ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អតីត​សិស្ស​និទ្ទេស​A៣​រូប ប្រាប់​ពី​ការត្រៀមខ្លួន​មុន និង​ក្នុងពេល​ប្រឡង​
14, Aug 2016 , 9:19 pm        
រូបភាព
​ការប្រឡង បាក់​ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦ នឹង​ឈាន​មកដល់​នៅ​សប្តាហ៍​ក្រោយ​។ នៅមុន​ការប្រឡង​មួយ​សប្តាហ៍​នេះ  អតីត​សិស្ស​៣​រូប ដែល​ទទួលបាន​និទ្ទេស​A នៅក្នុង​ឆ្នាំ​សិក្សា ២០១៣-២០១៤ ជា​ឆ្នាំ​ដែល​ក្រសួង​រឹតបន្តឹង និង​កែទម្រង់​វិស័យ​អប់រំ​លើកដំបូង បានបង្ហាញ​វិធីសាស្ត្រ​ត្រៀមខ្លួន មុនពេល​ប្រឡង និង​ក្នុងពេល​ប្រឡង រួម​នឹង​បទពិសោធន៍​មួយចំនួន តាមរយៈ​សារព័ត៌​ថ្មីៗ ទៅដល់​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​។



​នៅសល់​តែមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការប្រឡង​បាក់​ឌុប​សម្រាប់​ឆ្នាំ​ទី​៣ នៃ​សម័យ​កំណែទម្រង់​ការអប់រំ នឹង​ចាប់ផ្តើម​។ មុន​ការប្រឡង​មកដល់ អតីត​សិស្ស​និទ្ទេស​A ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ ដែល​ក្រសួង​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​លើកដំបូង​នោះ បាន​ប្រាប់​ពី​គន្លឹះ និង​ការ​រៀបចំខ្លួន រួម​នឹង​បទពិសោធន៍​មួយចំនួន​ទៅដល់​បេក្ខជន​ជាង​៩​ម៉ឺន​នាក់ ដែល​ត្រូវ​ចូលរួម​ប្រឡង​សម្រាប់​ឆ្នាំនេះ​។​

​យុវជន វណ្ណ លីដា ដែល​បាន​ពិន្ទុ ៩៩,៩៩៩ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅមុន​ពេល​ប្រឡង រូបគេ​មិនសូវ​សម្រុក​រៀន​ទេ គ្រាន់តែ​រំលឹក​មេរៀន​ចាស់ៗ និង​ទន្ទេញមេរៀន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ អតីត​សិស្ស​វិទ្យាល័យ​១០ មករា ១៩៧៩ ខេត្តសៀមរាប បញ្ជាក់ថា ធ្វើ​ដូចនេះ​ទើប​ខួរក្បាល​បាន​សម្រាក​ខ្លះ​។ វណ្ណ លីដា ក៏បាន​ប្រាប់​ពី​ការត្រៀមខ្លួន ដើម្បី​ទៅ​ប្រឡង​ដែរ​។ អ្នក​ខេត្តសៀមរាប​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មុនពេល​ប្រឡង ត្រូវ​ត្រៀម​សម្ភារ​សម្រាប់​ប្រឡង ឲ្យ​បាន​គ្រប់មុខ​ជៀសវាង​ការ​ភ្លេច ជាពិសេស​កាត​សិស្ស​។ ចំណែក​ពេល​ប្រឡង ដើម្បី​កុំ​ភ័យ ឬ​តានតឹង ត្រូវ​ដកដង្ហើម​វែងៗ ប្រមូល​អារម្មណ៍​ឲ្យ​ល្អ  ដើម្បី​ប្រឡង​ដោយ​រលូន​»​។ វណ្ណ លីដា ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា កត្តា​សុខភាព​ក៏​ជា​រឿង​សំខាន់​ដែរ ដូច្នេះ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​ល្អ មិនត្រូវ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ដែល​បង្ក​ឲ្យ​រាករូស ឬ​បញ្ហា​ផ្សេងៗ កើតឡើង​ក្នុងពេល​ប្រឡង​។


​ចំពោះ យុវជន រ៉េ​ន សុខ​ពេជ្រ អតីត​សិស្ស​និទ្ទេស​A លំដាប់​ពិន្ទុ​៩៩,៩៩១ មកពី​ខេត្តកណ្ដាល​វិញ ក៏បាន​ប្រាប់​ឲ្យ​បេក្ខជន ត្រូវ​ប្រមូល​អារម្មណ៍​ឲ្យ​ល្អ​ក្នុងពេល​ប្រឡង​ដែរ​។ សុខ​ពេជ្រ បញ្ជាក់ថា ការភ័យព្រួយ មិនបាន​ជួយ​អ្វី​នោះទេ មានតែ​ធ្វើ​ឲ្យ​ចុះខ្សោយ ប៉ះពាល់​ដល់​ប្រឡង​ប៉ុណ្ណោះ​។ សម្រាប់​រយៈពេល​មួយ​សប្តាហ៍​មុន​ការប្រឡង​នេះ​វិញ យុវជន រ៉េ​ន សុខ​ពេជ្រ បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា​វា​ជា​ពេលវេលា​ដែល​សិស្ស គួរតែ​ឈប់​ទៅ​រៀន​បន្ថែម​ម៉ោង តែ​ត្រូវ​រៀន​នៅផ្ទះ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង និង​ថែរក្សា​សុខភាព​ផង​។ សុខ​ពេជ្រ បន្តទៀតថា​នៅពេល​ប្រឡង បេក្ខជន​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​លំ​ហាត់​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់់ មុននឹង​ទៅ​ដោះស្រាយ​លំ​ហាត់​ផ្សេងទៀត​។


​កញ្ញា អ៊ិត ស្រី​ពៅ អតីត​សិស្ស​និទ្ទេស​A នៅ​វិទ្យាល័យ​សម្ដេច​សង្ឃ ជួន ណាត ក្នុង​ខេត្តកំពង់ចាម ក៏បាន​ប្រាប់​ពី​ការត្រៀមខ្លួន មុនពេល​ប្រឡង និង​ក្នុងពេល​ប្រឡង​ដែរ​។ ស្រី​ពៅ បាន​បញ្ជាក់ថា ការរៀន​ត្រៀមប្រឡង ត្រូវ​ឧស្សាហ៍​ធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើន ស្រាវជ្រាវ​លំ​ហាត់​ចាស់ៗ​និង​ថ្មីៗ​ថែ​ត​ទៀត​។ «​សម្រាប់​ពេល​ជិត​ប្រឡង ត្រូវ​តាំងចិត្ត​ធម្មតា មិន​ភ័យខ្លាច បើ​មាន​អារម្មណ៍​ភ័យខ្លាច មើល​មេរៀន​មិន​ចូល​ទេ​»​។ នេះ​ជាការ​បន្ថែម​របស់ សិស្ស​និទ្ទេស​A លំដាប់​ពិន្ទុ​៩៩,៩៩៧​រូបនេះ មុននឹង​នាង​រៀបរាប់​ពី​ការត្រៀមខ្លួន​ក្នុងពេល​ប្រឡង​យ៉ាង​ដូច្នេះ​ថា​៖« ក្នុងពេល​ប្រឡង​ត្រួវ​ចាំ​រូបមន្ត​ឲ្យ​ច្បាស់ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​លំ​ហាត់ ហើយ​ត្រូវ​មើល​ប្រធាន​ឲ្យ​ច្បាស់ មុននឹង​ដោះស្រាយ​លំ​ហាត់ ឬ​ឆ្លើយ​សំណួរ ចៀសវាង​ឆ្លើយ​ខុស​ប្រធាន នាំ​ឲ្យ​ខាត​ពេល​»​។


​គួរ​បញ្ជាក់ថា អតីត​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៣-២០១៤ ក្នុងចំណោម​១១​នាក់​នោះ មាន​បេក្ខជន​៣​រូប ដែល​បាន​បន្ត​ការសិក្សា​នៅ​បរទេស​។ យុវជន ចាន់ ពិចិត្រ និទ្ទេស​A ពិន្ទុ​១០០​ខ្ពស់បំផុត កំពុង​សិក្សា​នៅ​ប្រទេស​ថៃ យុវជន នាង បូ​រា សិស្ស​និទ្ទេស​A លំដាប់​ពិន្ទុ ៩៩,៩៨៩ បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​ស​រុស្សី និង​យុវតី អ៊ិន សុខ​ផល្គុន បាន​ចាក​ចេញទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១៣ សីហា ឆ្នាំ​២០១៦​នេះ​៕


Tag:
 និទ្ទេស​A
 ​ បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com