ជាតិ
កម្ពុជា​គ្មាន​គម្រោង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​កំពង់​ស្ពី​ឡើយ​
04, Aug 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​មិន​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ឡើយ​។ សម្តេច ហ៊ុន សែន បាន​បដិសេធ​ព័ត៌មាន​គម្រោង​សាងសង់​អាកាសយានដ្ឋាន​យន្តហោះ​ថ្មី ក្នុង​ខេត្តកំពង់ស្ពឺ តែ​សម្តេច​ពុំទាន់​បញ្ជាក់​ពី​មូលហេតុ និង​ទីតាំង​គម្រោង​ថ្មី​ជាក់លាក់​នៅឡើយ​។ ប្រមុខ​រដ្ឋាភិបាល​លើកឡើង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៤ ខែសីហា​នេះ​។​



​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅនេះ អភិបាលរង​រាជធានី​ភ្នំពេញ បានស្នើ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airport) ពិចារណា​សង់​អាកាសយា​ន​ដ្ឋា​ន​ភ្នំពេញ​ថ្មី ក្នុង​ខេត្តកំពង់ស្ពឺ ចម្ងាយ​ពី​ភ្នំពេញ​ចន្លោះ ៦០ ទៅ​៧០​គីឡូម៉ែត្រ​។ លោក​បាន​លើក​មូលហេតុ​សង់​ព្រលានយន្តហោះ​ថ្មី​នេះ​ជិត​ភ្នំពេញ​នេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ថា វា​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​តម្លៃ​ទិញ​ដីស​ង់​ព្រលាន​។​

Cambodia Airport បានស្នើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពិនិត្យ​គោលការណ៍​សង់​អាកាសយា​ន​ដ្ឋា​ន​អន្តរ ជាតិ​ថ្មី លើ​ផ្ទៃដី​ទំហំ​ប្រមាណ ១៥០០​ហិកតា ខណៈ​អាកាសយានដ្ឋាន​បច្ចុប្បន្ន​ទំហំ​ជាង ៤០០​ហិកតា និង​អាយុ​ជិត ៧០​ឆ្នាំ ពោលគឺ​តាំង​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ ភាគី​ក្រុមហ៊ុន​បានស្នើ​ទីតាំង​ព្រលាន​ថ្មី​ចំនួន ៤ ឲ្យ​អាជ្ញាធរ​រាជធានី ពិចារណា​ផលប៉ះពាល់ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ មុនពេល គម្រោង លេចចេញ​ជា​រូបរាង រយៈពេល​ជាង ១០​ឆ្នាំ គឺ​អំឡុង​ឆ្នាំ ២០២៥ ឬ ២០៣០​ខាងមុខ​។

​លោក Jurgen Renner អ្នកគ្រប់គ្រង​ជាន់ខ្ពស់ នៃ​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្ដរជាតិ (International Air Transport Association)​បាន​លើក​ពី​ទីតាំង​ព្រលានយន្តហោះ​ថ្មី​ចំនួន ៤​កន្លែង ដែលមាន​លទ្ធភាព​សាងសង់ ឲ្យ​អាជ្ញាធរ​រាជធានី ពិចារណា​ពី​ផលប៉ះពាល់​ក្នុង​គម្រោង មុនពេល​ពួកគេ​ដាក់​គម្រោង​សិក្សា​នេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​សម្រេច​។​

​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ នៃ​សមាគម IATA ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​កាណាដា បាន​បន្ត​រៀបរាប់​ពី​ផល​វិជ្ជមាន​ក្នុង​ពី​សាងសង់​ព្រលានយន្តហោះ ថ្មី ថា​វា​នឹង​ជួយ​កាត់បន្ថយ ការកកស្ទះ​ចរាចរ​ក្នុង​ក្រុង បច្ចុប្បន្ន ដោយសារ​ក្រុមហ៊ុន នឹង​សង់​ផ្លូវ Highway ធំ​ទូលាយ ឬ​អាច​សង់​ផ្លូវ​រថភ្លើង​ពី​ព្រលានយន្តហោះ​មក​កណ្តាល​រាជធានី​ភ្នំពេញ ហើយ​ថា វា​នឹងមិន​បង្ក​សំឡេង​យន្តហោះ​រំខាន និង​ផលប៉ះពាល់​បរិស្ថាន ព្រមទាំង​គ្រោះអាសន្ន​ជាយថាហេតុ​ក្នុង​ទីក្រុង​ផងដែរ​។​

​កន្លងមក ក្រសួងទេសចរណ៍​រំពឹងថា ចំនួន​ទេសចរ​នឹង​កើន​ដល់​ជាង ៨​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​ជាង ៤​លាន​នាក់ ស្របពេល​ចំណុះ​ព្រលាន​សព្វថ្ងៃនេះ ទទួល​បានតែ ៥​លាន​នាក់​ប៉ុណ្ណោះ​។ តាម​របាយការណ៍​តួលេខ​ក្រសួងទេសចរណ៍​ឆ្នាំ ២០១៥ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​២​លាន​៨​សែន​នាក់​កាលពី​ឆ្នាំ​២០១១ និង​ចំនួន​ភ្ញៀវទេសចរ​បរទេស​កើន​ដល់​ជាង ៤​លាន​នាក់ ក្នុង​ឆ្នាំ​២០១៥៕


Tag:
 អាកាសយានដ្ឋាន​
  អាកាសចរ​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com