អន្តរជាតិ
លោក Duterte ប្រកាស​បន្ត​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន ដោយ​មិន​ខ្វល់​ពី​សិទ្ធិមនុស្ស​
08, Aug 2016 , 1:43 pm        
រូបភាព
​ទោះជា​កងកម្លាំង​ប៉ូលិស​ភី​លី​ពី​ន សម្លាប់​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​អស់​រាប់រយ​នាក់ និង​ថែមទាំង​រង​ការរិះគន់​ពី​អង្គការសហប្រជាជាតិ​ក៏ដោយ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ប្រកាស​បន្ត​យុទ្ធនាការ​បាញ់សម្លាប់​អ្នកលក់​គ្រឿងញៀន​តទៅទៀត ដោយ​មិន​ខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​អ្វី​ឡើយ​។ មិនតែប៉ុណ្ណោះ លោក ក៏​ចេញមុខ​ការពារ​មន្ត្រីប៉ូលិស​ដែល​ចូលរួម​ក្នុងការ​ប្រតិបត្តិការ​បោសសម្អាត​នេះ ពី​ការចោទប្រកាន់​ផ្សេងៗ​ផងដែរ​។​



​ពាក្យរិះគន់​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ការសម្លាប់​រង្គាល​ឈ្មួញ​គ្រឿងញៀន មិនបាន​បង្អាក់​ជំហរ​ប្រធានាធិបតី​ដៃ​ដែក​របស់​ហ្វីលីពីន Rodrigo Duterte នោះឡើយ​។ លោក Duterte បានប្រកាសថា លោក​នឹង​បន្ត​អនុវត្ត​បញ្ជា «​បាញ់សម្លាប់​» អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ដរាបណា​លោក​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី ហើយ​លោក ក៏​មិន​អើពើ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អី​នោះដែរ​។    

​ពី​សន្និសីទកាសែត​ក្នុង​ទីក្រុង Davao ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ និយាយថា យុទ្ធនាការ «​បាញ់សម្លាប់​» នឹង​នៅតែ​បន្តធ្វើ រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក ប្រសិនបើ​លោក​នៅមាន​ជីវិត​នោះ​។ សុន្ទរកថា​របស់លោក Duterte ជា​អង់គ្លេស​ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែសីហា ដោយ​វិមាន​ប្រធានាធិបតី បញ្ជាក់​ដែរ មន្ត្រី​រដ្ឋាភិបាល​ណាក៏ដោយ ដែល​ប្រើ​តួនាទី​របស់ខ្លួន​ចូល​ពាក់ព័ន្ធ​នឹង​ជំនួញ​បែបនេះ គឺ​ស្ថិត​លើ​គេ​នៃ​បញ្ជី​របស់លោក​។​

​ជាមួយគ្នានេះ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ដែរ​ថា លោក​ប្រធានាធិបតី Duterte ក៏បានផ្ដល់​ឲ្យ​ប៉ូលិស និង​ទាហាន នូវ​ការធានា​អភ័យឯកសិទ្ធិ​ពី​ការចោទប្រកាន់​ទាំងឡាយ ក្នុងពេល​អនុវត្ត​កា​ត្វ​កិ​ច្ចនៃ​យុទ្ធនាការ «​បាញ់សម្លាប់​» របស់លោក​ផងដែរ​។ ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ទាត់ចោល​ពាក្យរិះគន់​ដែលថា មនុស្ស​ជាង​បួន​រយ​នាក់​ដែល​ត្រូវ​ប៉ូលិស​សម្លាប់ គឺជា​រឿង​ឃោរឃៅ​។

​ចាប់តាំងពី​ការចូល​កាន់តំណែង​នៅ​ចុងខែ​ឧសភា​របស់​ល​លោក Duterte មនុស្ស​ជាង​៨០០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ទូទាំង​ហ្វីលីពីន​។ ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន និង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​រិះគន់​នឹង​ការសម្លាប់​រង្គាល ក្នុង​យុទ្ធនា​ការសម្អាត​គ្រឿងញៀន​ចាប់តាំងពី​ជន​ស៊ីវិល ដល់​មន្ត្រីជាន់ខ្ពស់​។​

​យ៉ាងណាមិញ ប្រធានាធិបតី Duterte ឆ្លើយតប​វិញ​ថា អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់នោះ បាន​តវ៉ា​បញ្ហា​នេះ​ទៅ​អង្គការសហប្រជាជាតិ ប៉ុន្តែ​នេះ​មិនមែនជា​រឿង​របស់​ពួកគេ​ទេ​។ លោក​បន្ថែមថា លោក កំពុងតែ​ធ្វើសង្គ្រាម ហើយ​លោក​ក៏​មិន​ខ្លាច​យុទ្ធនាការ​បោសសម្អាត​នេះ ធ្វើ​ឲ្យ​លោក​អស់តំណែង​នោះដែរ​។ លោក​សង្កត់ធ្ងន់ថា ប្រជាជន​ហ្វីលីពីន កំពុង​ស្រេកឃ្លាន​យុត្តិធម៌ ពី​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ​៕      


Tag:
 Rodrigo Duterte
 ​ ភី​លី​ពី​ន
© រក្សាសិទ្ធិដោយ thmeythmey.com