ជាតិ
អ្នកនាំពាក្យ​មហាផ្ទៃ អំពាវនាវ​ពលរដ្ឋ កុំ​សងសឹក​នឹង​វៀតណាម នៅ​ស្រុក​ពាមរ​
11, Aug 2016 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ អំពាវនាវ​ពលរដ្ឋ កុំ​សងសឹក​នឹង​ពលរដ្ឋ វៀតណាម​រស់នៅ​ស្រុក​ពាមរ ខេត្តព្រៃវែង​វិញ​ឡើយ ព្រោះ​ករណី​អំពើហិង្សា​វាយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ អាជ្ញាធរ​កំពុង​តាម​ចាប់​ជនល្មើស​មក​ផ្ដន្ទា​ហើយ​។ កាលពី​យប់​ថ្ងៃទី​៧ ខែសីហា កន្លងមកនេះ មាន​ករណី​ជម្លោះ ហិង្សា​មួយ​ដែល​បង្កដោយ​ក្រុម​ជនជាតិ​វៀតណាម បាន​វាយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ស្រុក​ពាមរ ខេត្តព្រៃវែង​។​



​លោក ខៀវ សុភ័គ បាន​បញ្ជា​កម្លាំង​នគរបាល​មូលដ្ឋាន ត្រូវ​ចាប់​ជនជាតិ​វៀតណាម លើកគ្នា​ទៅ​ព្រួត​វាយ​សម្លាប់​ដល់​ក្នុងផ្ទះ នៅ​ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាមរ ខេត្តព្រៃវែង ជាដាច់ខាត ដើម្បី​ផ្តន្ទាទោស​ជនល្មើស​តាមច្បាប់​កម្ពុជា​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ទទូច​ពលរដ្ឋ​ឲ្យ​ស្ងប់​អារម្មណ៍​សិន ដោយ​ទុក​ពេលវេលា​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ បើតាម​លោក ខៀវ សុភ័គ អាជ្ញាធរ​កំពុង​បន្ត​ស៊ើបអង្កេត​ករណីនេះ​ដោយ​យកចិត្តទុកដាក់ លើ​ករណី​ខឹង​សម្លុត​ទារ​បារី​ជក់ ដែល​វៀតណាម​លើកគ្នា​ព្រួត​ទៅ​វាយ​សម្លាប់​ខ្មែរ​នេះ​។​

​លោក ខៀវ សុភ័គ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការសង​សឹក​គឺ​ខុសច្បាប់​។ យើង​ត្រូវ​ចាប់​ជនល្មើស​ឲ្យ ផ្តន្ទាទោស​តាមច្បាប់​។ អា​រឿង ឈ្លោះ​គ្នា​នៅ​ពាម​រ៍ ទុក​មួយ​ដុំ​ទៅ ព្រោះ​វា​ជា​រឿង​ដោះស្រាយ​មួយ​ដុំ​ហ្នឹង​ទៅ កុំ​ឲ្យ​រាលដាល នាំ​ឲ្យ​ផលប៉ះពាល់​ផលប្រយោជន៍​ភាគី​ទាំងពីរ (​កម្ពុជា​-​វៀតណាម​)»​។​

​គួរ​បញ្ជាក់ថា បុរស​ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​នោះ មានឈ្មោះ សេង រត្ន​ធី អាយុ ៣៣​ឆ្នាំ និង​របួស​ប្រពន្ធ​ឈ្មោះ ចាន់ ស៊ីណា អាយ​៣១​ឆ្នាំ ត្រូវរបួស​ដើមដៃ និង​ស្មា​ខាងឆ្វេង​។ មកដល់ពេលនេះ  អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​វៀតណាម ចំនួន ៦​នាក់ បន្ទាប់ពី​ពួកគេ​បាន​កៀរគរ​ជនជាតិ​វៀតណាម ដូចគ្នា​ជាច្រើន​នាក់ ទៅ​ដេញ​វាយប្រហារ​លើ​ពលរដ្ឋ​កម្ពុជា មួយ​គ្រួសារ ដែល​រស់នៅ​ភូមិ​ក្បែរ​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ប្ដី​ស្លាប់ និង​ស្ត្រី​ជា​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ ៩​ខែ​រងរបួស​ធ្ងន់​៕


Tag:
 ​ខៀវ សុភ័គ​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com