ពីនេះ ពីនោះ
ពាក្យ​«​សម្ភព​» មានន័យថា «​កើត​, សម្រាល​...» ប៉ុន្តែ​ប្រើ​ក្នុង​លក្ខខណ្ឌ​បែបណា​?
13, Aug 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​សម្ភព​» គឺជា​ពាក្យ​មួយ​ដែល​គេ​ឧស្សា​ន៍​ប្រទះឃើញ​នៅតាម​ស្លាក​យីហោ ពេទ្យ​សម្រាលកូន​នានា​។ ចំណែក​អត្ថន័យ​វិញ​មាន​អ្នកខ្លះ​បានដឹង ប៉ុន្តែ​ក៏មាន​អ្នក​មិនបាន​ដឹងផង​ដែរ​។ បន្ថែម​ពី​នោះ ការប្រើប្រាស់​ពាក្យ ក៏​ប្រហែលជា​មិនសូវមាន​អ្នក​បានដឹង​ច្បាស់​នោះទេ ថា​ពាក្យ​នេះ​គេ​ប្រើ​នៅក្នុង លក្ខខណ្ឌ​បែបណា​?



​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជូន ណាត បាន​កំណត់ថា ពាក្យ​«​សម្ភព​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការកើត​ព្រម​គ្នា​, ការកើត​ដោយ​ល្អ​, ការកើត​ដោយ​ស្រួល​, ការរួបរួម​គ្នា​(​ពាក្យ​នេះ​ច្រើន ប្រើ ចំពោះតែ​អរូបនាម ឬ​អរូបធម៌​) នៅក្នុង​បដិច្ចសមុប្បាទ​ធម៌​ទាំង​១២ មាន​សម្ភព​តៗ​គ្នា​ពីមួយ​ទៅមួយ​។ ប៉ុន្តែ​ខ្មែរ​យើង ប្រើពាក្យ សម្ភព នេះ​ជា​កិរិយាសព្ទ មានន័យថា «​កើត​, សម្រាល​, ឆ្លងទន្លេ​» ប៉ុន្តែ គឺ ប្រើ​ចំពោះតែ​ព្រ​រាជបុត្រ ឬ​ព្រះ​រាជធីតា ដែលមាន​ព្រះបិតា​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ ព្រះ​មាតា​ជា​រាស្ត្រ ពុំមែន ជា​ព្រះ​អគ្គមហេសីៈ ...​ទ្រង់​សម្ភព​នៅ​ថ្ងៃ​...​ខែ​...​ឆ្នាំ​...​ព​.​ស​...​នៅ​ទី​...​។

​បើ​ព្រះ​មាតា​ជា​ក្សត្រ​យា​នី​ឬ​ជា​រាស្ត្រ ប៉ុន្តែ​មាន​ឋានៈ​ជា​ព្រះ​អគ្គមហេសី​ឬ​ជា​ព្រះ​មហេសី​ត្រូវ​ប្រើពាក្យ​ថា «​ប្រសូត​»​ៈ​...​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​...​ខែ​...​ឆ្នាំ​...​ព​.​ស​...​នៅ​ទី​...​។ ប្រើ​ដោយ​សន្មតិ​, ឯ​ពាក្យ​សំស្ក្រឹត​និង​បាលី ចំពោះ​អរូបនាម ច្រើនតែ​ប្រើពាក្យ​ស​ម្ភ​វៈ​(​សម្ភព​), ។ ពាក្យ​«​ប្រសូត​, ប្រសូតិ​, ប​សូត​, ប​សូ​តិ​, និង វិ​ជាយ​នៈ​, វិជាត​, វិជាតិ​» សព្ទ​ទាំងអស់នេះ​សុទ្ធតែ​ប្រែ​ថា​«​កើត​,​សម្រាល​, ឆ្លងទន្លេ​» ដូចគ្នា​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com