អន្តរជាតិ
អាមេរិក បង្ហាញ​កម្លាំង​យន្តហោះ B-1, B-2 និង​B-52 រួមគ្នា​នៅ​ប៉ាស៊ីហ្វិក​
15, Aug 2016 , 8:19 pm        
រូបភាព
​ក្នុង​គោលដៅ​ធានា​សុវត្ថិភាព​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី ក៏ដូចជា​ការបង្ហាញ​សាច់ដុំ​នោះ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទាំងបី​ប្រភេទ​របស់​កងកម្លាំង​ទ័ពអាកាស​អាមេរិក នឹង​ហោះ​ជុំគ្នា​ជា​លើកដំបូង​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ ការប្រកាស​ពី​ការហោះហើរ​ជុំគ្នា​នេះ ធ្វើឡើង ស្របពេល​ដែល​ភាព​តានតឹង​នៅ​តំបន់​នេះ កំពុង​ឡើងក​ម្ដៅ​ខ្លាំង​ដោយសារ​ការ​ប្រជែង​ឥទ្ធិពល​ក្នុង​តំបន់ និង​ជម្លោះ​ដែនទឹក​ដែល​រួមបញ្ចូល​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​ផងដែរ​នោះ​។​



​សហរដ្ឋអាមេរិក​អះអាងថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 B-2 និង​B-52 នឹង​បង្ហាញមុខ​ជាមួយគ្នា​ជា​លើកទីមួយ លើ​ដែនអាកាស​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​ជាការ​បង្ហាញ​កម្លាំង​ផង និង​ជាការ​ធានា​ពី​ជំហរ​ខ្លួន​ដល់ដៃ​គូ​នៅ​អាស៊ី​ផង​។ យន្តហោះ B-1 ដែល​ទៅដល់​មូលដ្ឋាន​កោះ Guam កាលពី​ថ្ងៃទី​៦ ខែសីហា នឹង​ជំនួស​យន្តហោះ​ចាស់វស្សា B-52 ក្នុង​ការបន្ត​រក្សា​វត្ត​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅក្នុង​តំបន់​។

​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ទីបញ្ជាការ​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​អាមេរិក​និយាយ​ដែរ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 ចំនួន​បី​គ្រឿង​ទៀត ក៏បាន​ទៅដល់​មូលដ្ឋាន​លើ​កោះ​Guam ហើយ​ដែរ ក្នុង​គោលដៅ​ដូចគ្នា គឺ​ការបន្ត​វត្តមាន​យន្តហោះ​យុទ្ធសាស្ត្រ និង​ពង្រឹងកម្លាំង​។ សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា វត្តមាន B-1 និង​B-2 គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​យូរអង្វែង ក្នុង​ការរក្សា​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់​ប៉ាស៊ីហ្វិក​ឥណ្ឌូចិន ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់​។

​ចំណែក​រដ្ឋមន្ត្រី​កងទ័ពអាកាស លោកស្រី Deborah Lee James បាន​សរសេរ​លើ​ទំព័រ​Twitter របស់លោក​ស្រី ថា​៖« នេះ​ជា​លើកទីមួយ ដែល​យន្តហោះ B-52, B-1 និង B-2 ធ្វើ​ប្រតិបត្តិការ​រួមគ្នា​លើ​ដែន​បញ្ជា​របស់​ទីបញ្ជាការ​ប៉ាស៊ីហ្វិក​។​» នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត The Japanese Times​។

​តាមពិតទៅ ការហោះហើរ​រួមគ្នា​ជា​លើកដំបូង​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទាំងបី​នេះ គឺ​ហាក់ដូចជា​ចំពេល​ដែល​ការប្រឈមមុខ​កាន់តែខ្លាំង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ជាមួយនឹង​គូប្រជែង​ចិន និង​កូរ៉េខាងជើង​។ កាលពីពេល​ថ្មី​នេះ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់ខ្លួន ដែល​នោះ​ជា​លើកដំបូង​មី​ស៊ី​ល​ក្រុង​ព្យុងយ៉ាង ធ្លាក់ចូល​ដែនទឹក​របស់​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន បារម្ភ​យ៉ាងខ្លាំង​។

​ទន្ទឹមគ្នា​នឹង​សកម្មភាព​កូរ៉េខាងជើង ចិន​ឯណោះ ក៏​បញ្ចេញ​សកម្មភាព​របស់ខ្លួន​កាន់តែខ្លាំង​ផងដែរ​។ ទាំង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត តំបន់​សមុទ្រ​ទាំងពីរ​នេះ​សុទ្ធតែជា​ចំណុច​ជម្លោះ​ដែល​រសើប និង​ក្ដៅគគុក​រវាង​ចិន និង​បណ្ដា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អាមេរិក មាន​ជប៉ុន និង​ហ្វីលីពីន​ជាដើម​៕


Tag:
 អាមេរិក​
  ​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com