ជាតិ
វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ​បើក​សិក្ខាសាលា​ស្តីអំពី “​ប្រសិទ្ធភាព​នៃ​ជំនាញ​ទំនាក់ទំនង​”
15, Aug 2016 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ពង្រឹងសមត្ថភាព​ទំនាក់ទំនង​ក្នុង​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព កាលពី​សប្តាហ៍​កន្លងទៅ​នេះ វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​អញ្ជើញ​វាគ្មិន មកពី “​សេវា​ខ្មែរ​ពិគ្រោះ​យោបល់ និង​ចិត្តសាស្ត្រ​” ដែល​ហៅ​កាត់​ថា (KCPS) ក្នុងនោះ​រួមមាន ដុក​ទ័​រ មេ​ហ្គា​ន ខា​ទ័​រ (Megan Carters) ចិត្ត​វិទ្យា ផ្នែក​គ្លីនិក បានបញ្ចប់​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អូស្ត្រាលី និង​មាន​បទពិសោធ​ជាមួយ​កុមារ​ក្នុង​មន្ទីរពេទ្យ និង​សាលារៀន​ជាច្រើន​ឆ្នាំ និង​កញ្ញា ម៉ាក ចាន់​សុផល អនុបណ្ឌិត​ចិត្ត​វិទ្យា​ពី​ប្រទេស​ហ្វីលីពីន ដែលជា​អ្នកពិគ្រោះ​យោបល់ មានបទពិសោធន៍​ការងារ​ពិគ្រោះ យោបល់​ជាមួយ​កុមារ និង​បង្រៀន​ជាច្រើន​ឆ្នាំ មក​បើក​វគ្គ​សិក្ខាសាលា​ស្តីអំពី “​ប្រសិទ្ធភាព​នៃ​ជំនាញ ទំនាក់ទំនង​” ដែល​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ អា​ឡិច គួច នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង សាខា ទួលគោក ដែលមាន​អ្នកចូលរួម​ប្រមាណ​១៩៤​នាក់​។​



​លោក កែវ ឡង់ឌី អគ្គនាយក​អប់រំ និង​ប្រធាន​ទំនាក់ទំនង​ទូទៅ នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​មានប្រសាសន៍​ឱ្យដឹងថា គោលបំណង​នៃ​ការរៀបចំ​ឱ្យមាន​វគ្គ​សិក្ខាសាលា នេះ​គឺ ដើម្បីឱ្យ​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់ ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប ទំនាក់ទំនង ក្នុង​ការងារ ក៏ដូចជា​ការបង្រៀន​សិស្ស​ដែល​ទាក់ទង​ទៅនឹង​ការប្រាស្រ័យ​ទាក់ទង ការប្រើប្រាស់​ពាក្យ សម្តី និង​ភាសា​កាយវិការ​ជាដើម​។ លោក​បាន​បញ្ជាក់ថា ”​ទំនាក់ទំនង​“ គឺជា​វិធីសាស្ត្រ​មួយ​នៃ​ចិត្ត សាស្ត្រ​ក្នុងការ​ឈ្វេងយល់​ពី​ចិត្ត​មនុស្ស តាមរយៈ​ការនិយាយស្តី កាយវិការ និង​ទឹកមុខ​មនុស្ស ហើយក៏ មាន​សារៈសំខាន់​ដែរ​សម្រាប់​លោកគ្រូ អ្នកគ្រូ ក្នុងការ​បង្រៀន​សិស្ស ថា​តើ​ពួកគាត់​មាន​បញ្ហា​អ្វី ហើយ ត្រូវការ​ជំនួយ​អ្វី​ពី​យើង ពេលនោះ​លោកគ្រូ អ្នកគ្រូ នឹង​ដឹង​ច្បាស់លាស់​អំពី​តម្រូវការ​របស់​សិស្ស​។​



​ជាមួយគ្នានេះដែរ កញ្ញា ម៉ាក ចាន់​សុផល បានឱ្យដឹងថា ”​ជំនាញ​ទំនាក់ទំនង​ពិតជា​មាន សារៈសំខាន់​ណាស់​សម្រាប់​សិក្ខាកាម​នៅថ្ងៃនេះ ពួកគាត់​អាច​យល់​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ ក្រុមការងារ​ចាប់ពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ជាពិសេស​ជាមួយ​កូនសិស្ស​ផ្ទាល់​“​។ កញ្ញា​បាន​លម្អិត អំពី​ជំនាញ​ទំនាក់ទំនង “​អ្វីដែល​យើង​ចង់បាន នោះ​គឺ​មនុស្ស​និយាយ​ត្រង់ ប៉ុន្តែ​វប្បធម៌​យើង​ពិបាក ទទួលយក​ណាស់ ព្រោះ​វប្បធម៌​ខ្មែរ​ពុំ​ហ៊ាន​និយាយ​អ្វី​ត្រង់​ទេ ដោយហេតុ​ផល​ថា​ទុក​មុខ​ទុក​មាត់​ឱ្យ គ្នា​ផង​។ ប៉ុន្តែ​បើ​យើង​មិន​និយាយ​ចេញមក​ដោយ​ត្រង់ៗ​ទេ នោះ​យើង​នឹងមាន​បញ្ហា​ជាពុំខាន​នៅ​ថ្ងៃ ក្រោយ​”​។​

​ក្នុងឱកាស​នោះដែរ នាយក​ផ្នែក​កម្មវិធី​ភាសា​ចិន លោក សាំង រី ជា​សិក្ខាកាម​ម្នាក់​ក្នុងចំណោម សិក្ខាកាម​ផ្សេងៗ ក៏បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ផងដែរ​ថា ”​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​សាលា​យើង បង្កើត​កម្មវិធី​នេះ ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ទន់​ដល់​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ឱ្យ​យល់​ពី សារៈសំខាន់​នៃ​ការទំនាក់ទំនង​គ្នា ចំណែក​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើន​ពី​សិក្ខាសាលា​នេះ ជាពិសេស ជំនាញ​ទន់​តែម្តង​។ មែនទែនទៅ​ជំនាញ​ទន់​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​អ្នករស់នៅ​ក្នុង សតវត្សរ៍​ទី​២១​នេះ ជាក់ស្តែង​ការប្រាស្រ័យ​ទាក់ទង​រវាង​លោកគ្រូ អ្នកគ្រូ និង​សិស្ស ហើយ​អ្វីដែល​ល្អ ជាងនេះទៀត​នោះ គឺ​ពួកយើង​បាន​យល់​អំពី​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ក្រុមការងារ ក្រុមគ្រួសារ និង សង្គម​កាន់តែ​ប្រសើរឡើង​រវាង​អ្នក​និយាយ និង​អ្នកទទួល​“៕

(អត្ថបទសាលា)


© រក្សាសិទ្ធិដោយ thmeythmey.com