ពីនេះ ពីនោះ
«​មាន់​ពង​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​»​មិន​បញ្ជាក់ថា គ្រប់​បុគ្គល​មានឱកាស​សុទ្ធតែ​ពុករលួយ​ទេ
13, Aug 2016 , 1:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សុភាសិត​ខ្មែរ​មួយ​បាន​លើកឡើងថា​«​មាន់​ពង​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​» ត្រូវបាន​គេ​បកស្រាយ​ច្រើន នៅក្នុង​ន័យ​ថា នៅក្នុង​ការ​កាន់​ការងា​រ​អ្វី គ្រប់​បុគ្គល​គឺ​តែងតែ​កេងចំណេញ​ពី​ការងារ​នោះ​។ ប៉ុន្តែ​អ្វី​ដែលជា​លក្ខណៈពិសេស​នៃ​សុភាសិត​នេះ​? តើ​វិសាលភាព​អត្ថន័យ​នៃ​សុភាសិត​នេះ​មាន​ព្រំដែន​ក​ម្រឹត​ណា​?



​ផ្ដើមចេញពី​ការនិយាយ ពីស​ភាព​ធម្មជាតិ​រប​ស់មាន់ គឺ​តែងតែ​ពង​នៅក្នុង​សំបុក​។ ប្រសិនបើ​ម្ចាស់ មិន​រៀបចំ​សំបុក​ឲ្យ​វា​ទេ កន្លែង​ដាក់​ស្រូវ​គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​វា​។ ហេតុនេះហើយ​បានជា​នៅតាម​ស្រុក​ស្រែចម្ការ​ពេល​មាន់រ​កពង គឺ​វា​តែងតែ​ស្វែងរក​ជង្រុក​ស្រូវ បាវ​ដាក់​ស្រូវ ដើម្បី​កាយ​ធ្វើ​កន្លែង​សម្រាប់​ពង​រប​ស់វា​។ បន្ថែម​ពីនេះ ក៏មាន​ហេតុផល​មួយចំនួន ដែល​ចាំបាច់​មាន់​វា​ទៅរក​កន្លែង​ទាំងនេះ ព្រោះ​បន្ទាប់ពី​ពង​អស់ គឺ​វា​ចាប់ផ្ដើម​ក្រាប​ពង ហើយ​ក្នុងខណៈដែល​វា​ក្រាប​ពង គ្រប់​មាន់​ទាំងអស់​វា​មិន​ទៅណា​ផ្ដេសផ្ដាស់​នោះទេ​។ ព្រោះ​ដើម្បី​បង្ហប់​កំដៅ និង​រក្សា​កំដៅ​ពង​ឲ្យ​បានល្អ ដែល​អាច​ឲ្យ​ពង​ទាំងអស់​ភ្ញាស​បាន​ទាំងអស់ ឬ​នៅ​រក្សា​ពង​ពី​ការវាយប្រហា​ពី​សត្វ​នានា​ជាដើម​។ ចំណែក​ការរក​ចំណី​វិញ​ទៀតសោត ប្រសិនបើ​ម្ចាស់​មិន​ដាក់​ឲ្យ យូរៗ​ទើប​វា​ចុះ​ទៅរក​ម្ដង ប៉ុន្តែ​វា​រក​មិន​ឆ្ងាយ​ពី​កន្លែង​សំបុក​វា​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​មាន​ស្រូវ​ជាច្រើន​នៅ​ជិត​ជា​ចំណី​ហើយ នោះ​វា​មិនចាំបាច់​ទៅរក​ទី​ឆ្ងាយ​នោះទេ គឺ​វា​ស៊ី​ស្រូវ​តែម្ដង​។​

​និយាយ​ពី​ធម្មជាតិ​ពង និង​ការ​ភ្ញាស់​ពង​របស់​សត្វ​មាន់​នោះ​គឺ​រឿង​មួយ ដែល​មិនគួរ​ឆ្ងល់​នោះទេ​។ ប៉ុន្តែ នៅពេលដែល​ចាស់​បុរាណ​លោក​បាន​លើកឡើងថា​«​មាន់​ពង​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​» នោះ​អត្ថន័យ​របស់លោក​មិន​ត្រឹមតែ​សំដៅ​ដល់​ធម្មជាតិ​របស់​សត្វ​មាន់​នោះទេ​។ ក្នុង​អត្ថន័យ​នៃ​សុភាសិត​ខ្មែរ​មួយ​នេះ ចាស់​បុរាណ​លោក​បាន​ប្រដូច​សត្វ​មាន់​ទៅ មនុស្ស​ដែល​កាន់ការ​នៅ​កន្លែង​ណាមួយ កាលណា​គេ​ស្ទាបស្ទង់​ដឹង​ក្រលុក​ក្រ​លៀត  គឺ​គេ​ដឹងថា​ត្រង់ណា​អាច​ទាញយក​ប្រយោជន៍​បាន គេ​ក៏​កេង​យក​ប្រយោជន៍ ពី​កន្លែង​នោះ​ភ្លាម​។ ឧទាហរណ៍ អ្នកគ្រប់គ្រង ឬ​អ្នកកាន់ការ​ងារ​រដ្ឋ​មួយចំនួន គេ​ចេះ​ធ្វើបញ្ជី ចេញ ចូល ចុះឡើង គេ​ក៏​អាច​លៃលក​រក​កម្រៃ​បាន​តាមរយៈ​អំពើ​ខ្មៅ​ងងឹត​។ អ្នក​ខ្លះទៀត​ធ្វើការ​លើ គម្រោង​ណាមួយ ឆ្លៀត​រៀបចំ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ខ្លួនឯងបាន​ទទួលផល​។ មូលហេតុ​បែបនេះហើយ​ដែល​ចាស់​បុរាណ​លោក​ហ៊ាន​អះអាងថា ជាការ​ពិត ធម្មជាតិ​ឬ​សារជាតិ​របស់​មនុ​ស្សគឺ​ចង់បាន ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​។ ចំណែក​ការធ្វើការងារ​ទៀតសោត បើសិន​កន្លែង​ណាមួយ​មិនបាន​ផ្ដល់​ប្រយោជន៍​ឲ្យ​គេ គឺ​គេ​មិន​ធ្វើ​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ខុស​គឺ​របៀប ដើម្បី​ទទួលបាន​ប្រយោជន៍​នោះ​គឺមាន​វិធី​ផ្សេងៗ​គ្នា​។

​ត្រឡប់មក​ពិចារណា​អំពី​សុភាសិត​ខ្មែរ​ថា​«​មាន់​ពង​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​» បើ​និយាយ​ជាមួយ​សត្វ​មាន់​គឺ​ត្រូវ ព្រោះ​វា​រស់នៅ​ក្រោម​ទម្លាប់​បែប​សភាវគតិ ដោយ​គ្មាន​សមត្ថភាព​គិតថា ពេល​វា​ស៊ី​ទៅ​ត្រូវ​ម្ចាស់ ឬ​មនុ​ស្សវាយ​វា​នោះទេ គឺ​ដឹង​ត្រឹម​ថា​ស្រូវ​គឺជា​ចំណី សម្រាប់​វា​។ ផ្ទុយ​មកវិញ បើ​និយាយ​ពី​មនុស្ស បើ​គ្រាន់តែ​បុគ្គល​ធ្វើការ​កន្លែង​ខ្លាញ់ ក្តោប​ត្តា​ប់​គម្រោង កាន់ការ​ងារ​ល្អ មាន​តួនាទី​ធំ ហើយ​ចោទថា ពួកគាត់​សុទ្ធ​តែមាន​ល្បិច ក្នុងការ​កេងចំណេញ​ផលប្រយោជន៍ ពុករលួយ នោះ​វា​ជាការ​គិត​មួយ​ដែល​គ្មាន​មូលដ្ឋាន​សច្ចភាព​។

​ទោះជា​យ៉ាងណា សុភាសិត​ខ្មែរ​មួយ​នេះ មិនអាច​ទាញ​សេចក្ដី​អះអាងថា ផ្ដល់​ភាព​សច្ច​ផ្នែក​គំនិត និង​តថភាព​ទាំងស្រុង​នោះទេ​។ មូលហេតុ គឺ​ដោយសារ​ភាវៈ​ជាម​នុស្ស គឺ​មិនមែនជា​ភាវៈ​ធម្មតា ដូច​ភាវៈ​មានជីវិត​ផ្សេង​ទៀតឡើយ​។ មនុស្ស គឺជា​ភាវៈ​គំនិត នោះ​មានន័យថា​មនុស្ស​មានការ​គិត​ជា​មូលដ្ឋាន បូករួម​ជាមួយ​ការទទួលបាន​ការអប់រំ នោះបាន​ធ្វើ​ឲ្យ​មនុស្ស​មាន​លក្ខណៈពិសេស​ដោយឡែក ដែល​បង្ហាញ​ពី​តម្លៃពិត​របស់ខ្លួន​។​

​ហេតុផល​នេះ គេ​អាច​និយាយបានថា សុភាសិត​ខ្មែរ​«​មាន់​ពង​លើ​ស្រូវ តែងតែ​ស៊ី​ស្រូវ​» គឺមាន​លក្ខណៈ​គិត​បែប​អត្តនោម័តិ​មួយ ទាញ​ចេញពី​ពិសោធន៍​ដោយឡែក បង្កើត​សេចក្ដីសន្និដ្ឋាន​ជាស​កល ដែល​មិនមាន​ភាពត្រឹមត្រូវ​ទាំងស្រុង​។ ទោះបី មានការ​បកស្រាយ​ថា សុភាសិត​នេះ​ចង់​ប្រៀបធៀប​មនុស្ស​មួយចំនួន ប៉ុន្តែ​ជា​អត្ថន័យ​នៃ​សុភាសិត មិនបាន​បញ្ជាក់ថា​និយាយ​ពី​លក្ខណៈ​ដោយឡែក​ឡើយ​។

​ហេតុនេះ ជា​វិភាគទាន​នៃ​ការពិចារណា គេ​អាច​សន្និដ្ឋានបានថា សុភាសិត​មួយ​នេះ គឺមាន​លក្ខណៈ​ត្រឹម​ត្រូវជា​លក្ខណៈ​បុគ្គល និង​មាន​ភាព​ដោយឡែក​។ ប៉ុន្តែ​មិនអាច​និយាយ​ក្នុងន័យ​ជារួម​បានឡើយ​។ ព្រោះ​សង្គមមនុស្ស​គឺមាន​មនុស្ស​អាក្រក់ មាន​មនុស្ស​ល្អ មាន​អ្នកចេះ​គិត មាន​អ្នក​ខ្ជិល​គិត មាន​អ្នក​ស្រឡាញ​យុត្តិធម៌ មាន​អ្នក​ស្រឡាញ់​លាភ​សក្ការ ហេតុនេះ មិនអាច​និយាយ​បានទេ​ថា គ្រប់​បុគ្គល​ទាំងអស់ ឲ្យ​តែមាន​ឱកាស​សុទ្ធតែ​ពុករលួយ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com