ជាតិ
ចិន​ពិចារណា​បង្កើន​កូតា​នាំ​ស្រូវ​អង្ករ​ពី​កម្ពុ​ជាឲ្យដល់​២​សែន​តោន​ក្នុង​ឆ្នាំ​២០១៧
02, Aug 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចិន​ពិចារណា​បង្កើន​កូតា​នាំ​ស្រូវ​អង្ករ​ពី​កម្ពុជា​ទ្វេដង រហូតដល់​ចំនួន ២​សែន​តោន ក្នុង ២០១៧ ខាង​​មុខ​។ លើសពីនេះ ចិន​សន្យា​ជំរុញ​អ្នកវិនិយោគ​វិស័យ​កែច្នៃ ចំណីអាហារ ឧស្សាហកម្ម និង​វិស័យ​កសិឧស្សាហកម្ម​ដោយផ្ទាល់​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពី​កើន​ដល់​ទៅ ១៨​ភាគរយ​។​



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន ​លោក កៅ ហ៊ូ​ឆឹង (GAO Hucheng) នឹង​ពិភាក្សា​ផ្តល់​ការអនុគ្រោះ​ពន្ធគយក្នុងកម្រិត​រហូតដល់៩០​ភាគរយ និងការបង្កើន​ការនាំ​ចូល​ស្រូវ​អង្ករ​ពី​កម្ពុជា​ដល់ ២​សែន​តោន និងផលិតផល​កសិកម្ម​ល​ឆាប់ៗ​ខាងមុខ ដើម្បី​ពង្រឹងពង្រីក​ពាណិជ្ជកម្ម​ទេ្វ​ភាគី​រវាង​កម្ពុជា និង​ចិន​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័​កិ្ត បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក GAO Hucheng ពី​ការជំរុញ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ថា ចិន​សន្យា​ពិចារណា​បង្កើន​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ឲ្យ​ដល់ ២​សែន​តោន ខណៈពេល​បច្ចុប្បន្ន មានតែ ១​សែន​តោន ប៉ុណ្ណោះ​។ លើសពីនេះ លោក​បន្ត​ជា​វិជ្ជមាន​ថា ចិន​នឹង​ពិភាក្សា​បន្ថែមទៀត ពី​ការសម្រួល​ការចូល​ផលិតផល​កសិកម្ម​នានា ពី​កម្ពុជា​ផងដែរ​។​

​ជាងនេះទៀត លោក ប៉ាន សូរ​ស័ក្តិ បាន​ពិភាក្សា​ជាមួយ​មិត្ត​ចិន​ពី​ការអនុគ្រោះ​រួច​ពន្ធគយ គ្មាន​កូតា​កំណត់ ពាណិជ្ជកម្ម​ស្រូវ​អង្ករ ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ចិន និង​ជំរុញ​ការវិនិយោគ​កែច្នៃ​ផលិត​កសិកម្ម ម្ហូបអាហារ​ពី​ចិន​មក​ស្រុក​ខ្មែរ​ទៀតផង​។​

«​យើង​នឹង​ចុះហត្ថលេខា អនុញ្ញាត​នាំចេញ​វត្ថុ​ផ្សេងៗ​ទៀត ស្ទើរ​គ្រប់​វិស័យ​៩៧​ភាគរយ នឹង​លើសពីនេះ​ទៀ​តទៅ​ថ្ងៃក្រោយ ដែល​យើង​បាន​ពិភាក្សា​...​។ យើង​មាន​កំណើន​ផលិត​លើស​ដល់​ទៅ​៣​លាន​តោន ក្នុងឆ្នាំនេះ ដូច្នេះ​ចិន​នឹង​ជួយ​យើង​បន្ថែមទៀត​ក្នុងការ​នាំចេញ​»​។ រដ្ឋមន្ដ្រី​ទើប​តែង​ចូល​ដំណែង​ក្នុង​ពាក់កណ្តាល​អាណត្តិ​រដ្ឋាភិបាល​ទី​៥ រូបនេះ បាន​អះអាង​នៅ​ថ្ងៃទី​២ ខែសីហា​នេះ ពី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​លើក​ទឹក​ការវិនិយោគ​ពី​ចិន​។​

​ជាមួយគ្នា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន បានចាត់ទុក​កម្ពុជា​ជា​ដៃគូ​ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​ចិន ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ (One Belt One Road Initiative) និង ក្របខ័ណ្ឌ​អាស៊ាន​។​

​តាម​ទិន្នន័យ​ផ្លូវការ​ពី​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បានសម្រេច​នាំ​អង្ករ​ចេញ​តែ​ពាក់កណ្តាល​នៃ​ផែនការ ១ លាន​តោន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​វា​កើនឡើង​ជិត ៤០​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៤​។ របាយការណ៍​ប្រចាំឆ្នាំ​ចេញផ្សាយ​ក្នុង​ខែមករា ឆ្នាំ​២០១៦ កម្ពុជា​នាំចេញ​អង្ករ​បាន ៥៣៨ ៣៩៦ តោន​បើ​ធៀប​នឹង ៣៨៧ ០៦១ តោន​កាលពី​ឆ្នាំ ២០១៤ ដែល​កើនឡើង ៣៩,១ ភាគរយ​។ ប្រទេស​ចិន​ជាទី​ផ្សារ​ទីមួយ​របស់​កម្ពុជា ដែលមាន​ចំនួន ២១,៧ ភាគរយ និង ម៉ាឡេស៊ី ១០,២ ភាគរយ ក្នុងចំណោម​ទិសដៅ​ឈានមុខ​គេ ១០​។ ប្រភេទ​អង្ករ​នាំចេញ​សំខាន់ៗ មាន អង្ករ​ផ្កាម្លិះ និង​អង្ករ​ក្រអូប​ជាង ៥០​ភាគរយ ព្រមទាំង​អង្ករ​សមាន​ជាង ៤០​ភាគរយ​៕


Tag:
 កម្ពុជា​
  ចិន​
  អង្ករ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com