កីឡាជាតិ
ជាតិ
ហាប់​គី​ដូ​កម្ពុជា​ក្លាយជា​សមាជិក​របស់ Global Hapkido Association
15, Aug 2016 , 10:11 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​បាន​ក្លាយជា​សមាជិក​រប​ស់​សមាគម​កីឡា​ហាប់​គី​ដូ​ពិភពលោក​ក្រោយពី​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​សមាជិក​ពេញ​សិទ្ធ​នៃ Global Hapkido Association ក្នុង​កម្មវិធី Thailand Prime Minister Cup 2016 ដែល​រៀបចំ​ដោយ Global Hapkido Association និង​សហព័ន្ធ​ហាប់​គី​ដូ​អន្តរជាតិ IHF ព្រមទាំង​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​ថៃ​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៤ ខែសីហា ម្សិលមិញ​នេះ​។​



​នេះ​ជា​ប្រវត្តិសាស្ត្រ​លើ​ឆាក​អន្តរជាតិ​លើកដំបូង​របស់​ហាប់​គី​ដូ​កម្ពុជា​ដែលមាន​សកម្មភាព​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៦៩ បាន​ក្លាយជា​សមាជិករ​បស់​សមាគម​កីឡា​ហាប់​គី​ដូ​ពិភពលោក​បន្ទាប់ពី​បាន​ចុះ​ក្នុង​បញ្ជី​ជា​សមាជិក​ពេញ​សិទ្ធ​របស់ Global Hapkido Association កាលពីពេល​ម្សិលមិញ​នេះ​។ ការចុះបញ្ជី​នេះ​ធ្វើឡើង​អំឡុងពេល លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ហាប់​គី​ដូ​កម្ពុជា​ដើម្បី​ចូលរួម​កម្មវិធី Thailand Prime Minister Cup 2016 ក្នុងនាម​ជា​អ្នកសង្កេតការណ៍​កាលពី​ថ្ងៃទី​១៣-១៤ ខែសីហា​។​



​ការទទួលបាន​ការចុះ​បញ្ជី​ទទួលស្គាល់​ជា​សមាជិក​ក្នុង Global Hapkido Association នេះ​ត្រូវបាន លោក Kee  kwan Lee ស្ថាបនិក Global Hapkido Association ដែលមាន​ទីស្នាក់ការ​នៅ​អាមេរិក​បាន​បញ្ជាក់ថា ដោយសារ​កម្ពុជា​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​សំណាក់​គណកម្មការ​រប​ស់ Global Hapkido Association សម្រាប់​ការខិតខំ​ប្រឹងប្រែង​ចូល​រួមទាំង​ស្ថានភាព និង​សកម្មភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​មិនទាន់មាន​ភាពរឹងមាំ​។ លោក​បាន​បន្តថា នេះ​ជាការ​ខិតខំ​ប្រឹងប្រែង​ដែល Global Hapkido Association មិនអាច​មើលរំលង​កម្ពុជា​បាន ហើយ​លោក​នឹង​បន្ត​យកចិត្តទុកដាក់​ក្នុង​ការជួយ​ហាប់​គី​ដូ​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន និង​លេចធ្លោរ​នៅលើ​ឆាក​អន្តរជាតិ​។  

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​រូបនេះ​បាន​បញ្ចាក់ ការចូលរួម​ក​លើក​នេះ​កម្ពុជា​ទទួលបាន​បទពិសោធ​ន៍ និង​ផលប្រយោជន៍​ជាច្រើន​ដូចជា បាន​ចូលរួម​សិក្ខាសាលា​អំពី​ក្បាច់គុន​ហាប់​គី​ដូ ថែមទាំង​បាន​សិក្សា​ពី​តួនាទី និង​ជំនាញ​ធ្វើ​ចៅក្រម និង​អាជ្ញាកណ្តាល លើសពីនេះ​បាន​សិក្សា​ពី​របៀប​រៀបចំ​ការប្រកួត​ផ្សេងៗ ជាពិសេស​ទទួលបាន​កា​រ​អញ្ជើញ​ឲ្យ​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ម៉ិចស៊ិក​កូ នា​ថ្ងៃទី​២២-២៣ ខែកក្កដា ឆ្នាំ​២០១៧ ពី​សំណាក់ Global Hapkido Association ថែម​ទៀតផង​។

​លើសពីនេះ​កម្ពុជា​ទទួលបាន​បទពិសោធ​ន៍​ល្អៗ​ពី​សំណាក់​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ហាប់​គី​ដូ​ល្បីៗ​ដែល​មកពី​បណ្តា​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​ដូចជា លោក Kwang Suk Choi ព្រឹទ្ធាចារ្យ​ហាប់​គី​ដូ​មកពី​អាមេរិក​, លោក Kong Siriwatakul ប្រធាន​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​ថៃ និង​គ្រូ​ព្រឹទ្ធាចារ្យ​ជាច្រើនរូប​ទៀត​។ ជាពិសេស​ទទួល​បានកា​រ​ចែករំលែក​បទពិសោធ​ន៍​ពី​លោកគ្រូ​ក្បាច់គុន​ដែលមាន​ដើមកំណើត​ពី​ប្រទេស​កូរ៉េ គឺ លោក Kee  kwan Lee ស្ថាបនិក Global Hapkido Association ដែលមាន​ទីស្នាក់ការ​នៅ​អាមេរិក​។​

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​កំពុង​បំពេញបេសកកម្ម​ដឹកនាំ​កីឡាករ​កីឡាការិនី​កម្ពុជា​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល បាន​សរសេរ​សារ​អបអរសាទរ​ចំពោះ​ហាប់​គី​កម្ពុជា​ដែលមាន​សកម្មភាព​នៅលើ​ឆាក​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​បាន​ជូនពរ​ឲ្យ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា មាន​ទំនាក់ទំនង និង​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ធ្វើ​ឲ្យ​ហាប់​គី​ដូ​កម្ពុ​ជាមាន​សកម្មភាព​លើ​ឆាក​អន្តរជាតិ​៕


Tag:
 ហាប់​គី​ដូ​
  គង់ ចាន់​ធី​ណា
© រក្សាសិទ្ធិដោយ thmeythmey.com