អន្តរជាតិ
កាន់តំណែងបានជាង១ថ្ងៃ លោកស្រីរដ្ឋមន្ត្រីការពារជាតិជប៉ុន ព្រមានចិន និងកូរ៉េខាងជើង លោក Tomomi Inada រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់ជប៉ុន។ រូបថត Zuma Press
× ចូលកាន់តំណែងមិនទាន់បានពីរថ្ងៃស្រួលបួលផងនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មី បានចេញសារព្រមានខ្លាំងៗទៅគូប្រជែងស្រួចស្រាល់ និងជាអ្នកជិតខាងចំនួនពីរ គឺចិន និងកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើងពីសកម្មភាពបង្កហេតុជាញឹកញយរបស់កូរ៉េខាងជើង និងការប្រើប្រាស់កម្លាំងយោធារបស់ចិន នៅតំបន់ដែនសមុទ្រមានជម្លោះ។
រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុន លោកស្រី Tomomi Inada ដែលទើបទទួលការតែងតាំងពីនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានផ្ញើសារទៅកូរ៉េខាងជើង និងចិន ដែលតែងតែធ្វើសកម្មភាពនាំឲ្យស្ថានភាពតំបន់ទាំងមូល ឈានទៅរកការតានតឹងម្ដងហើយម្ដងទៀត។ មួយរយៈពេលចុងក្រោយនេះ កូរ៉េខាងជើង បានបញ្ចេញអាកប្បកិរិយាផ្គើននឹងអន្តរជាតិ តាមរយៈការបាញ់មីស៊ីលរបស់ខ្លូន ខណៈក្រុងប៉េកាំង បានបញ្ចេញសាច់ដុំយោធានៅតំបន់ជម្លោះជាមួយប្រទេសដទៃទៀត។
លោកស្រី Tomomi Inada ត្រូវតែងតាំងជាប្រមុខការពារជាតិថ្មី តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិក ដែលធ្លាក់ចូលដែនទឹកជប៉ុនជាលើកដំបូង។ ថ្លែងទៅកាន់ក្រុមទាហាន នៅក្រោយការត្រួតពលក្នុងនាមជារដ្ឋមន្ត្រីថ្មី លោកស្រី Inada និយាយថា កូរ៉េខាងជើង តែងតែបង្ករឿងម្ដងហើយម្ដងទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទិកជាដើម។
សូមរម្លឹកថា នៅថ្ងៃទី៣ ខែសីហា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ដែលធ្លាក់ក្នុងដែនសមុទ្រជប៉ុន។ ហើយនោះក៏ជាលើកទីមួយ ដែលមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ខណៈដែលស្ថានការណ៍នៅក្នុងតំបន់នេះ កំពុងតែតានតឹងដោយសារការបាញ់មីស៊ីលជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាងស្រាប់ហើយនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP មិនត្រឹមតែព្រមានកូរ៉េខាងជើងទេ រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានព្រមានក្រុងប៉េកាំងចំពោះជំហរប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាផងដែរ។ លោកស្រី Inada បញ្ជាក់ថា ចិនបានបង្កើនសកម្មភាពរបស់ខ្លួនទាំងនៅសមុទ្រ និងដែនអាកាសនៅជុំវិញជប៉ុន ហើយចិន កំពុងតែប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៅតំបន់ទាំងនោះ តាមរយៈការប្រើប្រាស់កម្លាំងយោធា។
ការរិះគន់នេះ ធ្វើឡើងស្របពេលដែលមហាយក្សចិន កំពុងពង្រឹងកម្លាំងយោធារបស់ខ្លួន ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង ដែលចិនទាមទារដែនសមុទ្រស្ទើរទាំងស្រុង។ មិនត្រឹមតែសមុទ្រចិនខាងត្បូង ជប៉ុន និងចិន ក៏មើលមុខគ្នាមិនត្រូវដោយសារតែជម្លោះទឹកដីរ៉ាំរ៉ៃលើកោះ Senkaku នៅសមុទ្រចិនខាងកើត៕
Tag:
ជប៉ុន
ចិន
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com