ពីនេះ ពីនោះ
ខ្មែរ​៖ ទ្រឹស្ដី​ល្អៗ​រស់​ឡើងវិញ សូម​ឲ្យ​ការ​ប្រ​តិ​ប​ត្តិ​ក៏​រស់​ស្របគ្នា​
05, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនៈ គំនិត យោបល់ ជំនឿ គ្រប់​និន្នាការ​នយោបាយ ដែល​បានលើកឡើង គឺជា​សិទ្ធិ​បុគ្គល​។ ការយល់ឃើញ ហើយ​បញ្ចេញ​ជាម​តិ នៅ​គ្រប់​វេទិការ គ្រប់​ជំនួប​ពិភាក្សា គឺជា​វិធាន​ដ៏​ល្អ ដើម្បី​ឈានទៅរក​ការរៀបចំ និង​ប្រតិបត្តិ​ឲ្យ​បានល្អ​។ ប៉ុន្តែ​ស្របពេល​ជាមួយ​ការលើកឡើង​នានា បែរជា​រូបភាព​នៃ​ការប្រតិបត្តិ​មិនមាន​ជា​រូបរាង​គួរ​ឲ្យ​កត់សម្គាល់​ដូច​ការនិយាយ​ទៅវិញ​។​



​បច្ចុប្បន្ននេះ គេ​អាច​និយាយបានថា ចរន្ត​នៃ​ការវិវត្ត​ទ្រឹស្ដី នៅក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរ ហាក់​មាន​សន្ទុះ​ងើបឡើង​យ៉ាងខ្លាំង​ទាំង​យុវជន សិស្សានុសិស្ស មន្ត្រីរាជការ បុគ្គលិក​គ្រប់ផ្នែក  មន្ត្រី​នយោបាយ និង​ថ្នាក់ដឹកនាំ​សង្គម​នានា​ជាដើម​។ ប្រការនេះ​គឺជា​រឿង​ប្រសើ​មួយ​ដែល​បង្ហាញថា ជនជាតិខ្មែរ ចាប់ផ្ដើម​មាន​មូលដ្ឋាន​ទ្រឹស្ដី​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ជីវិត​របស់​ពួកគេ​។

​ប៉ុន្តែ​ត្រឡប់​ទៅ​មើល​ក្នុងស្ថានភាព​ជាក់ស្ដែង​វិញ ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ​គឺមាន​តិចជាង ការលើក​ឡើងជា​ទ្រឹស្ដី ទាំង​នៅតាម​បណ្ដាញ​សង្គម ការនិយាយ​ជាប្រចាំ​ថ្ងៃជា​ដើម​។ បើ​គេ​ពិនិត្យ​មួយ​ភ្លែត សង្គម​មួយ​នេះ​គឺ​ពិតជា​សង្គម​ដ៏​ល្អប្រសើ​បំផុត​មួយ នេះ​បើ​គេ​មើល​តែ​ទៅលើ​ការបញ្ចេញ​គំនិត ទ្រឹស្ដី និង​ការលើកឡើង​គ្រប់​រូបភាព​។ ផ្ទុយ​មកវិញ​ការប្រតិបត្តិ​នៅមានកម្រិត​ទាំងអស់​។​

​សិស្សានុសិស្ស តែងតែ​លើកឡើងថា ធ្វើបែបនេះ​ទើប​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​។ ចំណែក​អ្នកខ្លះ​ថា ក្នុងនាម​ជា​សិស្ស​ត្រូវខិតខំ​រៀនសូត្រ អ្នកខ្លះ​ដើម្បី​រៀន​ឲ្យ​ពូកែ​ត្រូវ​ធ្វើបែបនេះ បែប​នោះ ស្ដាប់​ហើយ​អាន​ហើយ មាន​អារម្មណ៍​ថា អស្ចារ្យ​។ ប៉ុន្តែ​ងាក​ទៅ​មើល​ភាពជាក់ស្ដែង អ្នក​ទ្រឹស្ដី​យ៉ាងណា នៅតែ​ទ្រឹស្ដី​និយម តែ​ខ្វះ​ការអនុវត្ត​។ ចំណែក​អ្នក​ដែល​និយាយ​ហើយ​ធ្វើ នៅតែ​ធ្វើ​។​

​ចំណែក​វិស័យ​សាធារណៈ មន្ត្រី​សាធារណៈ នៅពេល​បាន​ជួប បាន​ស្ដាប់​ការជជែក ការផ្ដល់​អនុសាសន៍ និង​ការរៀបរាប់​ពី​វិធីសាស្ត្រ​ធ្វើ​ឲ្យ​សង្គម​មានការ​រីកចម្រើន មាន​សណ្ដាប់ធ្នាប់ គឺមាន​បែបបទ​ល្អ​គួរ​ពិចារណា​។ លោក​តែង​និយាយ​ពី​ការគ្រប់គ្រង​មួយ​ដែល​នាំមក​នូវ​ប្រសិទ្ធភាព បម្រើ​ប្រជាពលរដ្ឋ​ពិត ទទួលបាន​ទំនុក​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ ឃុំ ជាដើម​។ បន្ថែម​ពីនេះ​លោក​ថា គ្រប់យ៉ាង​ត្រូវ​ចាប់ផ្តើម​ចេញពី​ការដឹកនាំ គ្រប់គ្រង​ដោយ​គ្មាន​ការរើសអើង ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ម្ចាស់ គិតពី​សេវាសាធារណៈ​គ្រប់បែបយ៉ាង ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​មាន​សុខុមាលភាព​ជាដើម​។ ប៉ុន្តែ​ស្រប់ពេល​ជាមួយគ្នានេះ ការប្រតិបត្តិ​នៅតែ​ដើរ​យឺត​ជាង​សម្ដី​ទាំងនេះ​ដដែល​។ ពេលខ្លះ​ដែល​និយាយ​ពី​ចំនុច​ទាំងនេះ មិន​ព្រម​ប្រតិបត្តិ​ទៅទៀត​។

​វា​ជា​រឿង​ធម្មតា​ទេ ដែល​ទស្សនៈ គំនិត យោបល់ និង​ប្រភព​ទ្រឹស្ដី មិនអាច​អនុវត្តបាន​១០០% ដូច​អ្វីដែល​បាន​និយាយ និង​បានលើកឡើង​។ ក៏ប៉ុន្តែ បរិបទ​ថ្មី​នេះ សង្គម​ខ្មែរ​មានការ​ផុសផុល ទ្រឹស្ដី​និយម​ខ្លាំង​មែនទែន​។ អ្វីដែល​គួរ​កែ គឺ​ត្រូវតែ​កែ​។ ទ្រឹស្ដី​មួយ​មានតម្លៃ គឺ​អាស្រ័យ​លើ​ការប្រតិបត្តិ​។ គំនិត​មួយ​មាន​ប្រយោជន៍ គឺ​អាស្រ័យ​លើ​ការអនុវត្ត​។ យោបល់​មួយ មាន​សារសំខាន់ គឺ​អាស្រ័យ​លើ​ការយកទៅ​ប្រើប្រាស់​។ ក៏ប៉ុន្តែ​អ្វី​ទាំងនោះ​នៅតែ​គ្មាន​ន័យ នៅពេល​និយាយ​ហើយ​គ្មាន​ការអនុវត្ត​។


© រក្សាសិទ្ធិដោយ thmeythmey.com