ពីនេះ ពីនោះ
សុភាសិត​ខ្មែរ​៖ «​ស្លាប់​ខ្លួន សមសួន​ជាង​ស្លាប់​កេរ្តិ៍ឈ្មោះ​»​បង្ហាញ​ពី​តម្លៃ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​
03, Aug 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រប់​មនុស្ស​ទាំងអស់​គ្មាន​អ្នកណាម្នាក់​មិន​ស្រឡាញ់​ជីវិត ហើយ​មិន​ខ្លាច​ចំពោះ​សេចក្ដីស្លាប​ឡើយ​។ ក្នុងនោះ​ផងដែរ ក៏​គ្មាន​អ្នកណាម្នាក់​ដែល​ចង់​ស្លាប់​ទៅហើយ​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​អាស្រូវ ដល់​កូនចៅ​ជំនាន់​ក្រោយៗ​នោះដែរ​។ ហេតុ​ដូច្នេះហើយ ទើប មាន​សុភាសិត​មួយ​លើកឡើងថា «​ស្លាប់​ខ្លួន សមសួន​ជាង​ស្លាប់​កេរ្តិ៍ឈ្មោះ​»​។



​ក្នុង​សុភាសិត​មួយ​នេះ ដ្បិតថា មិនមាន​ជា​អត្ថន័យ​បែប​ធៀប​ន័យ​ច្រើន ប៉ុន្តែ​ក៏​គួរតែ​សិក្សា​ពី​ជម្រៅ​បំណង​របស់​ម្ចាស់​គំនិត​ដែលមាន​ទស្សនៈ​បែប​ខ្មែរ​មួយ និង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​យកមក​ពិចារណា​។​

​ការកសាង​ជីវិត​នៅក្នុង​លោក ចាប់​ពីថ្ងៃ​ចាប់កំណើត រហូតដល់​ថ្ងៃ​ស្លាប់ ពិតណាស់​មិនមែនជា​រឿង​ដែល​លំបាក​ខ្លាំង តែ​ក៏​មិនមែនជា​រឿង​ងាយស្រួល​នោះដែរ​។ ប៉ុន្តែ​អ្វីដែល​កាន់ ពិបាក​ទៅទៀត​នោះ​គឺ​ការរៀបចំ​ជីវិត​មួយ ប្រកបដោយ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​សម្រាប់​ជា​និមិត្តរូប​ដល់​មនុស្ស​ជំនាន់​ក្រោយ នោះ​ទើប​ជា​រឿង​ដែល​លំបាក​ជាទីបំផុត​។

​ព្រោះតែ​ការកសាង​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​លំបាក​បែបនេះហើយ ទើប​បុព្វបុរស​ខ្មែរ លោក​លើកឡើងថា «​ស្លាប់​ខ្លួន សមសួន​ជាង​ស្លាប់​កេរ្តិ៍ឈ្មោះ​»​។ ព្រោះ​គ្រប់​មនុស្ស​ទាំងអស់ ការបាត់​បង់ជីវិត​គឺជា​រឿង​ធម្មតា ដោយ​វា​ជា​ច្បាប់ធម្មជាតិ គឺ​គ្មាន​អ្វីដែល​ស្ថិតនៅ​ជា​អមតៈ​នោះទេ​។ ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះ និង​កិត្តិយស គឺជា​តម្លៃ​សំខាន់​បន្ទាប់ពី​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​។​

​ការបាត់​បង់ជីវិត​ព្រោះតែ​ជំងឺ គ្រោះថ្នាក់ ចាស់ជរា ឬ​មូលហេតុ​ផ្សេងៗ វា​គេច​មិន​ផុតពី​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​។ ត្រលប់​ទៅវិញ បើ​មនុស្ស​ម្នាក់​បណ្ដោយ​ឲ្យ ខ្លួន​ធ្លាក់​ទៅក្នុង​រណ្ដៅ​នៃ​អំពើអាក្រក់ ហើយ​ព្យាយាម​កសាង​កាន់តែច្រើន​នូវ​អំពើ​បាប ពេលនោះ​ហើយ​បុគ្គល​នោះ​កំពុង​ជីក​កប់​ខ្លួនឯង​នៅក្នុង​រណ្ដៅ​កេរ្តិ៍ឈ្មោះ​ស្អុយ​អាក្រក់​។ ហេតុផល​នេះ​ដែល​ដូនតា​លោក​មិន​ចង់ឃើញ​មនុស្ស​ជំនាន់​ក្រោយ​របស់លោក​ប្រកាន់​មាគ៌ា​អាក្រក់​នេះ​។

​ជា​រូ​ម​មក ជីវិត​រស់នៅ​ប្រសិនបើ​មិន​ព្រម​រៀបចំ​ជីវិត​ខ្លួន និង​ព្យាយាម​ក៏​សាង​កេរ្តិ៍ឈ្មោះ កិត្តិយស​នោះទេ ជីវិត​មួយ​នោះ​គឺ​គ្រាន់តែ​ជា​ជីវិត​ឥតន័យ រស់នៅ​កំដរ​តែ​ថ្ងៃ​ដែល​ត្រូវ​ត្រលប់​ទៅវិញ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​ជីវិត បាន​កសាង​ពន្លឺ​នៃ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ ទោះ​រូប​កាយ​ស្លាប់ទៅ​ក៏​របស់​នេះ​អាច​រក្សា​ឈ្មោះ​បុគ្គល​នោះ​នៅ​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com