ពីនេះ ពីនោះ
ឥទ្ធិពល​សិល្បៈ​សំខាន់​ណាស់​ក្នុងការ​ជួយផ្ដល់​តម្លៃ​អប់រំ​ក្នុងសង្គម​
12, Aug 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​គ្រប់រូប គ្មាន​អ្នកណាម្នាក់​អាច​រស់នៅ​ដោយ​ខ្វះ​សិល្បៈ​បានឡើយ​។ សិល្បៈ​មិនមែន​គ្រាន់តែ​សម្រាប់​កំដរ​ចំណី​អារម្មណ៍​ឡើយ ប៉ុន្តែ​សិល្បៈ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​ផ្លាស់ប្ដូរ​មនុស្ស​នៅក្នុង​សង្គម​។  អត្ថន័យ តម្លៃ​នៃ​ការអប់រំ តម្លៃ​បណ្ដុះ​មនសិការ​ជាតិ បណ្ដុះ​សីលធម៌ ប​ណ្ដុះ​គុណធម៌ បណ្ដុះ​យុត្តិធម៌ បណ្ដុះ​សន្តិភាព បណ្ដុះ​សេចក្ដី​ល្អ បណ្ដុះ​សាមគ្គីភាព​...​សុទ្ធតែ​អាច​បំពាក់​នៅក្នុង​សិល្បៈ​ទាំងអស់​។



​និយាយ​ពី​តម្លៃ​របស់​សិល្បៈ ទោះបី​រៀបរាប់​ពេលខ្លះ​ប្រហែល​មិនអាច​រៀបរាប់​អស់ ព្រោះ​សិល្បៈ​គឺជា​ផ្នែក​មួយ​ផ្ដល់​ការអប់រំ​យ៉ាងសំខាន់​។ ទោះបីថា​សិល្បៈ​មិនមាន​បែបផែន ជា​ប្រព័ន្ធ​ដូច​ការរៀបចំ​នៅក្នុង​ប្រព័ន្ធ​អប់រំ ប៉ុន្តែ​សិល្បៈ​គឺជា​ភ្នាក់ងា​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​។ ជាក់ស្ដែង​ណាស់ របាំ ចម្រៀង​ស្នេហា​ជាតិ  កំណាព្យ​ដាស់​ស្មារតី​ជាតិ ភាពយន្ត កំប្លែង តន្ត្រី គឺ​សុទ្ធតែ​អាច​បង្ហាញ​មេរៀន​ល្អៗ​ដល់​មនុស្ស​គ្រប់​ស្រទាប់​វ័យ គ្រប់​ស្រទាប់វណ្ណៈ អាច​ទទួលបាន​យ៉ាង​លឿន យកមក​ពិចារណា និង​ប្រតិបត្តិ​តាម​។

​គ្រប់​ទម្រង់​របស់​សិល្បៈ មិន​ត្រឹម​ជួយ​បំពេរ​ចំណូលចិត្ត​ផ្នែក​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រមជាមួយ​គ្នា​នោះ សិល្បៈ​បាន​ផ្សព្វផ្សាយ​វប្បធម៌ និង​ស្ថានភាព​ជាក់ស្ដែង​នៃ​ស្រុកទេស​ឲ្យ​គេ​បានឃើញ​។

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សង្វេក នៅពេលដែល​តម្លៃ​របស់​សិល្បៈ​ចេះតែ​បន្តបន្ទាប់​តួនាទី​ខ្លួនឯង ហើយ​ព្យាយាម​បង្ហាញ​តែ​រឿង​រ៉ាង​ស្នេហា ប្រជែង​គ្នា​ដើម្បី​ស្នេហា ទៅតាម​តែ​ភាព​ជ្រួលជ្រើម​នៃ​សង្គម និង​ទំនោរ​របស់​យុវវ័យ​ទៅវិញ​។ ត្រង់ចំណុច​នេះហើយ​ដែល​ត្រូវ​ស្រមៃ​ថា ហេតុអ្វី​បានជា​សិល្បៈ​សម័យមុន​នៅតែ​បន្ត​មានតម្លៃ​រហូតមកដល់​បច្ចុប្បន្ន ហើយ​គ្រប់គ្នា​ទៅ​តែ​គាស់កកាយ យកមក​ថែរក្សា​? ប៉ុន្តែ​សិល្បៈ​សម័យថ្មី​ល្បី​មួយ​ឆាវ ចំណេរ​ក្រោយមក​គេ​មិន​រំ​ឮ​ក​ឈ្មោះ​ទៅវិញ​។

​ភាព​អស្ចារ្យ គឺ​មិនមែន​គ្រាន់តែ​សំឡេង​ពិ​រោះ​របស់​តារា រូបសម្បត្តិ​តារា​ស្អាត ទាក់ចិត្ត​បេះដូង​យុវវ័យ​ទេ​។ ប៉ុន្តែ អ្វីដែល​សំខាន់​គឺ​តម្លៃ​នៃ​ការអប់រំ​នៅក្នុង​ទម្រង់​សិល្បៈ​ទាំងនោះ​។ ជាក់ស្ដែង​ណាស់​បច្ចុប្បន្ន​មាន​សិល្បៈ​ចម្រៀង​មួយចំនួន​បានចាប់ផ្ដើម សរសេរ​ដោយមាន​អត្ថន័យ គួរ​យកមក​ប្រតិបត្តិ​តាម នោះ​ហើយ​ដែលជា​តម្លៃពិត​នៃ​សិល្បៈ​។​

​ការលើកឡើង មិនមែន​ចង់​និយាយថា​សិល្បៈ​បច្ចុប្បន្ន​មិនល្អ​ទាំងស្រុង​នោះទេ ប៉ុន្តែ​រាល់​ការនិពន្ធ រាល់​អត្ថន័យ​របស់​ប​ទ​ចម្រៀង កំប្លែង ភាពយន្ត ល្អ​ឬ​មិនល្អ គឺ​អាស្រ័យ​លើ​អ្នកនិពន្ធ និង​អ្នកដឹកនាំ​សម្ដែង​នានា និង​ការ​រួមផ្សំ​ពី​កត្តា​ពាក់ព័ន្ធ​ផ្សេងៗ​។ ប៉ុន្តែ​ឧទាហរណ៍​ថា​៖ អ្នកនិពន្ធ​មិន​ព្រម​ផលិត​ខ្លួនឯង គិតតែ​ចម្លង​គេ អ្នកនិពន្ធ​សរសេរ​រៀប​ពាក្យ​តាមចិត្ត​នឹកឃើញ  យកមក​ច្រៀង​គ្មាន​ក្បាល់​គ្មាន​កន្ទុយ ច្រៀង​ដូច​និយាយ និយាយ​ដូច​ច្រៀង​។ តើ​តម្លៃ​អប់រំ​នៅ​កន្លែង​ណា​? ពេលខ្លះ​អ្នក​ស្ដាប់ ឮ​ហើយ ឃើញ​ហើយ​កើត​ចិត្ត​ស្អប់ ខ្ពើម​ទៅទៀត​។ តើ​សិល្បៈ​ប្រភេទ​ទាំងនេះ ប្រឹង​ផលិត​មក​មាន​ប្រយោជន៍​អ្វី​?

​បន្ថែម​ពីលើ​អត្ថន័យ​នៃ​សិល្បៈ លក្ខណៈសម្បត្តិ​អ្នកសិល្បៈ​ក៏​ជា​ផ្នែក​មួយ​ជួយ​ក្នុងការ​អប់រំ​សង្គម​ផងដែរ​។ ជា​ការពិត​សិល្បៈ​មិនអាច​គេចផុត​ពី​ការតុបតែង រៀបចំខ្លួន​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ទាក់ទាញ​នោះទេ នោះ​គឺជា​រឿង​មួយ​ដែល​ជៀស​មិន​ផុត​។ ក៏ប៉ុន្តែ អ្វីដែល​ចង់បាន​នៅពេលនេះ គឺ​ការរួមចំណែក កែប្រែ​ចំណុច​ខ្វះ​ខាត់​មួយចំនួន​ក្នុងប្រទេស​។ មូលហេតុ គឺ​ព្រោះតែ​អ្នកសិល្បៈ គឺជា​ក្រុមមនុស្ស​ដែលមាន​ប្រជាប្រិយ ហេតុនេះ​ពាក្យសម្ដី សកម្មភាព​របស់​ពួកគេ​មាន​ភាព​ទាក់ទាញ ខ្លាំង​ទៅលើ​អ្នកគាំទ្រ​។​

​ជារួម​មក សិល្បៈ​សំខាន់​ណាស់ ប៉ុន្តែ​បើ​អ្នកសិល្បៈ​នៅតែ​បន្ត​មិន​ធ្វើខ្លួន មិន​អភិវឌ្ឍន៍​ស្នាដៃ​ខ្លួន​ឲ្យ​មានតម្លៃ​ដូច​កេរ​ឈ្មោះ​សិល្បៈ​ទេ នោះ​គឺជា​ចំណុច​ពិចារណា​ដោយ​ខ្លួនឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com