អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ​ត្រាំ ថា​ការ​ចោទ អូ​បា​ម៉ា និង​ហ៊ី​ឡា​រី ជា​អ្នកបង្កើត​ក្រុម IS ជាការ​ចំអក​ប៉ុណ្ណោះ​
13, Aug 2016 , 8:34 pm        
រូបភាព
ដោយ: ថ្មីៗ
 
 ក្រោយ​ត្រូវគេ​រិះគន់​ខ្លាំង​ក្រោយ​ចេញមុខ​ចោទប្រកាន់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថា​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម លោក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​បកស្រាយ​ថា លោក​គ្រាន់តែ​និយាយ​ចំអក​ឲ្យ​អ្នក​ទាំងពីរ​ប៉ុណ្ណោះ​។ លោក​ក៏​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នាំគ្នា​បកស្រាយ​សម្តី​លោក​ខុស​ដែរ​។​

​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បាននាំគ្នា​បកស្រាយ​ពាក្យសម្តី​លោក​ខុស​ពាក់ព័ន្ធ​ការចោទប្រកាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ថា​ជា​អ្នកបង្កើត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នោះ​។ លោក​បន្តថា លោក​គ្រាន់តែ​និយាយ​ចំអកឡកឡឺយ ឲ្យ​អ្នកនយោបាយ​ទាំងពីរ​នាក់​ប៉ុណ្ណោះ ព្រោះតែ​គោលនយោបាយ​បរាជ័យ​របស់​អ្នក​ទាំងពីរ ទើប​ក្រុម​ភេរវជន​នេះ​អាច​ចេញ​រូបរាង​មក​បាន​។​
 
​លោក​ពន្យល់ថា អ្វីដែល​លោក​និយាយ​គឺ​ចង់​មានន័យថា ការដក​ទ័ព​ពី​អ៊ីរ៉ាក់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មាន​លោកស្រី ហ៊ី​ឡា​រី ជា​រដ្ឋមន្ត្រី​ការ​ទេស​នោះ បាន​បង្កើត​ឲ្យ​មាន​ស្ថានភាព​មួយ​ចលាចល​ដែល​គ្មាន​អ្នកណា​គ្រប់គ្រង​ត្រឹមត្រូវ​នៅ​អ៊ីរ៉ាក់ ដែល​វា​អនុញ្ញាត​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​អាច​លេចចេញ​ជា​រូបរាង​បាន​នោះ​។​
 
​យ៉ាងណាមិញ វា​ហាក់បីដូចជា លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​និយាយ​យកតែ​រួចខ្លួន​ប៉ុណ្ណោះ ព្រោះថា លោក​មិនបាន​ពន្យល់​ឲ្យ​បាន​ច្បាស់​ឡើយ​ពាក់ព័ន្ធ​ពាក្យសម្តី​ដែល​លោក​និយាយ​និង​ចោទប្រកាន់​លោក អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នោះ​។ ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​លោក​មិនមែន​ចោទប្រកាន់​លោកស្រី ហ៊ី​ឡា​រី និង​លោក អូ​បា​ម៉ា តែម្តង​ឯណា លោក​បាន​ចោទប្រកាន់​អ្នក​ទាំងពីរ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថែម​ទៀតផង​។​
 
​សូមបញ្ជាក់ថា ក្នុងការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​នៅ​រដ្ឋ Florida លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ភេរវជន​ជី​ហាត​រដ្ឋ​ឥស្លាម​។ 
 
​លោក​បាន​ថ្លែងថា​៖«​ក្រុម​ភេរវជន​គោរព​ប្រធានាធិបតី អូ​បា​ម៉ា​។ អូ​បា​ម៉ា​នេះហើយ​ជា​ស្ថាបនិក​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ គាត់​បង្កើត​ក្រុម​នេះ​ឡើងមក​។ ហើយ​ខ្ញុំ​ចង់​ថា គាត់​ប្រហែលជា​សហ​ស្ថាបនិក​ជាមួយ​អ្នកនយោបាយ​ក្រឡិចក្រឡុច ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»​។​
 
​សេដ្ឋី​អចល​ទ្រព្យ​រូបនេះ​ព្យាយាមលើកឡើង​និង​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​និង​គូប្រជែង​របស់លោក​បែប​នេះ ក៏​ប្រហែល​ជាដើម្បី​បង្ហាញ​ទៅកាន់​អ្នកគាំទ្រ​លោក​ថា ទាំង​លោក អូ​បា​ម៉ា​និង​លោកស្រី គ្លី​ន​តុ​ន សុទ្ធតែ​មិនមាន​លទ្ធភាព​ដោះស្រាយ​និង​ទប់ស្កាត់​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ភេរវជន​នោះ​។ ហើយ​អ្នកនយោបាយ​រូបនេះ​ក៏​ព្យាយាម​ភ្ជាប់​បញ្ហា​នេះ​ជាមួយ​ករណី​បាញ់ប្រហារ​ភេរវកម្ម​នៅ​ក្រុង Orlando កន្លងមក​ដែរ​៕ 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com