ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ វៀតណាម​មិនមែនជា​ចៅហ្វាយ​របស់ខ្ញុំ​
01, Aug 2016 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​បញ្ជាក់បន្ថែម​លើ​ការបញ្ចេញមតិ​របស់​ម្ចាស់​គណនី​ម្នាក់​ដែលមាន​ឈ្មោះថា  Phạm Đức Hiển ។ បុរស​ដែលមាន​ឈ្មោះ​វៀតណាម​ម្នាក់នេះ បាន​ចូល Comment នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា «​លោក ហ៊ុន សែន ក្បត់​វៀតណាម​» ។​



​កាលពី​យប់​ថ្ងៃអាទិត្យ សម្តេច ហ៊ុន សែន ចូល​ប្រតិកម្ម​ភ្លាមៗ ប៉ុន្តែ​ការឆ្លើយ​ឆ្លង​នោះ ត្រូវបាន​លុបចេញ​។ បើតាម​ការបញ្ជា​ក់រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី បុគ្គល​ឈ្មោះ  Phạm Đức Hiển បាន Comment ខ្លួន​ចោល​អស់​រួមទាំង​មតិយោបល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បាន​ចុះផ្សាយ​ចម្លើយ​របស់ខ្លួន​ឡើងវិញ​ដែល​តប​ទៅនឹង​សំណេរ​របស់ Phạm Đức Hiển ដែលថា សម្តេច​ក្បត់​វៀតណាម​។ «​ហេតុអ្វី​បានជា​លោក​និយាយថា​ខ្ញុំ​ក្បត់​វៀតណាម​? តើ​វៀតណាម​ជា​ឪពុក​ខ្ញុំ​ឬ​ជា​មហាក្សត្រ​ខ្ញុំ​ឬ​?»  នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ខ្មែរ​។​

​សម្តេច​បាន​បន្ថែមថា អ្នក​ដែល​សម្តេច​ត្រូវ​ស្មោះត្រង់​គឺ​ជាតិខ្មែរ ព្រះមហាក្សត្រ​កម្ពុជា​ជាទី​សក្ការ និង​ភរិយា ជាទី​ស្រឡាញ់​។ «​វៀតណាម​មិនមែនជា​ចៅហ្វាយ​របស់ខ្ញុំ​ដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់​នោះទេ​។ បើ​លោក​ជា​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា​ស្របច្បាប់​ត្រូវគោរព​ច្បាប់​កម្ពុជា បើ​រស់នៅ​មិន​ស្របច្បាប់​ត្រូវ​ចាក​ចេញពី​កម្ពុជា និង​បើ​រស់នៅ​វៀតណាម​សុំ​ស្រឡាញ់​មេដឹកនាំ​វៀតណាម​ទៅ​»​។

​ជាមួយគ្នានេះ សម្តេច​បាន​គូសបញ្ជាក់ថា សម្តេច​ជា​មេដឹកនាំ​ដែលមាន​ឯករាជ្យ អធិបតេយ្យភាព​ដែល​ត្រូវ​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​វៀតណាម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ឋិ ហើយ​សម្តេច​ស្គាល់​ច្បាស់​ចរិត​មេដឹកនាំ​វៀតណាម​តែង​គោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព​របស់​កម្ពុជា​៕


Tag:
 ​សម្តេច ហ៊ុន សែន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com