អន្តរជាតិ
មហា​យក្ស​ឥណ្ឌា​ត្រៀម​ពង្រាយ​មី​ស៊ី​ល BrahMos ទៅ​ព្រំដែន​ចិន​
04, Aug 2016 , 10:19 pm        
រូបភាព
​ចុងក្រោយ​គណរដ្ឋមន្ត្រី​ឥណ្ឌា​សម្រេច​ឲ្យ​មានការ​បង្កើត​កង​វ​វៈ​សេនា​ធំ​ទី​៤ ផ្នែក​មី​ស៊ី​ល​នា​ថ្ងៃ​អង្គារ​ទី ២ ខែសីហា ដោយ​មី​ស៊ី​ល​នេះ​ត្រូវបាន​ទៅកាន់ រដ្ឋ Arunachal Pradesh  នៅ​ភាគ​ខាង​ឦសាន​ដែល​ជាប់​ព្រំដែន​ប្រទេស​ចិន​នោះ​។


បើតាម​សារព័ត៌មាន​ឥណ្ឌា Economic Times រដ្ឋាភិបាល​នេះ​អនុញ្ញាត​ផ្តល់​មី​ស៊ី​ល​ល្បឿន​លឿន BrahMos​ដែលជា​អាវុធ​ផលិត​ក្នុង​ស្រុកក្រោម​ការសហកា​រ​ជាមួយ​រុស្ស៊ី ចំនួន​១០០ ដើម​ទៅ​ឲ្យ​វរៈ​សេនា​ធំ​ទី​៤​ផ្នែក​មី​ស៊ី​ល​នេះ រួមជាមួយ​យានយន្ត​បំពាក់​ម៉ា​ស៊ី​បាញ់​មី​ស៊ី​ល​ស្វ័យប្រវត្តិ​ចំនួន ៥​គ្រឿង និង​កន្លែង​បញ្ជា​ចល័ត​ចំនួន​១ ផង​។  ការពង្រាយ​មី​ស៊ី​ល​ល្បឿន​លឿន​និង​មាន​រយៈ​ចម្ងាយ​មធ្យម​ទៅកាន់​ព្រំដែន​ចិន​នេះ​ជា​យុទ្ធសាស្ត្រ​ពង្រឹងសមត្ថភាព​ប្រយុទ្ធ និង​ទប់ទល់​ការគំរាមកំហែង​ពី​ក្រៅ ឬ​និយាយ​ឲ្យ​ចំ​ដើម្បី​ទប់ទល់​ចិន​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​គណកម្មាធិការ​សន្តិសុខ​នៃ​រដ្ឋាភិបាល​ឥណ្ឌា​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បានសម្រេច​ឲ្យ​មានការ​ពង្រាយ​មី​ស៊ី​ល​របស់​ឥណ្ឌា BrahMos ទៅកាន់​រដ្ឋ Arunachal Pradesh ដែល​នៅជាប់​ព្រំដែន​ជាមួយ​ចិន នៅ​ដើម​សប្តាហ៍​កន្លងទៅ​។ ជារួម មី​ស៊ី​ល​ទាំងអស់​ចំនួន ១០០​ដើម​នឹងត្រូវ​បញ្ជូន​ទៅកាន់​តំបន់​ខាងលើនេះ​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ឥណ្ឌា​បាន​ចំណាយ​ថវិកា​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​និង​ផលិត​សព្វាវុធ​ដើម្បី​នាំចេញ​ផង​។ អាមេរិក និង​រុស្ស៊ី​ក្លាយជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​របស់​មហា​យក្ស​អាស៊ី​ខាងត្បូង​មួយ​នេះ ហើយ​អ្វីដែល​សំខាន់​រុស្ស៊ី​បាន​ក្លាយជា​ដៃគូ​សហការ​ផលិត​អាវុធ​ជាមួយ​ឥណ្ឌា​រួចហើយ​។ លាក់បាំង​អី មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​និង​មាន​ល្បឿន​លឿន BrahMos នេះ​ជា​សមិទ្ធផល​របស់​ក្រុមហ៊ុនចម្រុះ​របស់​ឥណ្ឌា​និង​រុស្ស៊ី​នេះឯង​។​ទាក់ទិន​ការនាំចេញ​អាវុធ​វិញ ឥណ្ឌា​កំពុង​ចាប់ផ្តើម​មានមុខ​មាន​មាត់​ក្នុង​ទីផ្សារ​អាវុធ ហើយ​ប្រទេស​ជាច្រើន​កំពុង​បញ្ជា​ទិញ​អាវុធ​ជាពិសេស​មី​ស៊ី​ល​ខាងលើនេះ​ពី​ឥណ្ឌា​ដែរ​។ ក្នុងចំណោម​នោះ មាន​រដ្ឋាភិបាល​វៀតណាម ដែលជា​ភាគី​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​ក្នុង សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

១.​ឥណ្ឌា​ពង្រាយ​មី​ស៊ី​ល​ដើម្បី​ទប់ទល់​មិត្ត​ជិតខាង​មហា​យក្ស​ចិន​?
​បើតាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌា ការសម្រេច​របស់​គណ​រដ្ឋមន្ត្រី​គឺ​បង្កើត​វរៈ​សេនា​ធំ​ផ្នែក​មី​ស៊ី​ល​នៅ​រដ្ឋ Arunachal Pradesh ដែល ជាប់​ព្រំដែន​ចិន​តែម្តង​។ វា​ជា​កងវរៈសេនាធំ​ផ្នែក​មី​ស៊ី​ល​របស់​ឥណ្ឌា​ទី ៤ ហើយ​វរៈ​សេនា​ធំ​នេះ​នឹង​ទទួលបាន​មី​ស៊ី​ល​ចំនួន ១០០​ដើម ដោយ រួមជាមួយ​យានយន្ត​បំពាក់​ម៉ា​ស៊ី​បាញ់​មី​ស៊ី​ល​ស្វ័យប្រវត្តិ​ចំនួន ៥​គ្រឿង និង​កន្លែង​បញ្ជា​ចល័ត​ចំនួន ១ ផង ក៏ដូចជា​សម្ភារៈ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយចំនួន​ផងដែរ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ ការបំពេញភារកិច្ច​។ ជារួម ការបង្កើត​វរៈ​សេនា​ធំថ្មី​នេះ ឥណ្ឌា​ត្រូវ​ចំណាយ​ទឹកប្រាក់​ក្នុង​ទំហំ​ប្រហែល ជាង​៦៤០​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​



​ជាការ​វាយតម្លៃ​រួម ការបន្ត​ពង្រឹងសមត្ថភាព​យោធា​ដោយ​នាំ​អាវុធ​ចូល​ផង ផលិត​អាវុធ​ខ្លួនឯង​ផង ហើយ​មានការ​ពង្រាយ​មី​ស៊ី​ល​ស៊េរី​ទំនើប​នេះ​ទៅតាម​ព្រំដែន​ជាមួយ​ចិន បង្ហាញ​កាន់តែច្បាស់​ពី​យុទ្ធសាស្ត្រ​របស់​មហា​យក្ស​ឥណ្ឌា​ក្នុងការ​ទប់ទល់​ជាមួយ​ចិន​។ ឥណ្ឌា​តែងតែ​ប្រុងប្រយ័ត្ន ព្រោះ​មកទល់​បច្ចុប្បន្ន​ចិន​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រើប្រាស់​បម្រើ​ប្រយោជន៍​យោធា​យ៉ាងច្រើន​នៅតាម​ព្រំដែន​ជាមួយ​ឥណ្ឌា​។​

​បន្ថែម​ពីនេះ មហា​យក្ស​ឥណ្ឌា ក៏​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​បំពាក់​មី​ស៊ី​ល​ប្រភេទ​នេះ​ឲ្យ​កងទ័ពជើងទឹក និង​ជើង​អាកាស ដែល​វា​នឹង​បង្កើន​សមត្ថភាព​និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ផង​។ បច្ចុប្បន្ននេះ បើ​ក្រឡេកមើល​កងទ័ពជើងទឹក​វិញ ឥណ្ឌា​បាន​បំពាក់​មី​ស៊ី​ល BrahMos លើ​នាវាចម្បាំង​ចំនួន​១០​គ្រឿង​រួចរាល់​ហើយ ហើយក៏​ត្រៀម​បំពាក់​លើ​នាវាមុជទឹក​ផងដែរ​។ ចំណែក​ទ័ពអាកាស ឥណ្ឌា​បាន​សាកល្បង​បំពាក់​និង​បាញ់​មី​ស៊ី​ល​នេះ​ពីលើ​យន្តហោះ​ចម្បាំង Su-30 របស់​រុស្ស៊ី​រួចរាល់​ហើយ​កាលពី​ខែមិថុនា​កន្លងទៅ​។​

​ដូច្នេះ មី​ស៊ី​ល​ដែល​អាច​បាញ់​បាន​ចម្ងាយ ២៩០ គីឡូម៉ែត្រ​និង​មាន​ល្បឿន​លឿន​នេះ​នឹងមាន​តួនាទី​ស្នូល​ក្នុងការ​ការពារ​ព្រំដែន​ឥណ្ឌា​និង​ទប់ស្កាត់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ក្នុង​ស្ថានការណ៍​អាសន្ន​។​

២. ឥណ្ឌា​ត្រៀម​លក់​មី​ស៊ី​ល BrahMos ឲ្យ​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន​
 ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ ឥណ្ឌា​នេះ​បាន​បង្កើន​ការផលិត​មី​ស៊ី​ល​នេះ​ដើម្បី​នាំចេញ ក្នុងនាម​ជា​ប្រទេស​នាំចេញ​អាវុធ​ជាន់​ថ្មី​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រទេស​ជាច្រើន​រួមទាំង​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង វៀតណាម កំពុង​សុំ​ទិញ​មី​ស៊ី​ល​នេះ​ពី​ឥណ្ឌា​ថែមទៀត​។ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផលិត​សព្វាវុធ BrahMos Aerospace ព​ន្លឿ​ន​ការលក់​សព្វាវុធ​នេះ​ទៅ​ឲ្យ​ប្រទេស ៥ សិន​ដែល​ក្នុងនោះ​ប្រទេស​វៀតណាម​ស្ថិតនៅ​លេខ​រៀង​ទីមួយ​។​

 ប្រទេស​បួន​ទៀត​មាន ប្រ​ស៊ី​ល ស៊ី​លី ឥណ្ឌូនេស៊ី  និង​អាហ្វ្រិក​ខាងត្បូង​។ តាមពិតទៅ វៀតណាម បានស្នើ​សុំ​ទិញ​មី​ស៊ី​លពី​ឥណ្ឌា​តាំងពី​ឆ្នាំ​២០១១ ម្ល៉េះ តែ​ឥណ្ឌា​ដើមឡើយ​ដូចជា​ស្ទាក់ស្ទើរ​ព្រោះ​ការលក់​អាវុធ​ឲ្យ​វៀតណាម​អាច​បង្ក​ការក្តៅក្រហាយ​ដល់​ចិន​ផង​។ វៀតណាម​រំពឹងថា មី​ស៊ី​ល​ប្រភេទ​នេះ​អាចជួយ​ខ្លួន​បាន​ច្រើន​ក្នុង​ការពង្រឹង​វិស័យ​ការពារជាតិ​ថែម​ទៀតផង ដោយសារ​វា​ស្ថិតក្នុង​ចំណោម​មី​ស៊ី​ល​ដែលមាន​ល្បឿន​លឿន​បំផុត​មួយ ពោលគឺ​លឿន​ជាង​សំឡេង ៣​ដង​។​

​គេ​វាយតម្លៃថា រដ្ឋាភិបាល​ឥណ្ឌា​កំពុងតែ​ព្យាយាម​ដើម្បី​ទប់ទល់​ជាមួយ​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​នៅក្នុង​តំបន់​ថែម​ទៀតផង ហើយ​ការ​រះ​ត្រដែត​ឡើង​របស់​ចិន​ក្លាយជា​ក្តីបារម្ភ​របស់ ឥណ្ឌា ចំពោះ​សន្តិសុខ​ផងដែរ​៕


Tag:
 BrahMos
  នា​រិ​ន្ទ្រា ម៉ូ​ឌី​
  Arunachal Pradesh
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com