អន្តរជាតិ
លោក Duterte មិន​រួញរា ទោះ​«​សង្គ្រាម​គ្រឿងញៀន​»​គំរាមកំហែង​អាយុជីវិត​លោក​
14, Aug 2016 , 8:39 pm        
រូបភាព
​សង្គ្រាម​បង្ហូរឈាម​ប្រឆាំង​ឈ្មួញ​«​គ្រឿងញៀន​» របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានទទួល​ការគាំទ្រ​ពី​ប្រជាជន​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ​។ ប៉ុន្តែ​ការចាប់ខ្លួន ឃុំខ្លួន និង​ឈានដល់​បាញ់សម្លាប់​ជនល្មើស​គ្រឿងញៀន​រាប់រយ​នាក់​ផង​នោះ​បានធ្វើ​ឲ្យ​សង្គ្រាម​នេះ​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​និង​សម្ព័ន្ធមិត្ត​ហ្វីលីពីន​អាមេរិក​ផង​។ ក្រៅពី​ការរិះគន់​ពី​ក្រៅ សង្គ្រាម​នេះ​បានធ្វើ​ឲ្យ​ប្រធានាធិបតី​ប្រឈម​បញ្ហា​ច្រើន ព្រោះ​វា​បកអាក្រាត​អ្នកពាក់ព័ន្ធ​ដូច​សម្ល​កំពឹស​ដោយ​ប្រទាក់ក្រឡា​តាំងពី​ចៅក្រម តំណាងរាស្ត្រ អ្នកជំនួញ ប៉ូលិស ទាហាន និង​រាស្ត្រសាមញ្ញ​ផង​។  តែ​លោក​ប្រធានាធិបតី​ហាក់បីដូចជា​មិន​ញញើត​ឬ​ខ្លាចរអា​ចំពោះ​ការបាត់បង់​តំណែង​ឬ​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ថ្វីបើ​មានការ​ផ្តល់​របាយការណ៍​ពី​បញ្ហា​គ្រោះថ្នាក់​ចំពោះ​សុវត្ថិភាព ឬ​មាន​ការមិន​ពេញចិត្ត​ពី​បណ្តា​អភិជន​ហ្វីលីពីន​ខ្លះ​ក្តី​។



​គោលនយោបាយ​ក្នុងស្រុក​ធំ​និង​សំខាន់បំផុត​របស់លោក ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte គឺ​បញ្ចប់​ឲ្យ​អស់​នូវ​ការ​សកម្មភាព​ឧក្រិដ្ឋកម្ម ការកាប់សម្លាប់ រំលោភបំពាន​ផ្លូវភេទ​ដែល​បណ្តា​មកពី​សកម្មភាព​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ពាសពេញ​ប្រទេស​។ ដើម្បី​បញ្ចប់​បញ្ហា​នេះ វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ហើយ​ដូចដែល​បាន​រៀបរាប់​កន្លងមកហើយ​បើ​ថ្លោះ​ថ្លោ​យ​អាច​នឹង​អស់តំណែង​ជា​ប្រធានាធិបតី ឬ​អាច​នឹង​បាត់បង់​អាយុជីវិត​ផង​។​

​ប្រធានាធិបតី​ជើង​ខ្លាំង​និង​ចិត្តសឿង​រូបនេះ​ហាក់​មិន​ខ្លាចរអា​គ្រោះថ្នាក់​ដល់​ជីវិត និង​បាត់បង់​តំណែង​ឡើយ ទោះជា​ការគំរាមកំហែង​អាយុជីវិត​កើនឡើង​ខ្លាំង​ក៏ដោយចុះ​។ ហើយ​ក្នុង​រយៈពេល​កាន់តំណែង​៤​ឆ្នាំ​លោក​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​អនុវត្ត​ច្បាប់​និង​ដក​ដាវ​អាជ្ញាសឹក​ប្រកាសសង្គ្រាម​ជាមួយ​ឈ្មួញ​គ្រឿងញៀន​តែម្តង​។

​វា​តែងតែ​លំបាក​ខ្លាំង​នៅពេលដែល​ប្រធានាធិបតី​ព្យាយាម​បំបែក​ឬ​គាស់​រំលើង​ប្រព័ន្ធ​ដែល​កាន់កាប់​ដោយ​ក្រុម​អ្នកនយោបាយ​ឬ «​សន្តតិវង្ស​នយោបាយ​»​នៅ​ហ្វីលីពីន ឬ​ហៅ​ម្យ៉ាងទៀត​បាន​ថា​ជា​«​អប្ប​ជ​នា​ធិបតេយ្យ​» ដែល​ចាក់​ឬ​ស​អស់​រយៈពេល​យូរ​មកហើយ​នោះ​។ គេ​សង្ឃឹមថា ចលនា​និង​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​អាចជួយ​ឲ្យ​អ្នកនយោបាយ Rodrigo Duterte នេះ​អាចអនុវត្ត​នយោបាយ​ក​ណ្តា​ប់​ដៃ​ដែក​ជោគជ័យ ក៏​ថា​បាន​។​
 
១.​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​គាំទ្រ «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​របស់លោក Duterte
​ជាទូទៅ លោក Rodrigo Duterte ជាប់ឆ្នោត​ភ្លូកទឹកភ្លូកដី​ដោយសារតែ​គោលនយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់លោក​នេះ​តែម្តង​។ បើតាម​ការលើកឡើងរ​បស់​អ្នកតាមដាន​ស្ថានការណ៍​ហ្វីលីពីន ប្រជាជន​ហ្វីលីពីន​ភាគច្រើន​ណាស់​ដែល​គាំទ្រ​ការធ្វើ​សង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ​។ ហើយ​អ្នកប្រឆាំង​សង្គ្រាម​គ្រឿងញៀន​របស់លោក Duterte អាចជា​អ្នក​ដែលមាន​ប្រយោជន៍​ក្នុង​ជំនួញ​គ្រឿងញៀន អ្នកគាំទ្រ​ប្រធានាធិបតី​មុន និង​អភិជន​ហ្វីលីពីន​មួយចំនួន​។ 

​ទាក់ទិន​បញ្ហា​នេះដែរ លោក Rogelio Braga អ្នកនិពន្ធ​ចម្រៀង​និង​ប្រលោមលោក​ហ្វីលីពីន បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា បើតាម​របាយការណ៍​ស្ទង់​មតិ ប្រជាប្រិយភាព​ប្រធានាធិបតី​ខ្ពស់​ណាស់ ហើយ​ប្រជាជន​ហ្វីលីពីន ៩១ ភាគរយ​ជឿជាក់​លើ​អ្វីដែល​លោក Duterte កំពុង​ធ្វើ​លើ​ឈ្មួញ​គ្រឿងញៀន​។​

​លោក​បន្តថា «​ប្រជាជន​ហ្វីលីពីន ៩១​ភាគរយ​ហើយ​ដែល​ជឿជាក់ថា លោក Duterte ធ្វើតាម​អ្វីដែល​សន្យា​បាន​។ តែបើ​និយាយ​ពី​អ្នកប្រឆាំង​លោក​វិញ គ្មាន​អ្នកណា​ក្រៅពី​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី Aquino និង​ក្រុម​អភិជន​មួយចំនួន​ផង​។ តែ​លាក់បាំង​អី ខ្ញុំ​ឃើញថា​សូម្បីតែ​ក្រុម​អភិជន​ហ្វីលីពីន​ដែល​នៅក្នុង​វិស័យ​មួយចំនួនធំ​នោះ​ក៏​ពេញចិត្ត​ចំពោះ​គោលនយោបាយ​របស់​លោក Duterte ដែរ​»​។​

​ចំណែក​លោក Joey dela Cruz ដែលជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ហ្វីលីពីន​ក៏​យលឃើញ​ស្រដៀង​គ្នា​ជុំវិញ​ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី និង​នយោបាយ​ប្រឆាំង​គ្រឿងញៀន​នេះដែរ​។ លោក​បាន​មានប្រសាសន៍ថា វា​ជា​លើកទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​លើ​បញ្ហា​គ្រឿងញៀន ហើយ​ឈានដល់​ធ្វើ​ឲ្យ​មាន​អ្នក​ដូរ​គ្រឿងញៀន​ច្រើនសន្ធឹក ចេញមុខ​សារភាព​នោះ​។

«​បើ​យើង​យក​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​បញ្ឈប់​ឲ្យ​បាន​នូវ​សកម្មភាព​ខុសច្បាប់​និង​គ្រឿងញៀន​មក​គិត​និង​ពិចារណា​ទៅ វា​ជា​លើកដំបូង​បំផុត​ហើយ ដែល​បញ្ហា​គ្រឿងញៀន​ត្រូវគេ​លាតត្រដាង ហើយ​នាំ​ឲ្យ​មានការ​ការសារភាព​ពី​ទោសកំហុស​ពី​សំណាក់​អ្នកប្រើប្រាស់​ក៏ដូចជា​អ្នកជួញដូរ​ច្រើនសន្ធឹក​បែបនេះ​»​។​

២.«​បើ​អ្នក​នៅ​ហ្វីលីពីន ទើប​អ្នក​យល់ថា​ស្ថានភាព​វា​យ៉ាង​ម៉េច​»

​សង្គ្រាម​បង្ហូរឈាម​ដែល​ច្បាំង​ជាមួយ​ឧក្រិដ្ឋជន ថ្វីបើ​ទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាជន ខាង​សិទ្ធិមនុស្ស​ហាក់បីដូចជា​ថ្កោលទោស​ប្រធានាធិបតី​ហ្វីលីពីន​ខ្លាំង​មែនទែន​។ សូម្បីតែ​អាមេរិក​ក៏បាន​បង្ហាញ​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ស្ថានការណ៍​នៅ​ហ្វីលីពីន​ដែរ​។

​មកទល់ពេលនេះ​ឈ្មួញ​គ្រឿងញៀន​ប្រហែល ៥១៣ នាក់​ត្រូវបាន​សម្លាប់ ហើយ​ប៉ូលិស​អះអាងថា​ពួកគេ​ត្រូវ​បាញ់សម្លាប់​ដោយសារ​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច​។  ចំណែក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ច្រើនជាង ៧​ពាន់​នាក់​ផ្សេងទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ចាប់តាំងពី​ពេលដែល​ប្រធានាធិបតី​ស្បថ​ចូលកាន់​តំណែង​។​

​វា​ប្រហែលជា​ពិបាក​បែងចែក​បន្តិច​ហើយ ព្រោះ​សិទ្ធិមនុស្ស​វា​សំខាន់​សម្រាប់​អ្នក​ដែល​ឈរ​មើល​ពី​ខាងក្រៅ តែ​សន្តិសុខ និង​សុវត្ថិភាព​ក៏ដូចជា​ភាពសុខសាន្ត​របស់​មនុស្ស​ទូ​ទៅជា​អ្វីដែល​ប្រជាជន​ហ្វីលីពីន​ទូទៅ​ចង់បាន​ច្រើនជាង​។  ហើយ​ណាមួយ​អ្នក​ខាងក្រៅ​ប្រហែលជា​យល់​មិនសូវ​ច្បាស់​ពី​ហេតុការណ៍ និង​យល់​ពី​ស្ថានការណ៍​ជាក់ស្តែង​ដូច​អ្នក​ក្នុង​ឡើយ​។​

«​សាធារណជន​គេ​សាទរ​និង​គាំទ្រ​ចំណាត់ការ​រដ្ឋបាល​លោក Duterte​។​ព្រោះ​បើសិនជា​អ្នករស់នៅ​ហ្វីលីពីន អ្នកនឹង​ឃើញ​ហើយ​ថា​ការប្រើប្រាស់​និង​ការជួញដូរ​នោះ​វា​រីក​ស្គុះស្គាយ​កម្រិតណា​នៅ​ពាសពេញ​ប្រទេស​។ ខ្ញុំ​ថា ទិញ​ថ្នាំញៀន​ឥឡូវនេះ​ចង់​ស្រួល​ជាង​ទិញ​ស្រោមអនាម័យ​ផង​»​។ នេះ​បើតាម​ការពន្យល់​របស់​លោក Rogelio Braga ។​

​ហើយ​ជុំវិញ​សំណួរ​ថា «​តើ​មានការ​យល់ឃើញ​បែបណា​ចំពោះ​ការ​ថ្កោលទោស​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​រឿង​បាញ់សម្លាប់​ជន​ជួញដូរ​ឬ​ប្រើប្រាស់​គ្រឿងញៀន​នោះ​?» លោក Rogelio Braga បាន​ឆ្លើយតប​ថា លោក​សង្កេតឃើញ អ្នក​ដែល​ស្លាប់​ភាគច្រើន​ជា​អ្នក​ដែល​តដៃ​ជាមួយ​ប៉ូលិស​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប ដែល​នេះ​មានន័យថា ពួកគេ​មិន​ព្រម​ចុះចាញ់​តាម​សម្រួល​ហើយ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​។

​តែ​លោក​ក៏​មើលឃើញ​ផងដែរ​ថា ការ​អ្នកស្លាប់​មួយចំនួនទៀត​ជា​ជនរងគ្រោះ​ដោយសារ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ តែ​គេ​ត្រូវ​ដឹង​ដែរ​ថា​តើ​អាជ្ញាធរ​ឬ​អ្នកណា​ពិត​ប្រាកដជា​អ្នកធ្វើ​។ អ្នក​ទាំងនោះ​មិនមែន​ស្លាប់​ដោយ​សា្ន​ដៃ​ប៉ូលិស​ទាំងអស់​ឡើយ តែ​អាចជា​«​ករណី​ពាល​ស៊ី​ពាល​» ពោលគឺ​មេខ្លោង​គ្រឿងញៀន​បាញ់សម្លាប់​ពួកគេ​បំបិទមាត់​ទៅវិញ​។

«​ប្រជាជន​ហ្វីលីពីន​បានដឹងហើយថា ជនល្មើស​ដែល​ស្លាប់​មិនមែន​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ទាំងអស់ ទេ​។ ក្នុងចំណោម​អ្នកស្លាប់​មាន​ខ្លះ​ត្រូវ​ប៉ូលិស​បាញ់​ដោយសារ​គេ​រឹងទទឹង​មិន​ព្រម​ចុះ​ចាញ់ហើយ​បាញ់​ប៉ូលិស​ទៀត​។ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា ៤០​ភាគរយ​នៃ​អ្នកស្លាប់​ត្រូវគេ​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។ បច្ចុប្បន្ននេះ​ប៉ូលិស​និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត​រក​អ្នក​នៅ​ពីក្រោយ​ការសម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ ហើយ​គេ​វាយតម្លៃថា វា​ជាការ​សម្លាប់​ដើម្បី​បំបាត់​ភ័ស្តុតាង​ដោយ​មេខ្លោង​គ្រឿងញៀន ព្រោះ​គេ​ភ័យ​ថា ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​អាច​នឹង​ចូលខ្លួន​សារភាព​ចំពោះមុខ​រដ្ឋាភិបាល​»​។​

​រីឯ​លោក Joey dela Cruz ក៏​បកស្រាយ​ប្រហាក់ប្រហែលគ្នា​ផងដែរ​ថា រាល់​ការរិះគន់​ឬ​ថ្កោលទោស​លើ​ហ្វីលីពីន​ថា​រំលោភ​សិទ្ធិមនុស្ស វា​កើតឡើង​ដោយសារ​មិនមាន​ការស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​នោះ​។

​លោក​បន្តថា​៖«​បើ​និយាយ​ទៅ បញ្ហា​ប្រឈម​គឺ​ការយល់​និង​ដឹង​ឲ្យ​ច្បាស់​ថា​អ្នកណា​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​។ វា​មិនអាច​ត្រូវបាន​គេ​សន្និដ្ឋាន​ជាទូទៅ​ថា រដ្ឋាភិបាល​ជា​អ្នក​ដាក់​បញ្ជា​ដើម្បី​សម្លាប់​មនុស្ស​ទាំងនោះ ឡើយ​ព្រោះ​ពួកគេ​ជា​អ្នក​ដែល​អាចជា​សាក្សី ឬ​ជា​អ្នក​ដែល​រាយការណ៍​ព័ត៌មាន​បាន​។ ជាធម្មតា​ការសម្លាប់​មនុស្ស​ដែល​អាច​ផ្តល់ព័ត៌មាន​ច្បាស់​ការណ៍​ដល់​ប៉ូលិស​ឬ​អាជ្ញាធរ​បានជា​ការ​ចំអក​ឡក​ឡឺយ​មួយ​។ ដូច្នេះហើយ​ប៉ួលិ​ស​ត្រូវតែ​ត្រួតពិនិត្យ​រឿងនេះ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​»​។

៣.​ការគំរាមកំហែង​អាយុជីវិត​ប្រធានាធិបតីកើនឡើង​កាន់តែ​ខ្លាំង​
​ដូច​បានលើកឡើង​ខាងដើម​មកហើយ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នេះ​បកអាក្រាត​ថា​មាន​មនុស្ស​ច្រើនណាស់​នៅ​ហ្វីលីពីន​ដែល​ពាក់ព័ន្ធ​និង​រកស៊ី​ជួញដូរ​គ្រឿងញៀន ហើយ​ក្នុងចំណោម​នោះ​មាន​ទាំង​មន្ត្រី​តុលាការ​ផង អ្នកនយោបាយ​ផង អ្នកជំនួញ​ផង និង​កង​ម្លាំ​ង​ប្រដាប់អាវុធ​ថែមទៀត​។ ទោះ​តិច​ឬ​ច្រើន​វា​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​ដល់​ប្រធានាធិបតី​ចិត្តសឿង​និង​ជើង​ខ្លាំង Rodrigo Duterte បើ​អ្នកខាតបង់​ប្រយោជន៍​ព្រួត​គ្នា​ធ្វើបាប​លោក​នោះ​។​

​និយាយ​ដល់​សុវត្ថិភាព​ប្រធានាធិបតី លោក Rogelio Braga បាន​ទទួលស្គាល់ថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​គំរាមកំហែង​សុវត្ថិភាព​ក៏ដូចជា​តំណែង​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​ដែលជា​អតីត​ចៅហ្វាយក្រុង Davao ខ្លាំងណាស់ ក្នុងករណី​ដែល​បណ្តា​អភិជន​។ ដូច​ឃើញស្រាប់​ហើយ​ឧ​ត្ត​មនី​យ៍​យោធា និង​ប៉ូលិស អ្នកនយោបាយ ដែល​មានបាន​ដោយសារ​ឃុបឃិត​ជាមួយ​ចំ​នួ​ញ​ខុសច្បាប់​និង​កេងប្រវ័ញ្ច​រាស្ត្រ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​បញ្ហា​ជំនួញ​នេះ​។​

​លោក Rogelio Braga បាន​អះអាងថា​៖«​មកទល់ពេលនេះ​មាន​ប៉ូលិស​រាយការណ៍​ថា វា​មានការ​គំរាមកំហែង​ដល់​ជីវិត​របស់លោក និង​ស្នងការ​ប៉ូលិស​ជាតិ​ដែរ ព្រោះ​ដូច​ឃើញស្រាប់​ហើយ​អ្នកណាខ្លះ​ត្រូវ​លោក​បកអាក្រាត​។ ចំណែក​រឿង​តំណែង​របស់លោក​វិញ ខ្ញុំ​នៅតែ​មិនទាន់​ឃើញ​មាន​បញ្ហា​ធំដុំ​នៅឡើយ​ទេ​។ តែ​វា​នឹងមាន បើសិន​មានការ​ព្រួត​ដៃ​គ្នា​ពី​សំណាក់​ក្រុម​អ្នកនយោបាយ​និង​អភិជន​ដោយ​យក​បញ្ហា​ហិង្សា​ក្នុង​ស​ង្គ្រ​ម​គ្រឿងញៀន​ជា​សម្អាង​ដើម្បី​ប្រជែង​តំណែង​លោក​»​។​

​លោក Joey dela Cruz ឯនេះ​វិញ​ក៏​មើលឃើញ​ពី​បញ្ហា​ដូចគ្នា​ដែរ​។ លោក​បន្តថា​៖« ជាធម្មតា​ទេ វា​ពិតជា​មានការ​គំរាមកំហែង​សុវត្ថិភាព​ផ្ទាល់​លោក​ប្រធានាធិបតី ហើយ​លោក​ក្លា​ជា​គោលដៅ​របស់​ឧក្រិដ្ឋជន​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​។ វា​តែងតែ​កើតឡើង នៅពេលដែល​យើង​ព្យាយាម​ធ្វើ​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​របស់គេ ទោះ​ប្រយោជន៍​ស្រប​ឬ​ខុសច្បាប់​ក៏ដោយចុះ​»៕


Tag:
 Rodrigo Duterte
 ​ ភី​លី​ពី​ន
© រក្សាសិទ្ធិដោយ thmeythmey.com