ជាតិ
សិស្ស​និទ្ទេស B និង C ១២០០​នាក់ កាលពី​ឆ្នាំមុន ចូលរៀន​គ្រូ​ថ្នាក់​បឋម និង​អនុវិទ្យាល័យ​
03, Aug 2016 , 9:39 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បានប្រកាសថា បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A, B, C នៅ​ឆ្នាំនេះ ពួកគេ​នឹង​អាច​ជាប់​ឈ្មោះ​ជា​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្តិ​នៅតាម​បណ្ដា​គ្រឹះស្ថាន​អប់រំ ដែល​ក្រសួង​បានកំណត់​គោលនយោបាយ​លើកទឹកចិត្ត​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ​។ ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​៣ ខែសីហា លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស​ទាំង​៣​នេះ អាច​ក្លាយជា​គ្រូបង្រៀន​នៅតាម​សាលា​មតេយ្យ បឋមសិក្សា និង​អនុវិទ្យាល័យ ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩​។​



​បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ​រូបនេះ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ​ជាប់​និទ្ទេស B, C ១២០០​នាក់ កាលពី​ឆ្នាំមុន មាន​បេក្ខជន​មួយចំនួន​បានក្លាយ​ជា​គ្រូបង្រៀន​ថ្នាក់បឋមសិក្សា ថ្នាក់​អនុវិទ្យាល័យ តាម​សាលារៀន​មួយចំនួន​ហើយ​។ ចំណែក​បេក្ខជន​ជាប់​និទ្ទេស A ១០៨ នាក់ ពួកគេ​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស និង​មួយចំនួន​កំពុង​បន្ត​សិក្សា​នៅតាម​គ្រឹះស្ថាន​ថ្នាក​ឧ​ត្ត​ម​សិក្សា​នៅក្នុង​ប្រទេស​។​

​សម័យ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦​។ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង ៧​វិញ្ញាសា​ដូចគ្នា​។​

​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ មាន​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ៕


Tag:
 អប់រំ​
  ​ហង់ ជួនណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com