អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថ្ងៃនេះ​ ៧១ឆ្នាំមុន អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​កម្ទេច​ទីក្រុង​ជប៉ុន​ហ៊ី​រ៉ូ​ស៊ី​ម៉ា​
06, Aug 2016 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ ៦ សីហា ឆ្នាំ​១៩៤៥ នៅ​ម៉ោង​ប្រហែល ២ ៖៤៥​នាទី​ព្រឹក (​ម៉ោង​ប្រទេស​ជប៉ុន​) យន្តហោះ​ទម្លាក់​គ្រាប់បែក B-29 អាមេរិក​មួយគ្រឿង​ឈ្មោះ Enola Gay បាន ហោះ​ចេញពី​កោះ​Tinian ដើម្បី​កម្ទេច​ទីក្រុង​ជប៉ុន ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ យន្តហោះ​នេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima) ​និង​ដាច់ចិត្ត​ទម្លាក់​គ្រាប់​នៅ​ម៉ោង​៨៖១៦​នាទី​ព្រឹក​។ រឿង​ដែល​រន្ធត់​បំផុត​នោះ​គ្រាន់តែ​គ្រាប់បែកបរមាណូ​ធ្លាក់​ដល់​ដី​ភ្លាម ទីក្រុង​ទាំងមូល​ខ្ទេច​ស្ទើរ​គ្មាន​សល់ ហើយ​មនុស្ស​ប្រហែល ៨​ម៉ឺន​នាក់​ស្លាប់​ភ្លាមៗ និង​មនុស្ស​ប្រហែល​៣៥០០០​នាក់​ទៀត​រងរបួស​ផងដែរ ។ 

​គ្រាប់បែកបរមាណូ​ដែល​សម្លាប់​មនុស្ស​រាប់សែន​នាក់​នៅ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា​ត្រឹម​ជា​គ្រាប់បែក​ទីមួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា  Little Boy ។ បី​ថ្ងៃក្រោយ​ការទម្លាក់​គ្រាប់​នេះ គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​ត្រូវបាន​ទាហានជើងអាកាស​អាមេរិក​ទម្លាក់​កម្ទេច​ទីក្រុង​ជប៉ុន ណាកាសាគី (Nagasaki)  ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ស្លាប់​យ៉ាង​អាណោច​អាធ​ម​។​
 
​គេ​ដឹង​ច្បាស់​ថា ការទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​កម្ទេច​ទីក្រុង​ជប៉ុន​នេះ ជាការ​សម្រេចចិត្ត​ផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិក Harry S. Truman ក្រោយ​ខឹង​ជប៉ុន​មិន​ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី​២​ដោយ​ឥត​លក្ខខណ្ឌ​តាម​អ្វីដែល​ភាគី​សន្និសីទ​ក្រុង Potsdam បានទាមទារ​។​ប្រធានាធិបតី​យល់ថា ការទម្លាក់​គ្រាប់បែកបរមាណូ​ប្រឆាំង​ជប៉ុន​នេះ​នឹង​ការពារ​មិន​ឲ្យ​សង្គ្រាម​រីក​រាលដាល និង​ការបាត់​បង់ជីវិត​មនុស្ស​កាន់តែច្រើន ប្រសិនជា​អាមេរិក​ត្រូវ​ប្រើប្រាស់​ទ័ព​វាយ​ឈ្លានពាន​ទឹកដី​ជប៉ុន​។ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​រង​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ​ដោយ​គ្រាប់​បរមាណូ​ពីរ​គ្រាប់ មេដឹកនាំ​ជប៉ុន​យល់ព្រម​ប្រកាស​លើក​ទង់ជ័យ​ស ចុះចាញ់​សង្គ្រាម​ដោយ​ឥត​លក្ខខណ្ឌ​មែន ប៉ុន្តែ​សង្គ្រាមលោកលើកទី​២​ចប់​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា​ឆ្នាំ ១៩៤៥​។​
 
​មកទល់​ពេល​បច្ចុប្បន្ននេះ នៅតែមាន​ការជជែក​ពិភាក្សាគ្នា​ជុំវិញ​ការទម្លាក់​គ្រាប់បែក​នេះ ដោយ​ខ្លះ​អះអាងថា ការទម្លាក់​គ្រាប់បែកបរមាណូ​ប្រឆាំង​ជប៉ុន​ជា​កំហុសឆ្គង​របស់​អាមេរិក ព្រោះ​អាមេរិក​អាចមាន​វិធី​ផ្សេងទៀត​ដើម្បី​ដាក់​គំនៀប​ឲ្យ​ជប៉ុន​ចុះចាញ់ ដោយ​មិនបាច់​ប្រើ​អាវុធ​ប្រល័យ​លោក​នេះឡើយ​។ យ៉ាងណា​ក៏ដោយចុះ ការប្រើប្រាស់​គ្រាប់បែក​អា​តូ​មិ​កនៅ​ជប៉ុន​ក្លាយជា​ប្រវត្តិសាស្ត្រ​និង​រឿងរ៉ាវ​ខ្លោចផ្សា​សម្រាប់​ប្រជាជន​ជប៉ុន​និង​ពិភពលោក​។ ដូច្នេះ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​នេះ​មិនអាច​កើតមានឡើង​ជាថ្មី​ទៀតឡើយ​នៅពេល​ខាងមុខ​។
​ទាក់ទិន​សោកនាដកម្ម​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​នេះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជាជន​ជប៉ុន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ក្នុង​ខែឧសភា​កន្លងទៅ ប៉ុន្តែ​លោក​មិនបាន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែក​នេះឡើយ​។ យ៉ាងណាមិញ លោក​បាន​ឆ្លៀត​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​ឯទៀត​ជាពិសេស​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទប់ស្កាត់​ឲ្យ​មាន​កុំ​មានការ​សាយភាយ​ឬ​ឈានដល់​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នេះ​ជាថ្មីទៀត​។ ប្រជាជន​ជប៉ុន​សង្ឃឹមថា បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​នឹងធ្វើ​តាម​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ជប៉ុន​ក៏​ប្តេជ្ញា​បន្ត​តួនាទី​ជាត​ស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​ពិភព​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀតផង​៕
 
​ឯកសារពិគ្រោះ៖
-History.com
-Japan Times
 
 

Tag:
 ហ៊ីរ៉ូស៊ីម៉ា
  ណាកាសាគី
© រក្សាសិទ្ធិដោយ thmeythmey.com