ជាតិ
សម្តេច ស ខេង៖ ពាន«សមិទ្ធផលអាស៊ានមួយជីវិត» បង្ហាញថាសម្តេច ហ៊ុន សែន ដឹកនាំដ៏ប៉ិនប្រសប់
08, Aug 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
 សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏បាន​ផ្ញើសារ​អបអរសាទរ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ជ័យលាភី​នៃ​«សមិទ្ធផល​អាស៊ា​នមួយជីវិត» របស់​វិទ្យាស្ថាន​យុទ្ធ​សាស្ត្រ និង​ភាពជាអ្នកដឹកនាំ​អាស៊ី​ដែរ។



ក្រោយពីប្រមុខរដ្ឋាភិបាលបានទទួល​ពានរង្វាន់ សមិទ្ធផលអាស៊ាន​មួយជីវិត​កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងប្រទេស​ឡាវនោះ សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័ន​ចំណុះ​រដ្ឋាភិបាល វិស័យឯកជននានាជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា បាន​ផ្ញើសារអបអរសាទរ​សម្តេច​ ហ៊ុន សែន ជាបន្តបន្ទាប់គ្នា។

នៅក្នុងលិខិត​ផ្ញើជូន​សម្តេចនាយករដ្ឋមន្ត្រី សម្តេច ស ខេង បាន​សរសេរយ៉ាង​ដូច្នេះថា៖«ការ​​ទទួលពានរង្វាន់​ដ៏ល្បីល្បាញ​នេះ បានបញ្ជាក់យ៉ាង​ច្បាស់ថែមទៀត​ពីភាពជាអ្នកដឹកនាំ​ដ៏ប៉ិនប្រសប់​ និងដោយការទទួលខុសត្រូវ​របស់​សម្តេច ចំពោះ​ជោគវាសនា​របស់ប្រទេស​ជាតិ ដែលសម្តេច​បាន​ដឹកនាំ​ធ្វើ​ឲ្យសម្រេច​បាន​នូវសមិទ្ធផល​ធំធេង​មិនអាច​កាត់ថ្លៃបាន»។

ចំពោះ​សម្តេច ស ខេង ពានរង្វាន់សមិទ្ធផល​អាស៊ានមួយជីវិត ក៏បាន​បង្ហាញ​ថា​ពីការចូលរួម​របស់​សម្តេច ហ៊ុន សែន នៅក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ី​ដែល​ត្រូវបាន​សាធារណៈមតិជាតិ និងអន្តរជាតិ​ទទួលស្គាល់ ហើយវាក៏ជា​កម្លាំងចលករ​ជំរុញ​ឲ្យប្រទេស​កម្ពុជា​កាន់តែបោះជំហ៊ាន​រឹងមាំ​ក្នុង​ការអភិវឌ្ឍ​គ្រប់វិស័យ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com