ពីនេះ ពីនោះ
សាស្ត្រាចារ្យ គូ សុភាព ប្រាប់​វិធី​៨​យ៉ាង ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប
29, Jul 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណៈ​ការប្រឡង​បាក់​ឌុប កាន់តែ​ខិតជិត​មកដល់ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ប្រាប់​ឲ្យ​សិស្ស​ត្រៀមលក្ខណៈ​សម្បត្តិ​ចំនួន​៨​ចំណុច​ដូចខាងក្រោម​៖



១) មើល​មេរៀន​ត្រៀម កុំ​ទុក​ចាំ​ដល់​ថ្ងៃ​ប្រឡង​ទើប​មើល​មេរៀន​នោះ​។ មើល​មេរៀន​ឲ្យ​បាន​មុន​ប្រឡង​យ៉ាងហោចណាស់​១​ទៅ​២​សប្តាហ៍​មុនពេល​ប្រឡង​។​

២)  មើល​កំណត់ត្រា វា​ជា​មេរៀន​សង្ខេប ងាយស្រួល​មើល ស្រណុក​សរុបសេចក្តី​មេរៀន បើ​ឆ្ងល់​មើលសៀវភៅ​បន្ថែម​។

៣) ជជែក​ពិភាក្សា បើ​មាន​ពេល ត្រូវ​ជួបជុំ​ជជែក​ពិភាក្សាគ្នា វា​ធ្វើ​ឲ្យ​អ្នក​បាន​ចង់ចាំ​បានល្អ ហើយ​មាន​ស្មារតី​រឹងមាំ​។

៤) បង្រៀន​គេ ពីព្រោះ ការបង្រៀន​គេ អាចធ្វើ​ឲ្យ​យើង​ចេះ​ខ្លួនឯង និង​មាន​ជឿជាក់​លើ​ខ្លួនឯង​បន្ថែមទៀត​។ បង្រៀន​គេ មិនត្រូវ​ខ្លាច​គេ​ចេះ​ជាង ឬ​កុំ​ខ្លាច​គេ​បាន​ពិន្ទុ​ល្អ​ជាង​ខ្លួនឯង​នោះ​។

៥) សាកល្បង​ធ្វើ​លំ​ហាត់ យក​សំណួរ​ចាស់ៗ ឬ​វិញ្ញាសារ​ចាស់ៗ មក​សាកល្បង​ធ្វើ​វា ដើម្បី​ឲ្យ​ដឹង​ពី​សមត្ថភាព​របស់ខ្លួន​ឯង​។ 

៦) កុំ​គ្រាន់តែ​ចាំ​រត់មាត់ ពោល គឺ​ចាំ​ហើយ​យល់​ផង​។ ការធ្វើ​ដូច្នេះ វា​អាចធ្វើ​ឲ្យ​អ្នក​យល់ច្បាស់ និង​ចាំ​បានយូរ​។

៧) កុំ​រៀន​សម្រុក​ពេក កុំ​ប្រឹងរៀន​រហូត​ដាច់​យប់ អត់​ដេក​អត់​ពួន វា​មិនល្អ​ទេ ពីព្រោះ​វា​ធ្វើ​ឲ្យ​យើង​ធេងធោង ចាំមេរៀន​មិនបាន​ល្អ​ទេ​។ សម្រាក​ខួរក្បាល​ខ្លះ យក​កម្លាំង ដើម្បី​រៀន​បានយូរ​។

៨) គួរ​ទៅ​មើល​បន្ទប់​ប្រឡង និង​អាគារ​ប្រឡង រួច​អង្គុយ​សាកមើល ដើម្បី​ឲ្យ​ស៊ាំ​នឹង​បរិស្ថាន នៃ​មណ្ឌល​ប្រឡង​។

​សូម​រម្លឹកថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​បេក្ខជន​ប្រឡង​ជាង​៩​ម៉ឺន​នាក់ មាន​១៥៧ មណ្ឌល និង​៣,៧៨១​បន្ទប់​ប្រឡង នៅ​ទូទាំង​រាជធានី ខេត្ត​៕  

​ប្រភព​៖ សៀវភៅ​«​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​»​រៀបរៀង​ដោយ ភិក្ខុ គូ សុភាព    


Tag:
 ភិក្ខុ គូ សុភាព​
 ​ បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com