កីឡាជាតិ
ជាតិ
ក្រោយ​ឆ្លងកាត់​ភ្លៀងខ្យល់​ទ្រី​យ៉ា​ត្លុង​ស្វែង​រកឃើញ​ម្ចាស់​ជើងឯក​ប្រចាំ Triathlon Training Camp
19, Aug 2016 , 7:07 pm        
រូបភាព
ដោយ:
ក្រោយពី​ធ្វើការ​ប្រកួត​ហាលខ្យល់​ហាលភ្លៀង​អស់​រយៈពេល៣ថ្ងៃ​ចាប់ពី​ថ្ងៃទី១៧-១៩ ខែសីហា នៅ​ទី​រួម​ខេត្ត​កែប សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​ស្វែង​រកឃើញ​ម្ចាស់​ជើងឯក​ទាំងពីរ​ប្រភេទ​វិញ្ញាសា​ប្រចាំ​ព្រឹត្តិការណ៍ Triathlon Training Camp របស់ខ្លួន ដោយ​កីឡាករ នាង ពិសិដ្ឋ ម្ចាស់​ជើងឯក​ផ្នែក​បុរស និង​កីឡាការិនី រ័ត្ន សេងហុង គ្រង​ជើងឯក ផ្នែក​នារី។

 

ទោះបី​ជាមាន​ភ្លៀង​ក្នុងអំឡុងពេល​ប្រកួត​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការប្រកួត Triathlon Training Camp ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បានបញ្ចប់​ដោយ​ជោគជ័យ និង​ស្វែង​រកឃើញ​ម្ចាស់​ជើងឯក​របស់ខ្លួន​ទាំងពីរ​ប្រភេទ​វិញ្ញាសា។ 

ការប្រកួត​ដែល​ធ្វើឡើង​នៅ​ទី​រួម​ខេត្ត​កែប​រយៈពេល៣ថ្ងៃ​ចាប់ពី​ថ្ងៃទី១៧-១៩ ខែសីហា សម្រាប់​វិញ្ញាសា​បុរស​ហែល​ទឹក១.៥គីឡូម៉ែត្រ ជិះ​កង់៤០គីឡូម៉ែត្រ និង​រត់​ចម្ងាយ១០គីឡូម៉ែត្រ ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាករ នាង ពេជ្រ​ពិសិដ្ឋ ឬ​ឯ​លេខ២បាន​ទៅ ឈុន ប៊ុនថន និង​លេខ៣បាន​ទៅ​កីឡាករ សៃ សុភ​ស។

ចំណែក​វិញ្ញាសា​ផ្នែក​នារី​ហែល​ទឹក៧៥០ម៉ែត្រ ជិះ​កង់២០គីឡូម៉ែត្រ និង​រត់​ចម្ងាយ៥គីឡូម៉ែត្រ​ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាការិនី រ័ត្ន សេងហុង ឬ​ឯ​កីឡាការិនី ផល រតនា ទទួលបាន​ចំណាត់ថ្នាក់​លេខ២ និង​លេខ៣បាន​ទៅ​កីឡាការិនី ថន សុ​ម៉ា​វ​តី។ 

លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​បញ្ចា​ក់ថា ការប្រកួត Triathlon Training Camp បានបញ្ចប់​ដោយ​ជោគជ័យ​ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ប្រកួត​យ៉ាងណាក៏ដោយ។ ការប្រកួត​នេះ​បានធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​បាន​ស្គាល់​ពី​របៀបរបប​ប្រកួត​បែប​ស្តង់ដា និង​ធ្វើ​ឲ្យ​ពួកគេ​បាន​ផ្លាស់ប្តូរ​បរិយាកាស ជាពិសេស​ធ្វើ​ឲ្យ​កីឡាករ​ទាំងនេះ​អាច​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់ខ្លួន​ដែល​បាន​ហ្វឹកហាត់​នាពេល​កន្លងមក។ លោក​បញ្ជាក់ទៀតថា ភ្លៀងខ្យល់ និង​កំដៅថ្ងៃ ជា​ឧបសគ្គ​ដ៏​ល្អ​សម្រាប់​កីឡាករ​ដែល​ត្រូវ​ជម្នះ៕

Tag:
 ទ្រី​យ៉ា​ត្លុង
  ងិន សុ​បញ្ញា
  Triathlon Training Camp
© រក្សាសិទ្ធិដោយ thmeythmey.com