ពីនេះ ពីនោះ
ហេតុអ្វី​បានជា​ពាក្យ​«Crush» ពេញនិយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ហ្វេ​ស​ប៊ុ​ក​?
04, Aug 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«Crush»​បច្ចុប្បន្ននេះ​កំពុង​ពេញនិយម​យ៉ាងខ្លាំង នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជាពិសេស​ស្រទាប់​យុវវ័យ​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​មូលហេតុ​អ្វី​បានជា​ពាក្យ​ពេញនិយម​ខ្លាំង​ម្លេះ​?



​តាមពិត​ពាក្យ​«Crush» អាច​និយាយថា ត្រូវបាន​គេ​ពេញនិយម​ប្រើ និង​ស្គាល់​នៅ​ខ្មែរ​ក្នុង​កំឡុង​ឆ្នាំ ២០០៩ បន្ទាប់ពី​ពាក្យ​នេះ​ក្លាយជា​ចំណងជើង​បទ​ចម្រៀង​មួយ​បទ នៅ​ឆ្នាំ​២០០៨ ដែល​ច្រៀង​ដោយ​លោក David Archuleta ជា​បេក្ខជន​មួយរូប​របស់​កម្មវិធី American Idol ។​

​ចំណែក​បទ​ចម្រៀង​រប​ស់​តារា​រូបនេះ បានក្លាយ​ជា​បទ​មួយ​ដ៏​ពេញនិយម​នៅ​ខ្មែរ នៅ​ឆ្នាំ​២០០៩ ដោយ​បទ​នេះ​តែងតែ ស្ថិតនៅ​លំដាប់​លេខ​មួយ ក្នុងចំណោម​បទ​ចម្រៀង​ពេញនិយម​ទាំង​១០​បទ ប្រចាំ​កម្មវិធី​ទូរទស្សន៍​មួយ​។

​ក្រោយមក​ពាក្យ​នេះ​ក៏បាន​បាត់​មួយរយៈ ស្រាប់តែ​រយៈពេល​ចុងក្រោយ​នេះ ពាក្យ «Crush»​បាន​ងើប​ឡើងវិញ​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ភាគច្រើន​ជា​យុវវ័យ ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក​។​

​ពាក្យ​នេះ នៅពេល​គេ​ប្រើ​ជា Idiom ភាសា​ថា​«have a crush on» មានន័យថា​«​បាក់ចិត្ត​ទៅលើ​អ្វីមួយ​ដោយ​គ្មាន​ជម្រៅ​», «Have a crush on somebody» មានន័យថា «​បាក់ចិត្ត​ទៅលើ​នរណាម្នាក់​ដោយ​គ្មាន​ជម្រៅ​»​។ ចំណែក​អត្ថន័យ​ដែល​យុវវ័យ​ប្រើ​ក្នុង​បណ្ដាញ​សង្គម​សព្វថ្ងៃ ពាក្យ​«Crush» មានន័យថា «​លួច​ស្រឡាញ់​អ្នកណាម្នាក់ ទាំង​ម្ចាស់​ខ្លួនគេ​មិនដឹង​ខ្លួន​»​។​

​ក្នុងន័យ​នេះហើយ ដែល​យុវវ័យ​តែង​ប្រើពាក្យ​នេះ ដើម្បី​សរសេរ​នៅលើ​បណ្ដាញ​សង្គម ឬ និយាយ​លេង​ថា « She is my crush or He is my crush» ទៅ​បុរស ឬ​នារី​ដែល​ខ្លួន​លួច​ស្រឡាញ់ ដោយ​មិន​ឲ្យ​គេ​ដឹងខ្លួន​។ ចំណែក​ពេលខ្លះទៀត​គឺ​ប្រើពាក្យ​នេះ ទៅ​តារាចម្រៀង តារា​សម្ដែង ថា​ជា « Crush» របស់​ពួកគេ​។​

​ការប្រើប្រាស់​ពាក្យ​ជា​ភាសា​អង់គ្លេស មិនមែនជា​រឿង​ដែល​ចម្លែក​នោះទេ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការនិយម​ប្រើពាក្យ​ទេ​ដែល​សំខាន់​។  ជាក់ស្ដែង​ពាក្យ «Crush» នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​បរិបទ​ថ្មី​នៃ​កត្តា​ចិត្តសាស្ត្រ​របស់​យុវវ័យ​ខ្មែរ ទៅលើ​ទំនាក់ទំនង​ផ្នែក​អារម្មណ៍ ចំពោះ​បញ្ហា​សេ្ន​ហា ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com