជួយផ្តល់​កម្លាំង​។ លោក Lee Tae Hoon ទទួលស្គាល់ថា ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី គឺជា​ក្រុម​មួយ​ដ៏​ខ្លាំង​ជាពិសេស​ក្នុងការ​ប្រកួត​ជម្រុះ World Cup ក្រុម​នេះ​ធ្វើបាន​យ៉ាង​ល្អ ជាពិសេស​កីឡាករ​របស់​សិង្ហ​បុរី​មួយចំនួន​ទើបតែ​ត្រឡប់​មកពី​ហ្វឹក​ហ្វា​ត់​នៅ​ប្រទេស​ជប៉ុន​។ លោក បានចាត់ទុក​ការប្រកួត​នេះ​ជាការ​ដកស្រង់​បទពិសោធន៍​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ទោះ​មួយរយៈ​នេះ​កម្ពុជា​រៀបចំ​មិនបាន​ល្អ​ក៏ដោយ​។

​រីឯ លោក Varadaraju Sundramoorthy គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​បាន​រៀបរាប់ថា សម្រាប់​ជំនួប​ជាមួយ​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ស្អែក​នេះ លោក​មិន​បានដាក់​ឈុត​ធំ​ដែល​កម្ពុជា​ធ្លាប់​ជួប​នាពេល​កន្លងមក​នោះទេ ព្រោះ​កីឡាករ​ជើង​ខ្លាំង​ចំនួន​៦​នាក់​បាន​អវត្តមាន​ដោយសារ​ជាប់រវល់​លេង​នៅក្នុង​លី​ក​កំពូល​របស់​ប្រទេស​ផ្សេង និង​កីឡាករ​ជើង​ខ្លាំង​ម្នាក់​កំពុងមាន​របួស ហើយ​លោក​បាន​ចាត់ទុកថា អ្នកគាំទ្រ​គឺជា​ការដាក់​សម្ពាធ​មួយ​ដល់​ក្រុម​របស់លោក ប៉ុន្តែ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​កក្រើក ដើម្បី​យកឈ្នះ​លើ​កម្ពុជា​ទោះបី​វា​ជាការ​ប្រកួត​មិត្តភាព​ក៏ដោយ​។​



​តាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កម្ពុជា​ធ្លាប់​ជួប​សិង្ហ​បុរី ១៦​លើក ដែល​ក្នុងនោះ កម្ពុជា​ធ្លាប់​ឈ្នះ​តែ​១​លើក​គត់ និង​ស្មើ​២​លើក​។ នា​ការប្រកួត​ជម្រុះ World Cup កន្លងមក សិង្ហ​បុរី បានទទួល​ជ័យជម្នះ​ទាំង​ពីរលើក​ក្នុងជំនួប​ជាមួយ​កម្ពុជា​៕


Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  មិត្តភាព​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com