ពីនេះ ពីនោះ
សុភាសិត​ខ្មែរ​៖ «​ជួញ​ជិត ប្រើ​សើរ​ជាង​ជួញ​ឆ្ងាយ​» អប់រំ​ពី​ការរៀបចំ​គ្រួសារ​ឲ្យ​កូនចៅ និង​ធ្វើ​ជំនួញ​
29, Jul 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សុភាសិត​មួយ​ឃ្លា​ថា «​ជួញ​ជិត ប្រើ​សើរ​ជាង​ជួញ​ឆ្ងាយ​» គេ​តែង​ឮ​ប្រជាជន​ខ្មែរ ដែលមាន​វ័យ​ចំណាស់ លើកឡើង ដើម្បី​ប្រដៅ​កូនចៅ​។ ជា​អត្ថន័យ សុភាសិត​មួយ​នេះ​អាចមាន​គោលដៅ​សំខាន់​មួយចំនួន ផ្នែក​អត្ថន័យ​ដែល​អ្នកបកស្រាយ ត្រូវ​គិត​ទៅរក​អ្វី​ជា​បំណង​របស់​បុព្វបុរស​ខ្មែរ ដែល​លោក​បានលើកឡើង​។



​ចំពោះ​សុភាសិត​នេះ កន្លងទៅ​ខ្មែរ​តែងតែ​និយាយ នៅពេលដែល​គេ​គិតគូរ រៀបចំ​ទុកដាក់ កូនចៅ ។ ចាស់​បុរាណ​ខ្មែរ​លោក​គិតថា ការរៀបចំ​ឲ្យ​កូនចៅ​មាន​ប្ដី​ប្រពន្ធ​ឆ្ងាយ​ស្រុកភូមិ ឆ្ងាយ​ស្រុក ឆ្ងាយ​ខេត្ត គឺ​ធ្វើ​ឲ្យ​លោក​មាន​ការមិន​សុខ​ស្រណុក​ក្នុង​ចិត្ត​។ ព្រោះ​នៅពេល​កូនចៅ​របស់លោក នៅ​ឆ្ងាយ​ភ្នែក​លោក លោក​ព្រួយ​លោក​បារម្ភ មិនដឹងថា​កូនចៅ​របស់លោក​រង​ទុក្ខ​អ្វីខ្លះ​។ ហេតុនេះ សុភាសិត​នេះ ដូនតា​លោក​លើកឡើង ដើម្បី​ប្រាប់​កូនចៅ​ថា ការរៀប​ការ មាន​គូរ​ស្រករ​បែប​នោះ មិនមែនជា​រឿង​ល្អ និង​បំភ័យ​អារម្មណ៍​កូនចៅ កុំ​ឲ្យ​ប្ដី​ប្រពន្ធ​ឆ្ងាយ​ស្រុក​។​

​សម្រាប់​ន័យ​ម្យ៉ាងទៀត គោលដៅ​នៃ​សុភាសិត​នេះ ក៏​អាចទាក់ទង​ជាមួយ ការប្រកប​របរ​រក​ស៊ី ជួញដូរ​ស្រុក​ជិត ស្រុក​ឆ្ងាយ​ជាដើម​ផងដែរ​។ ដោយហេតុថា ដូនតា​ខ្មែរ លោក​មាន​មានការ​គិតគូរ និង​ព្រួយបារម្ភ​ខ្ពស់​ពី​ការប្រកប់​ជំនួញ​។  ជាការ​ពិតណាស់​សម័យ​មុន ការប្រកប​របរ​ជួញដូរ​ស្រុក​ឆ្ងាយ គឺ​ប្រឈម​បញ្ហា​ខ្ពស់​ជាពិសេស​បញ្ហា​សុខ​សុវត្ថិភាព​។ ស្ថិតក្នុង​ស្ថានភាព​ស្រុកទេស​អសន្តិសុខ  មនុស្ស​កាច​សាហាវ មនុស្ស​មិនទាន់​ស្គាល់​ច្បាប់ ជាដើម​នោះ គ្រោះថ្នាក់​ជំនួញ ទាក់ទង​បញ្ហា​លួច​ប្លន់​គឺជា​រឿង​ប្រឈម​ធំ​សម្រាប់​អ្នករកស៊ី​។ ហេតុនេះ «​ជួញ​ជិត ប្រសើរ​ជាង​ជួញ​ឆ្ងាយ​» គឺជា​ពាក្យ​ដាស់តឿន​ថា ការប្រកប​របរជំនួញ​ជួញដូរ​រកស៊ី ផ្លូវ​ឆ្ងាយ ស្រុក​ឆ្ងាយ​គឺ​មិន​ប្រាកដថា បានល្អ​ប្រសើរ​ជាង​ការរកស៊ី​នៅក្នុង​ស្រុក​ឡើយ​។   ប៉ុន្តែ​អាចមាន​បញ្ហា​ដល់​ជីវិត​ក៏មាន​។ នេះហើយ​ដែល​ការ​ជួញ​ជិត វា​ប្រសើរ​ជាង​។

​ចំពោះ​សុភាសិត​នេះ ច្បាស់​ណាស់​មិន​អាចមាន​វិសាលភាព​អត្ថន័យ​ក្រៅពីនេះ​នោះទេ​។ ប៉ុន្តែ​ក៏​អាច​និង​មានការ​យល់ឃើញ​ជ្រៅ​ជាង​នេះ ប្រសិនបើ​អ្នកបកស្រាយ​មួយចំនួន គេ​មាន​សិ​ល្បះ​នៃ​ការបកស្រាយ​ខ្ពស់ជាង​នេះ​។

​ប៉ុន្តែ​អ្វីដែល​សំខាន់​នៅពេលនេះ វិសាលភាព​តម្លៃ​របស់​សុភាសិត​នេះ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ អាចមាន​ការបាត់បង់​ក្នុងការ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ពីព្រោះថា បច្ចុប្បន្នភាព ប្រសិន​នៅ​បន្ត​គិតបែបនេះ គឺ​មិនអាច​នាំ​ឲ្យ​មានការ​រីកចម្រើន​នោះទេ​។ ជាពិសេស​ស្របពេល​ដែល​ពិភពលោក​ប្រែប្រួល​ចរន្ត​ពាណិជ្ជកម្ម​ថ្មី​ផង​នោះ​។ តែ​ទោះជា​យ៉ាងណា វា​ក៏​អាចមាន​លក្ខខណ្ឌ​មួយចំនួន​ដែល​ត្រូវ​ពិចារណា​ផងដែរ ចំពោះ​តម្លៃ​របស់​សុភាសិត​នេះ ក្នុងពេល​បច្ចុប្បន្ន​។ ព្រោះថា បច្ចុប្បន្ន​ចរន្ត​ចំណាក់ស្រុក ការរៀប​ការ​ទៅ​ស្រុក​ចិនដីគោក ការបោះបង់​ដីស្រែ​ទៅធ្វើ​កម្មករ ជាដើម​នោះ ពេលខ្លះ​មិនបាន​ធ្វើ​ឲ្យ​ជីវភាព​របស់គេ​បាន​ប្រសើរ​ឡើយ ប៉ុន្តែ​នៅតែ​បន្ត​ឲ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​។  ឧទាហរណ៍ ធ្វើ​កម្មករ​មួយខែ​បី​រយ ទៅ​បួន​រយ​ដុល្លា តែបើ​នៅផ្ទះ​ធ្វើស្រែ​ចំការ ចិញ្ចឹម​មាន់​ទា ជ្រូក​គោ ប្រហែល​ពេលខ្លះ អាច​រកចំណូលបាន​ច្រើនជាង​នោះ ឲ្យ​តែ​តាំងចិត្ត​ថា ធ្វើ​ប្រាំបី​ម៉ោង​ពេញ ដូច​ទៅធ្វើ​កម្មករ​គេ​។

​ជារួម​មក ទោះជា​យ៉ាងណា​តម្លៃ​របស់​សុភាសិត​នេះ​នៅតែមាន មិនអាច​ខ្វះ​បាន គ្រាន់តែ​ចំណុច​ខ្លះ ត្រូវ​កែប្រែ​ការគិត និង​ប្រតិបត្តិ​តែប៉ុណ្ណោះ​៕


Tag:
 សុភាសិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com