កីឡាជាតិ
ជាតិ
កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ដើរ​ដោយ​ប្រើ​ឈើច្រត់​
09, Aug 2016 , 11:06 am        
រូបភាព
រូបភាព​៖ ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹង​កេង​អង្គរ​
រូបភាព​៖ ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹង​កេង​អង្គរ​
ដោយ:
​ខ្សែការពារ​របស់​ក្លិប​បឹងកេត​អង្គរ ហុង ផេង និង​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី កំពុងស្ថិតនៅក្នុងស្ថានភាពដើរ​ដោយ​ប្រើ​ឈើច្រត់នៅឡើយ បន្ទាប់ពី​រងរបួស​ក្បាលជង្គង់​ ក្នុងអំឡុងពេលប្រកួត​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៧ ខែសីហា​។ ​របួស​របស់ពួកគេ​ ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោចណាស់​៣​សប្តាហ៍​។



​ដោយសារ​ស្ថាន​ភាព របួស​មានភាពសភាពធ្ងន់ធ្ងរ ខ្សែការពារ​ និង​ប្រយុទ្ធ​របស់​ក្លិប​បឹង​កេង​អង្គរ ហុង ផេង និង ឃួន ឡា​ប៉ូ​រ៉ាវី កំពុងសម្រាកព្យាបាលនៅឡើយ ក្រោយពី​រងរបួស ​ក្នុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ណាហ្គា​វើ​ល កាលពីថ្ងៃទី៧ ខែ​សីហា។  លោក ប្រាក់ សុវណ្ណ​រ៉ា គ្រូបង្វឹក​ក្លិប​បឹង​កេង​អង្គរ​ បាន​បញ្ជាក់ថាស្ថានភាព​របួស​របស់​កីឡាករទាំងពីររូប កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ពោលគឺ​ការដើរ​របស់​ពួកគេ​ត្រូវ​ប្រើ​ឈើច្រត់​ដើម្បី​ជំនួយ​។ ​បើ​យោងតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ​កីឡាករ​ទាំងពីរ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោចណាស់​៣​សប្តាហ៍ ហើយ​​១​សប្តាហ៍​ដំបូង​ មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ដោយ​ជើង​ទទេ​នោះទេ​។ នេះជាការបញ្ជាក់របស់ គ្រូបង្វឹកប្រាក់ សុវណ្ណរ៉ា ដែល​បាន​បន្តថា កីឡាករ​ទាំងពីរ​ អាច​ហ្វឹកហាត់ ​និង​ប្រកួត​បាន​ធម្មតា​វិញ ​ក្នុង​រយៈពេល​៣​សប្តាហ៍​ខាងមុខនេះ​។

​ទោះបីជា​យ៉ាងនេះ​ក្តី ខ្សែការពារ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ ហុង ផេង ប្រហែល​អវត្តមាន​សម្រាប់​៣​ប្រកួត​ ដែល​នៅសល់​របស់​បឹងកេត​អង្គរ​ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ព្រោះ​របួស​របស់គេ​មាន​ស្ថានភាព​ធ្ងន់​។ ចំណែក​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ប្រហែលជា​អាចជួយ​ក្រុម ​ក្នុងជំនួប​ចុងក្រោយ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន។ មានន័យថា ​រូបគេ​ត្រូវ​អ​វត្ត​មានតែ​ពីរ​ប្រកួត​ជាមួយ​ប៉ូលិស និង​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ុណ្ណោះ​។



​កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី មិន​ត្រឹមតែ​ជា​កីឡាករ​ដ៏​ល្អ​សម្រាប់​ក្លិប​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កីឡាករ​ល្អ​ក្នុង​ក្រុម​ជម្រើសជាតិ និង Cambodian All Star ដូច្នេះ​សម្រាប់​ការ​អវត្តមាន​របស់​កីឡាករ​ទាំងពីរ​នេះ លោក ប្រាក់ សុវណ្ណ​រ៉ា បាន​ចាត់ទុកថា វា​មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​ក្លិប​បឹងកេត និង​ជម្រើសជាតិ​។ ទោះបីជា​យ៉ាងនេះ​ក្តី​លោក​នៅតែមាន​សង្ឃឹមថា បឹងកេងអង្គរអាចលើក​ពាន​នៅ​រដូវ​កាល​នេះ ព្រោះ​លោក​មាន​កីឡាករ​បម្រុង​ល្អៗ​ជា​យ៉ាងច្រើន​រូប​ទៀត​។

​គួរ​បញ្ជាក់ថា កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី បាន​រងរបួស​ក្បាល​ជ​ង្គ​ង់ ​អំឡុងពេល​តទល់​យ៉ាង​ស្វិតស្វាញ​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​សប្តាហ៍​ទី​១៥ ​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៧ ខែសីហា កន្លងទៅនេះ​៕ 


Tag:
 ​ហុង ផេង​
  ឃួន ឡា​បូ​រ៉ាវី​
  ប្រាក់ សុវណ្ណ​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com