ពីនេះ ពីនោះ
ស្ដាយ​ធនធាន​យុវជន មិនបាន​កាន់​ការងារ​មូលដ្ឋាន​ច្រើន
06, Aug 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រសួង​ផលិត​ធនធានមនុស្ស​បាន​ផលិត​គ្រាប់ពូជ​ថ្មី សម្រាប់ សង្គម រាប់ម៉ឺន​នាក់ ដែល​មកពី​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​។ គ្រប់​ខេត្ត​គ្រប់​ក្រុង តែងតែ មាន​ក្មេង​ជំនាន់​ថ្មី​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ អាច​កាន់​ការងារ​ប្រទេស​បាន ទាំង ជំនាញ គិត ជំនាញ់​បច្ចេកទេស និង​មានគំនិត​ថ្មី​ដើម្បី​នាំ​ជាតិ​ទៅរក​ភាព​រីកចម្រើន​។  ប៉ុន្តែ​ហេតុអ្វី​បានជា​មន្ត្រី​នៅ​ថ្នាក់មូលដ្ឋាន បែរជា​ភាគច្រើន​គឺជា​មន្ត្រី​ចាស់ អាយុ​ច្រើន​?


​ជាការ​ពិត មន្ត្រី​ចាស់​អាយុ​ច្រើន មិនមែនជា​បញ្ហា ប្រសិនបើ​ការគ្រប់គ្រង​កិច្ចការ​បានល្អ មាន​ផែនការ​ច្បាស់លាស់ ជួយ​រៀបចំ​ថ្នាក់មូលដ្ឋាន​បានល្អ​។ 
 
​ប៉ុន្តែ​បើ​អាច​បញ្ចូល​បញ្ញវន្ត​ជំនាន់​ក្រោយ​ឲ្យ​បាន​កាន់តែច្រើន​គឺ​កាន់តែ​ល្អប្រសើ​។ ក្នុងន័យ​ថា បណ្ដុះ​ពួកគេ​ឲ្យ​យល់​ការងារ​ដឹកនាំ​ភូមិ ឃុំ ស្រុក​ឲ្យ​ហើយ ដើម្បី​ស្នង​ការងារ​ក្រោយពេល​មន្ត្រី​ចាស់​ចូលនិវត្តន៍​ទៅ​។ ក្រោយពេល​មន្ត្រី​ចាស់​ឈប់​ពី​ការងារ ពេលនោះ​រដ្ឋ​មិន​ភ័យព្រួយ​ខ្លាំង​ក្នុងការ​ជ្រើស​មនុស្ស ព្រោះ​ខ្លួន​បាន​បណ្ដុះ​រួចរាល់​។ 
 
​ចំណុច​នេះ អាច​និយាយថា មិនមែនជា​មន្ត្រី​ពេញសិទ្ធិ​ក៏បាន តែបើ​បើកឱកាស​ឲ្យ​ក្មេងៗ គាត់​បាន​ហ្វឹកហាត់​ការងារ ពី​របៀប​ដឹកនាំ និង​កិច្ចការ​ថ្នាក់មូលដ្ឋាន ការងាររដ្ឋបាល បន្ទាប់ពី​មន្ត្រី​ចាស់ នោះ​គឺជា​ការប្រសើ​មួយ​។ បន្ថែម​ពីនេះ​វា ក៏​ជា​ឱកាស​ដើម្បី​ឲ្យ​ស្វែងយល់​ពី​របៀប​ដឹកនាំ​ផ្សារភ្ជាប់​ជាមួយ​ទ្រឹស្ដី​ដែល​បាន​រៀន​នៅ​សាលា​ផង​។ 
 
​ហេតុនេះ វា​គឺ​ពេល​មួយ​ដែល​ត្រូវ​គិតពី​ការធ្វើកំណែទម្រង់​មន្ត្រី​ថ្នាក់ក្រោម​។ ហើយ​គឺជា​ឱកាស​មួយ​ដែល យុវជន​សម័យ​បច្ចេកវិទ្យា ចូលរួម​យ៉ាងសំខាន់ ដើម្បី​បម្រើ​កិច្ចការ​សង្គម និង​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឃុំ​។ យុវជន ក៏ត្រូវ​រៀបចំខ្លួន ឯង​ទាំង​សីលធម៌ គុណធម៌ សមត្ថភាព គោរព និង​ផ្តល់​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​សហការគ្នា​រៀបចំ​សង្គមជាតិ​។​

© រក្សាសិទ្ធិដោយ thmeythmey.com