ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ចូរ​រួមគ្នា​គិតពី​ការអភិរក្ស​វិស័យ​សិល្បៈ​ទស្សនីយភាព​ខ្មែរ​!»
05, Aug 2016 , 12:27 pm        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន
​ដោយ​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន និង​ជា​បណ្ឌិត​ទស្សន​វិទ្យា​តន្ត្រី​(Doctor of Music Philosophy)

​ទម្រង់​សិល្បៈ​ទស្សនីយភាព​ពីមួយ​ជំនាន់ៗ​ទៅមួយ​ជំនាន់​កាន់តែ​បាត់បង់​ទៅៗ​គួ​អោយ​បារម្ភ​ណាស់​។ ខ្ញុំ​សូម​ផ្តល់​គំនិត​ដល់​កា​អភិរក្ស​វិស័យ​សិល្បៈ​ទស្សនីយភាព​ខ្មែរ​ដូចខាងក្រោម​៖



ទី ១- វត្ត​អារាម​គឺជា​កន្លែង​អភិរក្ស​វិស័យ​សិល្បៈ​វប្បធម៌ ដូចជា ៖ ចម្លាក់​ថ្ម ចម្លាក់​ឈឺ ចម្លាក់​ស្បែក គំនូរ​បុរាណ ភ្លេងពិណពាទ្យ ល្ខោន​ស្រមោល​ស្បែក​។​ល​។

ទី ២-​បច្ចុប្បន្ននេះ​ដោយសារ​ការបាត់​បង់ជីវិត​របស់​សាស្ត្រាចារ្យ​សិល្បៈ​ចាស់ៗ​ជា​បន្ត បន្ទាប់​តាមច្បាប់​ធម្មជាតិ​កំណត់​កើត​ចាស់​ឈឺ​ស្លាប់​ទាំងនេះ​បានធ្វើអោយ​វិស័យ​សិល្បៈ​គ្រប់​ទម្រង់ និង​សាលា​បណ្តុះបណ្តាល​ផ្នែក​សិល្បៈ​រួមមាន ៖ សាលា​វិចិត្រសិល្បៈ​មធ្យម​និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ឧ​ត្ត​មសិ​ក្សា​រួមទាំង​មន្ទីរ​វប្បធម៌​ទូទាំង​រាជធានី​ខេត្ត​ក្រុងមាន​ការធ្លាក់​ខ្សោយ​គួរអោយ​បារម្ភ​។ ទម្រង់​សិល្បៈ​ទស្សនីយ៍ភាព​មួយចំនួនធំ​ត្រូវ​បាត់បង់​និង​ស្ទើរតែ​បាត់បង់​ទាំងស្រុង​ដូចជា​៖​ល្ខោន​ប្រ​មោ​ទ័យ ល្ខោន​មហោរី ល្ខោននិយាយ ល្ខោនអាប៉េ ល្ខោន​យីកេ ល្ខោនបាសាក់​(​នៅមាន​ខ្លះៗ​)​តន្ត្រី​ខ្មែរ​មួយចំនួន ។ ការសិក្សា​សិល្បៈ​ទស្សនីយភាព​ខ្មែរ​គឺ​សិក្សា​តាម​ដំ​ណតៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ មិនមាន​ការកត់ត្រា ឬ​សរសេរ​ជា​ក្បួនខ្នាត ឬ​អក្សរ​ភ្លេង នោះទេ ។

​ឧទាហរណ៍​ថា លោកគ្រូ​ម្នាក់​គាត់​ចេះ​ទ្រ​១០០​បទ ពេល​គាត់​បង្រៀន​កូនសិស្ស កូនសិស្ស​ចេះ​ចាំតែ​៨០​បទ ពេល​លោកគ្រូ​នោះ​ស្លាប់ទៅ គឺ​បាត់​២០​បទ​។ ការបាត់បង់​នេះ​ចេះតែ​បាត់បង់​ជា​បន្តបន្ទាប់​រហូតមក​ដល់ពេលនេះ​មាន​បទ​បុរាណ​មួយចំនួន​មានតែ​ចំណងជើង រីឯ​បទ​វិញ​មិនមាន​អ្នកណា​ចេះ​ឬ​ចាំ​នោះទេ​ហើយ​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ​ទៀត​ក៏មាន​ការបាត់បង់​មិន​ខុសពី​តន្ត្រី​និង​ចម្រៀង​នោះដែរ​។ តើ​បញ្ហា​ទាំងនេះ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ថែរក្សា​និង​អភិរក្ស​ទម្រង់​សិល្បៈ​ទស្សនីយភាព​ទាំងអស់​នោះបាន​?

​ខ្ញុំ​មានគំនិត​ដូចតទៅ​នេះ​៖ ទី ១-​ត្រូវ​ពង្រឹង​សាលា​បណ្តុះបណ្តាល​ផ្នែក​វិស័យ​សិល្បៈ​(​សាលា​វិចិត្រសិល្បៈ​និង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​)​អោយមាន​គុណភាព​ទាំង​កម្រិត​មធ្យម​និង​ឧ​ត្ត​ម​សិក្សា​អោយបាន​ត្រឹមត្រូវ​ឡើងវិញ​។ ទី ២-​ត្រូវ​រៀបចំ និង​ពង្រឹង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ខេត្ត​ក្រោម​ទិសដៅ​មន្ទីរ​វប្បធម៌​និ ង​វិចិត្រសិល្បៈ​ខេត្ត​រាជធានី​មួយ​អភិរក្ស​ទម្រង់​សិល្បៈ​ទស្សនីយភាព​មួយ​។ ឧទាហរណ៍​ដូចជា​ខេត្តតាកែវ អភិរក្ស ល្ខោន​យីកេ ព្រោះថា​៖​កំណើត​ល្ខោន​យីកេ​គឺ​កើតចេញពី​ខេត្តតាកែវ​ដែលមាន​វង់​ល្ខោន​យីកេ​របស់ តា​ឃី ជាដើម ហើយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ខេត្ត​ធ្វើការ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនិង​សាលា​វិចិត្រសិល្បៈ​និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

ធ្វើ​ដូច្នេះ យើង​បាន​២៤​ទម្រង់​សិល្បៈ​ទស្សនីយភាព​ទូទាំងប្រទេស​ដែល​អភិរក្ស​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី ខេត្ត ទាំង​២៤​រាជធានី​ខេត្ត​ក្រុង​ទូទាំងប្រទេស និង​ទី ៣-​ត្រូវ​រៀបចំ​ថត វីដេអូ ដូចជា តន្ត្រី និង​ចម្រៀង​បុរាណ​ខ្មែរ របាំ ល្ខោន ។​ល​។ រួចហើយ​សរសេរ​ចងក្រង​ជា​ក្បួនខ្នាត​សម្រាប់​បង្ហាត់បង្ហាញ​ដល់​កូនចៅ​ជំនាន់​ក្រោយ​អោយបាន​សិក្សា​រៀនសូត្រ​បន្ត​។ ទាំងនេះ​គឺជា​អ្វីដែល​យើង​ត្រូវ​ធ្វើជា​ចាំបាច់ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ជួប​នូវ​ការបាត់បង់​ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​ជាច្រើន ដែល​គ្មាន​ថ្ងៃ​វិលត្រឡប់​វិញ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com