ជាតិ
ទូត​ជប៉ុន​៖«​លោក ហ៊ុន ម៉ា​ណែ​ត ជា​បុគ្គល​លេចធ្លោ​ម្នាក់​»
04, Aug 2016 , 12:43 pm        
រូបភាព
​ក្រោយពី​ការអញ្ជើញ​លោក ហ៊ុន ម៉ា​ណែ​ត ឲ្យ​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ការកំណត់​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មិនទាន់​រៀបចំ​នៅឡើយ​ទេ​។ ប៉ុន្តែ​ឯកអគ្គរាជទូត​ជប៉ុន​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺជា​ឥស្សរជន​សំខាន់ ដែល​ជប៉ុន​ចាប់អារម្មណ៍​។​



​នៅក្នុង​ជំនួប​ទ្វេភាគី​មួយ​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លីកា​លពី​ពាក់កណ្តាល​ខែកក្កដា សម​ភាគី​ជប៉ុន​លោក Shinzo Abe បាន​ប្រាប់​សម្តេច ហ៊ុន សែន ថា​លោក​សូម​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ឲ្យ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ ឯកអគ្គរាជទូត​ជប៉ុន លោក យូ​ជិ គូ​ម៉ា​ម៉ា​រូ ( Yuji Kumamaru) បាន​បញ្ជាក់ថា កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​មិនទាន់​កំណត់​នៅឡើយ​ទេ​។

​ប៉ុន្តែ តើ​ហេតុអ្វី​បានជា​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​? ឯកអគ្គរាជទូត​ជប៉ុន​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ជប៉ុន​មាន​កម្មវិធី​អញ្ជើញ​ឥស្សរជន​សំខាន់ៗ ពី​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។ យើង​គិតថា​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​បុគ្គល​លេចធ្លោ​ម្នាក់​ក្នុងប្រទេស​កម្ពុជា ដែល​យើង​សម្រេចចិត្ត​ធ្វើការ​អញ្ជើញ​»​។​

​នៅ​ថ្ងៃទី​១៦​ខែកក្កដា ក្នុងចំណោម​ប្រធានបទ​នៃ​ការពិភាក្សា​ជាច្រើន​ដែលមាន​ដូចជា​ការពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និង​ការចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក​ផង​នោះ លោក Shinzo Abe តាមរយៈ​សម្តេច ហ៊ុន សែន បាន​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សររ​សេរ​យ៉ាង​ដូច្នេះ​ថា​៖«​នាយករដ្ឋមន្ត្រី​ជប៉ុន​តាមរយៈ​ខ្ញុំ បាន​អញ្ជើញ ហ៊ុន ម៉ា​ណែ​ត ដែលជា​អ្នកដឹកនាំ​វ័យក្មេង​ទៅ​ទស្សនៈកិច្ច​នៅ​ជប៉ុន​។ ក្នុងនាម​ជា​ឳ​ពុក ខ្ញុំ​បាន​ថ្លែងអំណរគុណ​គាត់ ដែលមាន​មនោសញ្ចេតនា​រាប់អាន​ដល់​កូនប្រុស​របស់ខ្ញុំ​»៕


Tag:
 ហ៊ុន ម៉ា​ណែ​ត​
  លោក Yuji Kumamaru
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com