ជាតិ
ក្រសួង​អប់រំ ប្រាប់​ឲ្យ​បេក្ខជន​ប្រយ័ត្ន ព្រោះ​មាន​ជនខិលខូច​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្រសួង ដើម្បី​លក់​វិញ្ញាសា​
08, Aug 2016 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី ជនខិលខូច​បាន​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែង​របស់​ក្រសួង​អប់រំ ក្នុង​គោលដៅ​ដាក់លក់​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។ ក្រសួង បាន​អំពាវនាវ​ឲ្យ​អាណាព្យាបាល និង​បេក្ខជន​ប្រឡង មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ករណីនេះ​។​



​មាន​ជនខិលខូច​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ (Facebook Account) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ប្រើ​រូប​សញ្ញា​(Cover&Profile) ក្នុង​បំណង​មិនល្អ ដោយបាន​ផ្សព្វផ្សាយ​ដាក់លក់​វិញ្ញាសា និង​ផ្ដល់​លេខ​ទូរ​សព្ទ​សម្រាប់​ទាក់ទង​ថែមទៀត​។ នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ចុះ​ថ្ងៃទី ៦ ខែសីហា ហើយ​សេចក្តីប្រកាស​នេះ ក៏​បញ្ជាក់ថា ក្រសួង​បាន​សហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​ស្វែងរក និង​វែកមុខ​ជនខិលខូច ​ដែល​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​នេះ មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ដែរ​។​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួង​អប់រំ បាន​អំពាវនាវ ដល់​មាតា បិតា អាណាព្យាបាល និង​បេក្ខជន ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​បំពេញវិជ្ជា​នាពេល​ខាងមុខនេះ បង្កើន​ការប្រុងប្រយ័ត្ន និង​កុំ​ជឿ​បុគ្គល​មួយចំនួន​ ផ្សព្វផ្សាយ​ក្នុង​រូបភាព​ជាការ​លក់ដូរ​វិញ្ញាសា ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា និង​ទ្រព្យសម្បត្តិ​។ ក្រសួង​អប់រំ ក៏​ឆ្លៀត​បញ្ជាក់​ពី ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​តែមួយគត់​គឺ MoEYS Cambodia តំណ​ភ្ជា​ប់ https://www.facebook.com/moeys.gov.kh សម្រាប់​ផ្សព្វ​ផ្សាយដំណឹង​ជូន​សាធារណជន និង​សិស្សានុសិស្ស​។ ហើយ​បច្ចុប្បន្ន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​នេះ មានការ​តាមដាន  (Like) ជាង ១,២ លាន​នាក់​។

​សូមបញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​នេះ។ ឆ្នាំនេះ មាន​បេក្ខជន​ប្រឡងសរុប​ចំនួន​៩៣.៧៥២​នាក់ ក្នុងនោះ​មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។ ​លទ្ធផលប្រឡង ក្រសួង​នឹង​ប្រកាសនៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ចំណែក​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦៕


© រក្សាសិទ្ធិដោយ thmeythmey.com